តស៊ូជាង១០ឆ្នាំ កញ្ញា ប៉ោក ស្រីនាង ក្លាយជាម្ចាស់ជ័យលាភីអាហារូបករណ៍ Chevening

ប្រើពេលជាង ១០ឆ្នាំ ដើម្បីទទួលបានឱកាសបន្តការសិក្សា នៅចក្រភពអង់គ្លេស កញ្ញា ប៉ោក ស្រីនាង បានឆ្លងកាត់វិញ្ញាសាជីវិតលំបាកៗ និងជួបរឿងមិនសមបំណងជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ ព្រោះតែថាមពលនៃការតាំងចិត្ត និងក្ដីសុបិនចង់ក្លាយជាបញ្ញាវន្តស្រ្តីមួយរូបដើម្បីចូលរួមការអភិវឌ្ឍន៍ក្នុងប្រទេស ស្រីនាង​ បានតស៊ូរហូតអាចសម្រេចសមិទ្ធផលជាបន្តបន្ទាប់ក្នុងជីវិត។

ជាកូនទោលកើតក្នុងត្រកូលកសិករ នៅភូមិគ្រួស ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ នៅវ័យ១៤ឆ្នាំ ស្រីនាង បានបាត់បង់ឪពុកជាទីស្រឡាញ់ ដោយសារជំងឺរ៉ាំរ៉ៃ តាំងពីនាងទើបតែចូលរៀននៅកម្រិតអនុវិទ្យាល័យថ្នាក់ទី៧ មកម្ល៉េះ។ ការបាត់បង់​មួយនេះ បានធ្វើឱ្យស្ថានភាពគ្រួសាររបស់ ស្រីនាង ជួបការលំបាកយ៉ាងខ្លាំង។

មុនទទួលមរណភាពនៅឆ្នាំ២០០៤ ឪពុករបស់នាង បានផ្ដល់បណ្ដាំចុងក្រោយដល់ម្ដាយនាងថា «ត្រូវផ្គត់ផ្គង់ស្រីនាង ឱ្យរៀនរហូតចប់ថ្នាក់វិទ្យាល័យ»។ ពាក្យបណ្ដាំនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើដំណើរជីវិត​របស់ស្រីនាង និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ម្ដាយរបស់គាត់ផងដែរ។

ក្រោយមក ម្តាយរបស់គាត់បានសម្រេចចិត្តមកធ្វើការជាអ្នកអនាម័យក្នុងរោងចក្រមួយនៅភ្នំពេញ ដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូន រហូតចប់ថ្នាក់ទី១២ នៅឆ្នាំ២០១០។ ការសម្រេចបណ្ដាំឪពុក បានផ្ដល់ឱកាសឱ្យស្រីនាង ប្រឡងការងារក្របខណ្ឌគ្រូថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ និងពេទ្យមធ្យម ប៉ុន្តែជាលទ្ធផល មិនទទួលជោគជ័យនោះទេ។

បើតាមការបញ្ជាក់របស់ ស្រីនាង ពេលនោះ ជាពេលវេលាដ៏លំបាកបំផុត​ ព្រោះម្ដាយរបស់នាងមិនមានលទ្ធភាពផ្គត់ផ្គង់នាងឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានោះទេ​។ ខណៈពេលនោះ ម្ដាយនាងបានពិចារណាលើជម្រើសតែមួយគត់ គឺការលក់ដីស្រែដើម្បីយកប្រាក់បង់ថ្លៃសិក្សារបស់កូន។

“ពេលនោះម្ដាយខ្ញុំចង់លក់ដីស្រែ ដើម្បីបង់ថ្លៃសាលាឱ្យខ្ញុំរៀន ប៉ុន្តែពេលនោះ ខ្ញុំក៏បានប្រាប់គាត់ថា មិនបាច់ធ្វើដូច្នេះទេ ចាំខ្ញុំរកឱកាសដើរខ្លួនឯង ព្រោះប្រសិនបើលក់អស់ទៅយើងនឹងមិនមានដីស្រែ សម្រាប់ធ្វើហូបប្រចាំឆ្នាំទៀតនោះទេ…”

ដើម្បីរកច្រកចេញពីបញ្ហានេះ ស្រីនាង បានសម្រេចចិត្តទៅធ្វើការរោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ បន្ទាប់មកនៅភ្នំពេញបណ្តោះអាសន្នសិន ដើម្បីសន្សំប្រាក់សម្រាប់បង់ថ្លៃសិក្សា។ ប៉ុន្តែបន្ទាប់ពីបំពេញការងារបានប្រមាណជិត ១ឆ្នាំ ប្រាក់ចំណូលមិនសល់ដូចការរំពឹងទុកនោះទេ ព្រោះនាងត្រូវផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃច្រើន ខណៈប្រាក់ខែទទួលបានប្រហែល ១០០ដុល្លារប៉ុណ្ណោះ។

នៅចុងឆ្នាំ២០១១ ស្រីនាងបានសម្រេចចិត្តឈប់ពីការងាររោងចក្រ ដោយសារទទួលបានឪកាសធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសកម្រិតមត្តេយ្យ ក្នុងអង្គការមួយនៅស្រុកកំណើត។ ពេលនោះហើយ ដែលក្ដីសង្ឃឹមបន្តការសិក្សាបានចាប់ផ្ដើម។ ការបំពេញការងារជាគ្រូបង្រៀននាពេលនោះ អង្គការបានផ្ដល់ឱកាសឱ្យនាងបន្តការសិក្សានៅសាកលវិទ្យាល័យ ហើយបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៦ លើជំនាញគណនេយ្យ។ ដោយមានក្តីស្រម៉ៃដើម្បីស្វែងយល់ពីវប្បធម៌ក្រៅប្រទេស ស្រីនាងបានចាប់យកឪកាសអារូបករណ៍វគ្គខ្លីទៅសហរដ្ឋអាមេរិក ក្រោមកម្មវីធី YSEALI PFP នៅឆ្នាំ ២០១៧។

នៅដើមឆ្នាំ២០១៨ ជារបត់ជីវិតថ្មី កញ្ញា ប៉ោក ស្រីនាង បានទទួលការងារជាមន្ត្រីសម្របសម្រួលគម្រោងការអប់រំ ចំណេះដឹងហិរញ្ញវត្ថុសម្រាប់កុមារ នៅអង្គការអន្តរជាតិមួយនៅភ្នំពេញ។ យ៉ាងណាក៏ដោយ ដោយសារតែការងារមានការប្រកួតប្រជែងខ្ពស់បានជំរុញឱ្យនាងត្រូវស្វែងរកឱកាស ដើម្បីទៅបន្តការសិក្សានៅបរទេស ហើយទីបំផុតនៅឆ្នាំ ២០២២ នាងបានប្រឡងជាប់អាហារូបករណ៍ Chevening បន្តការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញអភិវឌ្ឍន៍អន្តរជាតិ នៅសាកលវិទ្យាល័យ Nottingham Trent University និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០២៣។

ឆ្លងកាត់វិញ្ញាសាជីវិតច្រើនដំណាក់កាល បច្ចុប្បន្នកញ្ញា ប៉ោក ស្រីនាង មានវ័យ៣២ឆ្នាំ ជាប្រធានគម្រោងមួយនៃអង្គការពិភពកុមារ និងអភិវឌ្ឍន៍។ គម្រោងដែលនាងគ្រប់គ្រង ផ្ដោតលើការចូលរួមដោះស្រាយបញ្ហាភាពក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លំនៅឋានសុវត្ថិភាព គាំទ្រអាជីវកម្មខ្នាតតូច និងផ្នែកចិត្តសង្គមដល់គ្រួសារងាយរងគ្រោះ។​

ផែនការបន្ទាប់ ស្រីនាងចង់បន្តការងារក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល២ ឬ៣ឆ្នាំទៀត ហើយចង់ផ្លាស់ប្ដូរទៅធ្វើការក្នុងវិស័យស្រាវជ្រាវដោយផ្តោតលើផ្នែកអប់រំ ព្រោះនាងយល់ថា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ អាចជួយអ្នកជំនាញក្រោយ និងអ្នកបង្កើតគោលនយោបាយក្នុងការដោះស្រាយបញ្ហាសង្គមបានច្រើន។

ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជីវិត ជាទីពេញចិត្តសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម កញ្ញា ស្រីនាង បានផ្ញើសារទៅកាន់យុវតីជំនាន់ក្រោយថា ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន​ យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ថាខ្លួនឯងជាអ្នកណា? ចង់បានអ្វី? ត្រូវបង្កើតក្ដីស្រមៃច្បាស់លាស់មួយសម្រេចខ្លួនឯង ជាពិសេស ត្រូវមានការតាំងចិត្តខ្ពស់ដើម្បីជំនះរាល់ឧបសគ្គចំពោះមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។