តើបុគ្គលិក និងស្ថាប័ននៅកម្ពុជា គួរត្រៀមខ្លួនបែបណា សម្រាប់ការមកដល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត?

ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យា OpenAI បានដាក់ឱ្យប្រើប្រាស់ ChatGPT នៅចុងខែវិចិ្ឆកាឆ្នាំមុនរួចមក មនុស្សជាច្រើន ជាពិសេស អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត បញ្ញាវន្ត បុគ្គលិកក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅឥទ្ធិពលនៃបច្ចេកវិទ្យាថ្មីនេះ រហូតដល់ថ្នាក់ បុគ្គលិកក្រុមហ៊ុន Amazon ក៏បានសាកល្បងប្រើប្រាស់ ChatGPT ដើម្បីជំនួយដល់ដំណើរការការងាររបស់គេផងដែរ។ ក្រោយពីបានសាកល្បងប្រើមួយរយៈ គេបានលើកឡើងថា បច្ចេកវិទ្យានេះធ្វើការបានយ៉ាងល្អ ក្នុងការឆ្លើយសំណួរទៅកាន់អតិថិជន ការបង្កើតឯកសារសម្រាប់ការបណ្ដុះបណ្ដាលផ្សេងៗ និងបង្កើតយុទ្ធសាស្ត្រទីផ្សារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជាច្រើនជុំវិញពិភពលោក បានជូនដំណឹងអំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) នឹងកាត់បន្ថយការងារមួយចំនួន ជាពិសេសការងារដដែល និងការងារប្រើកម្លាំងពលកម្មខ្លាំង។

ការសិក្សាមួយរបស់សាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ២០១៣ បានរកឃើញថា ៤៧ភាគរយ នៃការងារនៅសហរដ្ឋអាមេរិកអាចត្រូវជំនួសដោយបញ្ញាសិប្បនិម្មិត ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ប៉ុន្តែការព្យាករណ៍នោះហាក់ដូចជាមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ ចំណែកការសិក្សាថ្មីមួយរបស់ Goldman Sachs បានរកឃើញថា​ បញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មី អាចប៉ះពាល់ដល់ការងារពេញម៉ោងចំនួន ៣០០ លាននៅទូទាំងពិភពលោក ដែលឥទ្ធិពលនេះនឹងធ្វើឱ្យមានការប្រែប្រួលនៃទីផ្សារការងារយ៉ាងខ្លាំង។

យោងតាម របាយការណ៍ដែលចេញផ្សាយដោយ វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) មានឈ្មោះថា អនាគតនៃទីផ្សារការងារ (Future of Jobs) បានបង្ហាញថា ​ការងារដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតដូចជា អ្នកជំនាញផ្នែកម៉ាស៊ីនសិក្សា (machine learning specialist) អ្នកវិភាគទិន្នន័យ (data analyst) អ្នកវិទ្យាសាស្ត្រ និងអ្នក​ឯកទេសផ្នែកឌីជីថល (digital transformation specialist) នឹងមានតម្រូវការខ្ពស់ក្នុងរយៈពេលដ៏ខ្លី។ ស្របនឹងរបាយការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Accenture បានបង្ហាញថា ការជំរុញឱ្យបុគ្គលិករៀនអំពីរបៀបនៃការប្រើបញ្ញាសិប្បនិមិ្មត (AI) ឱ្យមានប្រសិទ្ធភាព នឹងក្លាយជាគន្លឹះដែលជួយឱ្យក្រុមហ៊ុនអាចមានលទ្ធផលដំណើរការ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដោយជោគជ័យ។

ជំនាញវិភាគទិន្នន័យ គឺជាជំនាញមួយក្នុងចំណោមជំនាញជាច្រើនទៀត នៃអនាគតទីផ្សារការងារ

ក្នុងបរិបទសកលភាវូបនីយកកម្ម កម្ពុជា ក៏ទទួលឥទ្ធិពលនៃបច្ចេកវិទ្យានេះផងដែរ ដោយតម្រូវឱ្យសាធារណៈជន បញ្ញាវន្ត ស្ថាប័នរដ្ឋ និងឯកជន បុគ្គលិក និងម្ចាស់ក្រុមហ៊ុន ត្រូវត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការមកដល់នៃរលកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាចាំបាច់។

យោងតាមគេហទំព័ររបស់ស្ថាប័នអង្គការមិនយកប្រាក់កម្រៃក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា PEPY លើកកម្ពស់យុវជន (PEPY Empowering Youth) ក៏បានបង្ហាញពីត្រៀមខ្លួនក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងស្ថាប័នរបស់គេផងដែរ។ ស្ថាប័នដែលមានមូលដ្ឋានក្នុងខេត្តសៀមរានេះ បានលើកឡើងថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) អាចជួយសម្រួលដល់ការដំណើរការងារដោយស្វ័យប្រវត្តិ និងសម្រួលដល់ការសម្រេចចិត្ត, វិភាគទិន្នន័យបានឆាប់រហ័ស អនុញ្ញាតឱ្យអ្នកធ្វើការទទួលបានព័ត៌មានច្បាស់លាស់ និងធានាថាការសម្រេចចិត្តលើកិច្ចការផ្សេងៗមិនងាយខុស, ប្រសិទ្ធភាពនៃស្វ័យប្រវត្តិកម្ម ធ្វើឱ្យបុគ្គលិកដែលជាមនុស្សមានពេលវេលាធ្វើកិច្ចការសំខាន់ៗដទៃទៀត, អាចវិភាគឥរិយាបថទស្សនានៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលផ្ដល់ភាពងាយស្រួលក្នុងការស្វែងយល់អំពីចំណូលចិត្តអ្នកទស្សនា។ ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) នេះ នឹងក្លាយជាគន្លឺះមួយដ៏សំខាន់ ដែលជួយដល់អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងការស្វែងរកនូវវិធីថ្មី លឿន និងមានភាពច្នៃប្រឌិត ដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់គេ។

យ៉ាងណាមិញ បើតាមគេហទំព័រស្ថាប័ននេះ បានបន្ថែមថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក៏មានផលវិបាកផងដែរ ជាពិសេសគឺកាចំណាយថវិកាច្រើន, លើសពីនេះ វត្តមានរបស់បញ្ញាសិប្បនិម្មិត(AI) ក៏ជាផ្នែកមួយ ដែលធ្វើឱ្យបុគ្គលិកក្នុងស្ថាប័នត្រូវប្រឈមនឹងការបាត់បង់ការងារទៀតផង។ ចំណុចនេះ មានន័យថា បុគ្គលិកមួយចំនួនធំ ត្រូវពង្រឹងសមត្ថភាពលើជំនាញបច្ចុប្បន្ន (Upskill) និងរៀនជំនាញថ្មី (Reskill)។ ម្យ៉ាងទៀត នៅពេលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងការទទួលបានព័ត៌មានក្លែងក្លាយផងដែរ។ ដោយឡែក បញ្ហាប្រឈមដ៏មួយទៀត សម្រាប់ NGO នៅកម្ពុជា គឺលទ្ធភាពនៃការប្រើប្រាស់អគ្គិសនី និងអ៊ីនធឺណិតនៅមានកម្រិតនៅឡើយ។ ខណៈអក្ខរកម្មឌីជីថល និងរនាំងភាសាក៏ជាឧបសគ្គដ៏ធំមួយផងដែរ។

ការពង្រឹងសមត្ថភាពលើជំនាញបច្ចុប្បន្ន (Upskill) ឬរៀនជំនាញថ្មី (Reskill) គឺជា​រឿងបុគ្គលិកមួយចំនួនធំត្រូវធ្វើ ខណៈវត្តមានរបស់បញ្ញាសិប្បនិម្មិត មកដល់

ដើម្បីត្រៀមខ្លួនការមកដល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ស្ថាប័ន PEPY លើកកម្ពស់យុវជន (PEPY Empowering Youth) បានបង្ហាញពីគន្លឹះមួយចំនួនដូចជា ត្រូវវិនិយោគលើការបណ្ដុះបណ្ដាលជំនាញបញ្ញាសិប្បនិម្មិត (AI) សម្រាប់បុគ្គលិក, សហការជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ដែលផ្ដល់នូវសេវាកម្មដោះស្រាយបញ្ហាផ្សេងៗ ដែលមានតម្លៃសមរម្យ, ស្គាល់ពីខ្លួនឯង និងដែនកំណត់របស់បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងវាយតម្លៃឥតឈប់ឈរអំពីអត្ថប្រយោជន៍ នៃការចូលរួមរបស់បញ្ញាសិប្បនិម្មិត (AI)។ អ្វីដែលរឹតតែសំខាន់នោះគឺ វប្បធម៌ការងារត្រូវរួមបញ្ចូលនូវការលើកទឹកចិត្តដល់ផ្នត់គំនិតរីកចម្រើន និងបង្កើតកន្លែងសិក្សា និងពិសោធនៅកន្លែងការងារ។

លោក លី រតនា ជាអ្នកសម្របសម្រួលស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានលើកឡើងថា ជាក់ស្ដែងទៅ បញ្ញាសិប្បនិម្មិត(AI) មានការវិវត្តន៍មកយូរដែរហើយ មិនមែនទើបតែមានក្នុងពេលថ្មីៗនោះទេ។ ប៉ុន្តែបច្ចុប្បន្ន បញ្ញាសិប្បនិម្មិត (AI) មានឥទ្ធិពលកាន់តែខ្លាំងៗទៅមកលើការរស់នៅរបស់មនុស្ស ដោយសារហេតុផលចំនួនពីរ ទី១ គឺដោយសារតែការធ្វើឌីជីថលនីយកម្ម (Digitalization) និងទី២ គឺដោយសារតែមានទិន្នន័យកាន់តែច្រើនឡើង ជាកត្តាជំរុញឱ្យបញ្ញាសិប្បនិម្មិត (AI) កាន់តែមានឥទ្ធិពលខ្លាំងនៅក្នុងសង្គម។

លោក លី រតនា ជាអ្នកសម្របសម្រួលស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

ប្រសិនបើក្រឡេកមកមើលបរិយាកាសការងារនៅក្នុងប្រទេសកម្ពុជា ជាទូទៅយើងឃើញថា បញ្ញាសិប្បនិម្មិត (AI) ក៏កំពុងតែមានឥទ្ធិពលខ្លាំងទៅៗដែរ មិនថាខាងវិស័យឯកជន ឬខាងរដ្ឋាភិបាលនោះទេ គឺពួកគេកំពុងមានការជំរុញឱ្យមានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថល។ ជាពិសេស ទាំងក្រុមហ៊ុន និងបុគ្គល កំពុងជំរុញឱ្យមានការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយសម្រួលដល់ការងារ។

បច្ចុប្បន្ន ដោយសារភាពរីចម្រើននៃបច្ចេវិទ្យា បានញ៉ាំងឱ្យបរិយាកាសការងារក្នុងប្រទេសកម្ពុជា ត្រូវការ បុគ្គលិកដែលមានជំនាញខ្ពស់ (High skill worker) ជាងជា បុគ្គលិកជំនាញទាប (Low Skill worker)។ បុគ្គលិកជំនាញខ្ពស់ (High Skill Worker) ក្នុងន័យនេះ សំដៅទៅលើ អ្នកដែលមានចំណេះដឹងប្រើប្រាស់បច្ចេកវិទ្យា ដូចជាការប្រើប្រាស់ម៉ាស៊ីន ឬកម្មវិធីមួយចំនួន ដែលអាចសម្រួលដល់ប្រតិបត្តិការការងារ។ ជាក់ស្ដែង ក្នុងរោចក្រ គឺត្រូវការអ្នកដែលមានជំនាញប្រើ ឬបញ្ជាម៉ាស៊ីនធំៗ ឬក៏ស្វ័យប្រវត្តិកម្មជាដើម ដើម្បីជួយសម្រួលដល់ប្រតិបត្តិការងារ។ ខណៈនៅតាមបណ្ដាក្រុមហ៊ុន នឹងមានកម្មវិធីដែលជួយសម្រួលដល់ការងារ។ ដូច្នេះ គេក៏ត្រូវការអ្នកដែលមានចំណេះដឹង ដើម្បីគ្រប់គ្រង ឬបញ្ជាកម្មវិធីទាំងនោះផងដែរ។

លោក រតនា បានបន្ថែមថា ទាំងម្ចាស់ក្រុមហ៊ុន និងបុគ្គលិកការងារក្នុងប្រទេសកម្ពុជា ត្រូវការបង្កើនជំនាញឯកទេសរបស់ខ្លួន ដើម្បីមានសមត្ថភាពប្រើប្រាស់ និងបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាំងអស់នោះ។ លើសពីនេះ ម្ចាស់ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ ក៏គួរតែវិនិយោគទៅលើបញ្ញាសិប្បនិមិ្មត (AI) ផងដែរ ព្រោះចាប់ពីពេលនេះមិនអាចពឹងផ្អែកទៅកម្លាំងមនុស្សទាំងស្រុងនោះទេ ខណៈបច្ចុប្បន្នមានបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម កាន់តែច្រើន។ ការវិនិយោគនោះទៀតសោត អាចធ្វើបានតាមរយៈ ការនាំចូលនូវបច្ចេកវិទ្យា ឬម៉ាស៊ីន និងឧបករណ៍ថ្មី ដើម្បីជួយសម្រួលដល់ការងាររបស់គាត់ និងធ្វើឱ្យការងារកាន់តែមានប្រសិទ្ធផលខ្ពស់ជាងមុន។

បុគ្គលិកចាំបាច់ត្រូវតែបង្កើនជំនាញ ដើម្បីមានសមត្ថភាពក្នុងការប្រើប្រាស់ និង​បញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

មែនទែនទៅ បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) មិនមែនធ្វើឱ្យមនុស្សបាត់បង់ការងារនោះទេ គ្រាន់តែបង្វែរតម្រូវការងារពីបុគ្គលិកដែលមានជំនាញទាប (Low Skill Worker) ទៅបុគ្គលិកដែលមានជំនាញខ្ពស់ (High Skill)ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកសម្របសម្រួលស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិតខាងលើ។

បើទោះជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រីកចម្រើនខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងនៅតែត្រូវការអ្នកជំនាញ ដែលអាចប្រើរបស់ទាំងនោះដដែលទេ ព្រោះការងារខ្លះគឺត្រូវការមនុស្សដដែល

លោក លី រតនា ជាអ្នកសម្របសម្រួលស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត

យ៉ាងណាមិញ បើតាមការលើកឡើងរបស់អ្នកជំនាញខាងលើ ចំពោះការមកដល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងសង្គមការងារកម្ពុជា ឧបសគ្គដ៏ធំបំផុតមួយគឺ បញ្ហាធនធានមនុស្ស ហើយនេះបាននាំឱ្យមានគម្លាតរវាងតម្រូវកាទីផ្សារ និងអ្នកជំនាញ។ ហេតុនេះ យុវជន និងបុគ្គលិកកម្ពុជា ចាំបាច់ត្រូវបង្កើនជំនាញផ្ទាល់ខ្លួនជាប្រចាំ ដើម្បីសម្របទៅនឹងជំនាញដែលទីផ្សារត្រូវការ និងធានាឱ្យបានថាការងាររបស់ខ្លួន មិនត្រូវបានជំនួសដោយម៉ាស៊ីន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...