ការសម្រេចចិត្តជ្រើសរើសជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) របស់និស្សិតកម្ពុជា ជាពិសេសស្ត្រី ត្រូវបានជះឥទ្ធិពលដោយកត្តាផ្ទាល់ខ្លួន និងកត្តារចនាសម្ព័ន្ធសង្គម ខណៈ «ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន» គឺជាកត្តាសំខាន់បំផុតដែលនិស្សិតទាំងបុរស និងស្ត្រីលើកឡើង។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីភាពខុសគ្នារវាងយេនឌ័រក្នុងការអប់រំ និងការងារ STEM នៅកម្ពុជា (GENDER DYNAMICS AND DISPARITIES IN CAMBODIA’S SCIENCE, TECHNOLOGY,ENGINEERING, AND MATHEMATICS SECTOR) ចុះផ្សាយថ្មីៗនេះថា ការចុះឈ្មោះចូលរៀនជំនាញ STEM របស់ស្ត្រីនៅតែមានកម្រិតទាប បើប្រៀបធៀបនឹងបុរស បើទោះបីចំនួនស្ត្រីចូលរៀនថ្នាក់ឧត្តមសិក្សាសរុបមានការកើនឡើងយ៉ាងច្រើនក៏ដោយ។
របាយការណ៍បញ្ជាក់ថា ស្ត្រីមានត្រឹមប្រមាណ ១៧% នៃនិស្សិត STEM នៅកម្រិតឧត្តមសិក្សា ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានគម្លាតយេនឌ័រក្នុងការសិក្សា STEM ខ្ពស់។
ភាពខុសគ្នានេះកាន់តែច្បាស់នៅក្នុងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដែលជាជំនាញសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។

ដោយផ្អែកលើទិន្នន័យពីជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩ ក្នុងក្រុមអាយុវ័យក្មេងពី ១៨ ដល់២៥ឆ្នាំ ស្ត្រីដែលចូលរួមក្នុងវិស័យវិស្វកម្ម និង ICT មានប្រមាណតែ ៥% ខណៈបុរសមានដល់ ២២%។
ទោះជាយ៉ាងណា ករណីខុសគ្នាត្រូវបានសង្កេតឃើញក្នុងជំនាញ វិទ្យាសាស្ត្រសុខាភិបាល ដែលស្ត្រីមានការចូលរួមខ្ពស់ជាងបុរស។ ដូច្នេះ ជារួម ការចូលរៀនជំនាញ STEM របស់ស្ត្រីទាបជាងបុរស លើកលែងតែវិស័យសុខាភិបាល។
«ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន» ជាកត្តាសំខាន់
ADB រកឃើញថា សម្រាប់ទាំងបុរស និងស្ត្រី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន គឺជាមូលហេតុចម្បងបំផុតដែលជំរុញឱ្យពួកគេសម្រេចចិត្តសិក្សាជំនាញ STEM។
ប៉ុន្តែ បុរសមានលទ្ធភាពលើកឡើងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនជាកត្តាជំរុញការជ្រើសរើស STEM ខ្ពស់ជាងស្ត្រីប្រមាណ ៨ពិន្ទុភាគរយ។ ទោះមានគម្លាតនេះក៏ដោយ ចំណាប់អារម្មណ៍ផ្ទាល់ខ្លួននៅតែជាកត្តាសំខាន់សម្រាប់ស្ត្រីក្នុងការជ្រើសរើសជំនាញ STEM។
របាយការណ៍ពន្យល់ថា ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនអាចកើតចេញពីការទទួលបានបទពិសោធន៍ និងការប៉ះពាល់ជាមួយវិស័យ STEM តាំងពីការអប់រំដំបូង ដូចជាសកម្មភាពពាក់ព័ន្ធនឹង STEM និងគម្រោងសិក្សាផ្សេងៗ។
ទោះជាយ៉ាងណា ADB បញ្ជាក់ថា នៅមិនទាន់ច្បាស់ថា តើចំណាប់អារម្មណ៍ផ្ទាល់ខ្លួននេះត្រូវបានបង្កើតឡើងដោយកត្តាផ្ទៃក្នុង កត្តាខាងក្រៅ និងកត្តាប្រជាសាស្ត្រយ៉ាងដូចម្តេចនោះទេ។ ដូច្នេះ ត្រូវការការសិក្សាបន្ថែម ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីកត្តាសង្គម និងរចនាសម្ព័ន្ធដែលជួយបង្កើតចំណាប់អារម្មណ៍របស់សិស្ស និងនិស្សិតក្នុងការជ្រើសរើសជំនាញទាំងនេះ។

ADB បានសង្កត់ធ្ងន់ថា ទោះបីការចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សារបស់ស្ត្រីកម្ពុជាមានការកើនឡើងក៏ដោយ កំណើននេះមិនទាន់បានប្រែក្លាយទៅជាកំណើនសមាមាត្រនៃការចូលរៀនជំនាញ STEM នៅឡើយទេ។
ការខ្វះខាតស្ត្រីក្នុងវិស័យ STEM ជាពិសេសវិស្វកម្ម និង ICT ក៏អាចក្លាយជាបញ្ហាប្រឈមសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍកម្លាំងពលកម្មឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចឌីជីថល និងបៃតងដែលកំពុងរីកចម្រើនផងដែរ។
ឆ្លើយតបនឹងការលើកឡើងរបស់របាយការណ៍ ADB អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បានប្រាប់ AMS ថា លោកស្រីសុំមិនអត្ថាធិប្បាយរបាយការណ៍ខាងលើ តែលោកស្រីបានពន្យល់ពីទិដ្ឋភាពជាក់ស្តែងក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះថា ក្នុងចំណោមបេក្ខជនដែលជ្រើសរើស ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនជានារីច្រើនជាងបេក្ខជនជាបុរស៕












































































