ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា លទ្ធផលសិស្សនិទ្ទេស A ជានិមិត្តរូបនៃភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់។
សម្តេចមហាបវរធិបតី បញ្ជាក់បន្ថែមថា សិស្សានុសិស្សនៅពេលជិតប្រឡងមិនគួររកបងប្អូន ឪពុកម្ដាយ ជួយឱ្យប្រឡងជាប់នោះទេ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង នេះជាវប្បធម៌មួយដ៏សំខាន់ដែលអាចរៀនពីជ្រុងនេះ ដើម្បីខិតខំជំរុញគ្រប់វិស័យនៅក្នុងសង្គមជាតិរបស់យើង។ ទន្ទឹមគ្នានេះ សិស្សានុសិស្ស ត្រូវទទួលខុសត្រូវដោយខ្លួនឯង ជាប់ឬធ្លាក់ ប្រឹងប្រែងដោយខ្លួនឯង ជំនួសឱ្យវប្បធម៌ដាក់បន្ទុកលើអ្នកដទៃ នៃទង្វើរបស់ខ្លួន ដោយការចូលរួមរបស់បុគ្គលម្នាក់ៗ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអគុណដល់លោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាល ដោយសង្កត់ធ្ងន់ថា លោកគ្រូ អ្នកគ្រូ បានសម្រេចស្នាដៃមិនអាចកាត់ថ្លៃបានដែលបង្រៀន ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអ្នកអាណាព្យាបាលដើម្បីឱ្យកូនបានរៀន។ សម្តេចបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក «អ្នកចេះ គឺជាប់»។
«កំណែទម្រង់វិស័យអប់រំ យើងធានាថាអ្នកប្រឡងជាប់ ជាប់ដោយមោទន អ្នកប្រឡងធ្លាក់ ធ្លាក់ដោយអស់ចិត្ត» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ដើម្បីកម្ពុជាអាចអភិវឌ្ឍទៅបាន ចាំបាច់ត្រូវការធនធានមនុស្ស ហើយចំណុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានចាត់ទុក “ ការអភិវឌ្ឍមូលធនមនុស្ស” , ក្នុងនោះ ”ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
គួរជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន១៦៩១នាក់ ដោយ ម្នាក់ៗទទួលបានកាក់រូបហង្សចំនួន១, សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុងមួយក្បាល, ហ្គាឡាក់ស៊ីថែបមួយគ្រឿង និងថវិកា២លានរៀល។ ការផ្តល់ជូននូវរង្វាន់ដល់សិស្សនិទ្ទេស A នេះ គឺជាការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងការខិតខំរៀនសូត្ររបស់បេក្ខជនទាំងអស់រហូតទទួលបាននិទ្ទេស A ៕
































