កម្ពុជាចាំបាច់ត្រូវត្រៀមខ្លួន និងសម្របខ្លួនឱ្យបានឆាប់រហ័សចំពោះការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ខណៈបច្ចេកវិទ្យានេះកំពុងជះឥទ្ធិពលកាន់តែខ្លាំងលើតួនាទីការងារ ដំណើរការការងារ និងគំរូការងារនៅក្នុងវិស័យផ្សេងៗ។
មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរដែល AI កំពុងនាំមកដល់ទីផ្សារការងារ និងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា AI បានក្លាយជាបច្ចេកវិទ្យាដ៏មានសក្តានុពលបំផុតមួយនាពេលបច្ចុប្បន្ន ដែលតម្រូវឱ្យកម្ពុជាគិតគូរទាំងចំពោះមុខ និងរយៈពេលវែង ដើម្បីចាប់យកឱកាស និងទទួលបានអត្ថប្រយោជន៍ពីការវិវត្តនៃបច្ចេកវិទ្យានេះ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការវិវត្តឥតឈប់ឈររបស់ AI បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើតួនាទីការងារ ដំណើរការការងារ និងគំរូការងារនៅក្នុងវិស័យផ្សេងៗ។ ការផ្លាស់ប្តូរនេះ ទាមទារឱ្យកម្លាំងពលកម្មសកម្មរបស់កម្ពុជា ជាពិសេសយុវជន និងនិស្សិត ដែលជាថ្នាលដ៏សំខាន់ នៃកម្លាំងពលកម្ម ត្រូវចេះសម្របខ្លួន និងរៀនសូត្រឱ្យបានឆាប់រហ័ស។

ឯកឧត្តមបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនទទួលស្គាល់ពីឥទ្ធិពលរបស់ AI មិនយកចិត្តទុកដាក់ មិនត្រៀមខ្លួនឱ្យបានរួចរាល់ និងមិនបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានទាន់ពេលវេលាទេ កម្ពុជាអាចបាត់បង់ឱកាស និងប្រឈមនឹងការដើរក្រោយគេ ទាំងក្នុងកម្រិតបុគ្គល ស្ថាប័ន និងកម្រិតជាតិ។
«យើងនឹងបាត់បង់ឱកាស ហើយដើរក្រោយគេ» ប្រសិនបើមិនបានត្រៀមខ្លួនទាន់ពេលចំពោះការវិវត្តនៃ AI
សម្រាប់ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការរីកចម្រើនរបស់ AI និងស្វ័យប្រវត្តិកម្ម អាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងទីផ្សារការងារ ជាពិសេសចំពោះការងារដែលមានលក្ខណៈដដែលៗ ឬការងារដែលអាចអនុវត្តដោយម៉ាស៊ីន និងប្រព័ន្ធស្វ័យប្រវត្តិ។ ឯកឧត្តមថា ការងារមួយចំនួនអាចប្រឈមនឹងការថយចុះ ឬបាត់បង់ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា។ បម្រែបម្រួលទាំងនេះនឹងតម្រូវឱ្យកម្លាំងពលកម្មអភិវឌ្ឍជំនាញថ្មីៗ និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីអាចសម្របខ្លួនទៅនឹងតម្រូវការការងារដែលកំពុងផ្លាស់ប្តូរ និងទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា AI។
ដូចគ្នានេះដែរ លោក អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានលើកឡើងថា ការវិវត្តរបស់ AI ត្រូវបានមើលឃើញថា នឹងបន្តផ្លាស់ប្តូររបៀបធ្វើការ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារ ដូច្នេះការរៀបចំធនធានមនុស្សឱ្យមានជំនាញសមស្រប និងសមត្ថភាពសម្របខ្លួន នឹងក្លាយជាកត្តាសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាភាពប្រកួតប្រជែង និងចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថល៕











































































