សុខភាព៖ ការស្លាប់ភ្លាមៗ ឬភាសាអង់គ្លេសថា Adult Sudden Death ជាការស្លាប់ដែលមិនអាចរង់ចាំការសង្គ្រោះ ជួនកាលមិនមានអ្វីដែលអាចពន្យល់ពីការស្លាប់នេះបានទេ។ ជាទូទៅជនរងគ្រោះបាត់បង់ស្មារតី មិនមានដង្ហើម និងជីពចរនោះទេ។ ការស្លាប់ភ្លាមៗ ជាមូលហេតុនៃការស្លាប់ប្រហែលបួនសែននាក់ក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក និងប្រហែលបួនម៉ឺននាក់នៅប្រទេសបារាំង ដែលមូលហេតុចម្បងគឺបណ្តាលមកពីជំងឺបេះដូង (ជំងឺនេះកើនឡើងសមាមាត្រនឹងអាយុ)។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត។
នៅប្រទេសសឹង្ហបុរីជំងឺបេះដូង ជាមូលហេតុទីពីរនៃការស្លាប់ ស្មើនឹង ២៤ភាគរយនៃការស្លាប់សរុប ដែលក្នុងនោះប្រមាណជា ២៤០០នាក់មានជំងឺស្ទះសរសៃឈាមបេះដូង ហើយមនុស្សជិត ១០០០នាក់ក្នុងនេះបានរងគ្រោះដោយការគាំងបេះដូងភ្លាមៗ នៅកន្លែងផ្សេងៗក្រៅពីមន្ទីរពេទ្យ។ ភាគរយសរុបនៃការរស់រានមានជីវិតក្នុងក្រុមនេះ មានប្រមាណតែ ២,៦%ប៉ុណ្ណោះ ហើយមនុស្សរាប់រយនាក់ផ្សេងទៀតរងគ្រោះដោយគាំងបេះដូងនៅពេលទៅដល់មន្ទីរពេទ្យ។
មន្ទីរពេទ្យបានបញ្ជាក់ថា៖
“មូលហេតុទូទៅដែលបណ្តាលឱ្យស្លាប់ភ្លាមៗរួមមាន ជំងឺស្ទះសរសៃឈាមបេះដូង ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗ ការលង់ទឹក ជំងឺស្ទះសរសៃឈាមខួរក្បាល ការលេបថ្នាំហួសកម្រិត ការចងក ការហឺតផ្សែង ការឆក់ខ្សែភ្លើង អាល់លែកហ្ស៊ីធ្ងន់ធ្ងរ និងគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ”
ជំងឺស្ទះសរសៃឈាមបេះដូងភាគច្រើនបណ្តាលមកពីការកកជាតិខ្លាញ់ ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង ហៅថា Atherosclerosis ។ រោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូង រួមមាន តឹងណែនទ្រូង ឈឺទ្រូងផ្នែកខាងមុខខ្លាំង អាចរាលដាលទៅក ថ្គាម ដើមដៃ ឬស្មាទាំងសងខាង។ ជាទូទៅអាការៈនេះមានរយៈពេលយូរលើសពី ២០នាទី ហើយអាចមានសញ្ញារួមផ្សំដូចជាបែកញើស ចង្អោរ ហត់ ឬអស់កំលាំង។
កត្តាបង្កគ្រោះថ្នាក់របស់ជំងឺស្ទះសរសៃឈាមបេះដូង មានកត្តាបង្កដែលមិនអាចកែប្រែបាន (ភេទ តំណពូជ ជាតិសាសន៍ និងអាយុ) និងកត្តាបង្កដែលអាចកែប្រែបាន មានការលើសជាតិខ្លាញ់ ការលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ការជក់បារី ការមិនមានលំហាត់ប្រាណ ការលើសទម្ងន់ ស្ត្រេស និងឆេវឆាវ។
ការស្លាប់ភ្លាមៗ អាចនឹងត្រូវបានជួយសង្គ្រោះក្នុងពេលបច្ចុប្បនុ្ន ដូចជាឆាប់ស្គាល់នូវការស្លាប់ភ្លាមៗ ហើយទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ ១១៩ និងឆាប់សង្គ្រោះបឋម ការសង្គ្រោះចលនាបេះដូង និងសួតភ្លាមៗ ឆាប់ឆក់បេះដូងភ្លាមៗ ដោយ AED (Automatic External Defibrillator) និងឆាប់បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យជំនាញដើម្បីបន្តការព្យាបាល។
វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យបានរំលឹកថា ការបង្រៀនចំណេះដឹងទូទៅនៃការសង្គ្រោះបឋមជាសាធារណៈ នៃការជួយសង្គ្រោះចលនាបេះដូង និងសួត មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាការស្លាប់ភ្លាមៗ ដែលភាគច្រើនកើតឡើងនៅក្រៅមន្ទីរពេទ្យ។ សកម្មភាពនៃការជួយសង្គ្រោះបន្ទាន់នៅរយៈពេលប៉ុន្មាននាទីដំបូង គឺជាកត្តាចម្បងក្នុងការជួយដល់អាយុជីវិតជនរងគ្រោះ ហើយសកម្មភាពនេះ អាចធ្វើឡើងដោយយើងទាំងអស់គ្នា និងនៅគ្រប់ទីកន្លែង ហើយអ្វីដែលចំាបាច់នោះ គឺចំណេះដឹង និងរបៀបសង្គ្រោះបន្ទាន់ដែលត្រឹមត្រូវ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។





























