អង្គការយូនីសេហ្វប្រចាំនៅកម្ពុជាបានព្រមានថា កុមារកម្ពុជាប្រមាណ ១,៣លាននាក់ អាចប្រឈមនឹងផលប៉ះពាល់ពីបាតុភូត El Niño (អែលនីញ៉ូ) ដែលត្រូវបានព្យាករណ៍ថា អាចបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ នៅរដូវប្រាំងខាងមុខនេះ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សាប្រចាំឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូត El Niño នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។
ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។

យោងតាមការប៉ាន់ប្រមាណ កុមារជាង ៣៤៧លាននាក់ នៅក្នុងប្រទេសជិត ១០០ជុំវិញពិភពលោក អាចប្រឈមនឹងស្ថានភាពអាកាសធាតុស្ងួត ឬសើមខុសពីធម្មតា ក្នុងនោះ កុមារកម្ពុជាប្រមាណ ១,៣លាននាក់ ក៏ស្ថិតក្នុងចំណោមកុមារដែលអាចរងផលប៉ះពាល់ផងដែរ។
ក្រៅពីនេះ សាលារៀនចំនួន ៣ ៨៧២ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១កន្លែង នៅកម្ពុជា ក៏កំពុងស្ថិតក្នុងហានិភ័យពីគ្រោះធម្មជាតិ រួមមាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត។ ចំនួននេះស្មើនឹងប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស។
យ៉ាងណាក៏ដោយ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះបាតុភូត El Niño នៅរដូវប្រាំងដែលនឹងមកដល់នៅខែវិច្ឆិកាខាងមុខនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់៕













































































