លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំបំណិនតាមមូលដ្ឋានសំខាន់សម្រាប់សិស្សានុសិស្សក្នុងការរស់នៅ និងចាប់យកអាជីពនៅពេលអនាគត។
លោកស្រីបណ្ឌិត ឃួន វិច្ឆិកា មានប្រសាសន៍ថា បំណិនជីវិតតាមមូលដ្ឋាន សំដៅលើមុខវិជ្ជាបន្ថែមលើមុខវិជ្ជាគោលដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្នុងកម្មវិធីសិក្សា ពោលគឺទាក់ទងទាំងជំនាញទន់ និងអាជីព ក្នុងនោះមានដូចជា ការដាំដំណាំ ជំនាញកាត់សក់ កាត់ដេរ សំអាងការ សាឡន ចិញ្ចឹមសត្វ បច្ចេកវិទ្យាជាដើម។ល។ លោកស្រីបណ្ឌិត បន្តថា បំណិនជីវិតតាមមូលដ្ឋាន បានកំណត់រយៈពេលសិក្សាពី ២ទៅ៥ ម៉ោងក្នុងមួយសប្តាហ៍សម្រាប់សាលារៀនទាំងបឋមសិក្សា និងមធ្យមសិក្សា។
អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ការអប់រំបំណិនតាមមូលដ្ឋាន មានសារៈសំខាន់ទាក់ទងទៅនឹងការបណ្ដុះបំណិនទន់ និងជំនាញអាជីព ដើម្បីឱ្យសិស្សានុសិស្សមានជំនាញទន់ក្រៅពីចំណេះដឹងទូទៅដែលរៀននៅតាមសាលារៀន។
តាមតម្រូវការនៅក្នុងការរស់នៅក៏ដូចជាការងារនៅក្នុងពេលអនាគត គឺតម្រូវឱ្យសិស្សានុសិស្សត្រូវមានជំនាញទន់ និងអាជីពផ្សេងទៀតដែលជាជំនាញជួយឱ្យរស់នៅប្រសើរជាងមុន ឬក៏បំពេញការងារបានប្រសើរជាងមុន ព្រមទាំងមានឱកាសនៅក្នុងការចាប់យកអាជីពណាមួយក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សាតែម្ដង ។
លោកស្រីបណ្ឌិត ឃួន វិច្ឆិកា លើកឡើងទៀតថា មុខជំនាញទាំងអស់ដែលសិស្សានុសិស្សរៀននឹងធ្វើឱ្យពួកគាត់មានបំណិនជាមូលដ្ឋានសំខាន់សម្រាប់ជីវិត ក្រៅពីអាចធ្វើឱ្យគាត់មានអាជីព ឬមានជំនាញណាមួយដែលគាត់ជ្រើសរើសហើយនោះ គឺឱ្យគាត់អាចធ្វើការងារក្រៅម៉ោងសិក្សា សហការជាក្រុមជាមួយនឹងអ្នកដទៃទៀត និងអាចដោះស្រាយបញ្ហាការងារផ្សេងៗទៀត ។ ជាក់ស្ដែង លើសពីអ្វីដែលយើងមានបំណិន មានជំនាញអាចបំពេញការងារ ឬក៏អាចរស់នៅជាក្រុមបាន ហើយក្លាយជាអ្នកដែលមានសមត្ថភាពពេញលេញ។
គួរជម្រាបជូនថា ការអប់រំបំណិនតាមមូលដ្ឋាន ក៏ជាផ្នែកមួយដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដែរ ជាការកំណត់ឱ្យអនុវត្តពី២ ទៅ៥ម៉ោង ក្នុងមួយសប្ដាហ៍តាមសាលារៀន និងកម្រិតរបស់ខ្លួន ដើម្បីជំរុញធ្វើយ៉ាងណាឱ្យសិស្សានុសិស្សមានទាំងចំណេះដឹង និងចំណេះធ្វើក្រោយពេលបញ្ចប់ការសិក្សា៕

































