ប៉េកាំង៖ កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ក្រុមហ៊ុនអាជីវកម្មថ្មី Startup មួយរបស់ចិនបាញ់បង្ហោះរ៉ូបូតមួយប្រភេទរបស់ខ្លួនទៅក្នុងគន្លងតារាវិថី ស្ថិតនៅក្នុងកម្រិតទាបក្នុងបំណងបោសសំអាត និងចាប់យកកាកសំណល់ក្នុងលំហអាកាសតាមរយៈបច្ចេកវិទ្យាបាញ់សំណាញ់ដ៏ធំមួយចេញពីរ៉ូបូត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CAN ។
រ៉ូបូតដែលត្រូវបានគេស្គាល់ឈ្មោះថា NEO-01 នឹងមានប្រតិបត្តិការចូលទៅក្នុងជ្រៅនៃលំហអាកាស ដើម្បីត្រួតពិនិត្យផ្នែកផ្សេងៗនៃភពតូចៗ។ រ៉ូបូតនេះបានបាញ់បង្ហោះដោយគ្រាប់រ៉ូកែតរបស់រដ្ឋាភិបាលចិន Long March-6 ជាមួយផ្កាយរណបជាច្រើនទៀត។
ម៉ាស៊ីនរ៉ូបូតតូចមួយនេះមានទំហំត្រឹមតែ 30 គីឡូក្រាមប៉ុណ្ណោះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនស្រាវជ្រាវអាវកាសរបស់ចិន Origin Space ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Shenzhen ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាឧបករណ៍ត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យានាអនាគតដែលប្រើប្រាស់សម្រាប់កិច្ចការងារជីករករ៉ែចេញពីដុំអាចន៍ផ្កាយនានា។

គួររំលឹកដែរថា ចាប់តាំងតែពីបានបង្កើតឡើងក្រុមហ៊ុនជីករករ៉ែពីអាចន៍ផ្កាយដែលមានឈ្មោះថា Planetary Resource កាលពីឆ្នាំ 2009 មកបច្ចុប្បន្ននេះក្រុមហ៊ុនជាច្រើនទៀតមកពីជុំវិញពិភពលោក បានបង្កើតបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ក្នុងវិស័យនេះ ដូចជា 3D Systems របស់អាមេរិក និង Astroscale របស់ជប៉ុន។
ខុសគ្នាពីបច្ចេកវិទ្យារបស់ Astroscale ដែលប្រើប្រាស់មេដែកក្នុងការប្រមូលយកកាកសំណល់ក្នុងលំហអាកាសនោះ NEO-01 របស់ចិននឹងធ្វើការប្រើប្រាស់សំណាញ់ដ៏ធំមួយជំនួសវិញ អាចចាប់យកកាកសំណល់អាកាសទាំងនោះ ហើយបន្ទាប់មកក៏ដុតវាចោលតាមរយៈប្រព័ន្ធអគ្គិសនីរបស់ខ្លួន។
យោងតាមការបញ្ជាក់របស់លោក Su Meng ស្ថាបនិករបស់ក្រុមហ៊ុន Origin Space បានបញ្ជាក់ថា ក្រៅតែពីប្រតិបត្តិការ NEO-01 ក្រុមហ៊ុនក៏មានគម្រោងបាញ់បង្ហោះឧបករណ៍ស្រាវជ្រាវនិងឃ្លាំមើលអវកាស និងយានអវកាសជាច្រើនទៀត ដើម្បីសម្រេចផែនការចាប់ផ្តើមជំនួញជីករករ៉ែពីដុំអាចន៍ផ្កាយឱ្យបាននៅក្នុងឆ្នាំ 2045 ខាងមុខ៕


ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។














































































