សកម្មភាពរំលោភបំពានលើកុមារបួនទម្រង់ ដែលឪពុកម្ដាយនិងអ្នកថែទាំកុមារត្រូវដឹង

ភ្នំពេញ៖ ការរំលោភបំពានលើកុមារសំដៅលើគ្រប់សកម្មភាពទាំងអស់នៃការធ្វើទុក្ខបុកម្នេញទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការមិនអើពើ ការប្រព្រឹត្តខ្ជីខ្ជា ការជួញដូរ ឬការកេងប្រវ័ញ្ចផ្សេងៗទៀត។ ហេតុផលនេះបណ្ដាលឲ្យមានការឈឺចាប់ឃើញជាក់ស្ដែង ឬមិនទាន់ឃើញជាក់ស្ដែងទៅលើសុខភាព​ ការរស់រានមានជីវិត ការអភិវឌ្ឍ ឬសេចក្ដីថ្លៃថ្នូររបស់កុមារនៅក្នុងបរិបទនៃទំនាក់ទំនង ការទទួលខុសត្រូវ ការជឿទុកចិត្ត ឬអំណាច។ នេះបើតាមឯកសាររបស់ក្រសួងកិច្ចការនារីស្ដីពីរបៀបចិញ្ចឹមកូនបែបវិជ្ជមាន។

mother is scolding her child girl. family relationships

ទីមួយ ការរំលោភបំពានផ្លូវកាយ ៖  ជាការធ្វើឱ្យកុមារមានរបួស ឬស្នាមលើរាងកាយដោយចេតនា ឬអចេតនាពីសំណាក់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ និងមនុស្សពេញវ័យផ្សេងៗទៀត ហើយធ្វើឱ្យកុមារមានភាពអន់ថយសុខភាព និងប៉ះពាល់ដល់ការអភិវឌ្ឍរបស់ពួកគេ។ ការរំលោភបំបានផ្លូវកាយមានដូចជា ការវាយដំ ការរុញច្រានខ្លាំងៗ មួល ទាត់ ឬទះ ក្ដិច បោចសក់ ធ្វើឱ្យមានរបួសស្នាម។

ទីពីរ ការរំលោភបំពានផ្លូវចិត្ត ៖ ជាសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកុមារ (ចេតនា ឬ អចេតនាពីសំណាក់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ និងមនុស្សពេញវ័យផ្សេងៗទៀត) ហើយធ្វើឱ្យកុមារមានភាពអន់ថយសុខភាព និងប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ។ ការរំលោភបំពានផ្លូវចិត្តមានដូចជា ការរិះគន់ដែលកើតឡើងម្តងហើយម្តងទៀត –ការនិយាយមើលងាយ បន្តាបបន្ថោក – ស្តីបន្ទោស ការគំរាមកំហែង ការបំបិទសិទ្ធិសេរីភាព – សើចចំអក – ការបដិសេធ ឬការច្រានចោលម្តងហើយម្តងទៀត – ការបន្លាចឬបំភ័យ – ព្រមទាំងការបដិសេធចំពោះការឆ្លើយតបផ្លូវអារម្មណ៍។

ទីបី ការរំលោភបំពានផ្លូវភទ ៖ ជាការបង្ខិតបង្ខំកុមារ ឬប្រើកុមារជាមធ្យោបាយសម្រាប់រួមភេទដែលរាប់បញ្ចូលទាំងការប្រឈមទៅនឹងរូបភាពអាសអាភាស និងការប៉ះពាល់អង្គជាតិភេទក្នុងលក្ខណៈរួមភេទ។ ការរំលោភបំពានផ្លូវភេទមានដូចជា – រំលោភសេពសន្ថវៈ បង្ហាញទម្រង់ឬរូបភាពណាមួយនៃការធ្វើឱ្យមានសម្រើបផ្នែកភេទ ឬការប្រើរូបភាពណាមួយនៃការបង្ហាញផ្លូវភេទដល់កុមារ។

ទីបួន ការមិនអើពើ ៖ ផ្តោតលើការខកខានមិនបានផ្តល់នូវតម្រូវការមូលដ្ឋានដល់កុមារ និងទុកកុមារចោលដោយគ្មានអ្នកណាត្រួតពិនិត្យយកចិត្តទុកដាក់ និងការមើលថែពីសំណាក់ មនុស្សធំ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ។ ការមិនអើពើមានដូចជា កុមារមិនមានឱកាសចូលរៀន – មិនផ្តល់ភាពកក់ក្តៅ – មិនបានទទួលការចាក់ថ្នាំបង្កាគ្រប់គ្រាន់ មិនបានចុះសំបុត្រកំណើត – ការបំបែកកូនចេញពីគ្រួសារ – ការផ្តល់អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ – សំលៀកបំពាក់មិនសមស្របនឹងរដូវកាល – ការរស់នៅគ្មានអនាម័យ – មិនមានការថែទាំសុខភាពបានត្រឹមត្រូវ – ខ្វះការអប់រំ – និងគ្មានសុវត្ថិភាព។

គួរបញ្ចាក់ថា ប្រសិនបើលោកអ្នកសង្ស័យថាកុមារម្នាក់ត្រូវបានគេរំលោភបំពាន ឬប្រឈមនឹងការរំលោភបំពាន (ដូចជាប៉ះពាល់រាងកាយ អំពើហិង្សាក្នុងគ្រួសារ ឬក៏ត្រូវបានគេបោះបង់ចោល) សូមរាយការណ៍ភ្លាមទៅក្រសួងសុខាភិបាល និងសេវាមនុស្សសាស្ត្រ(DHHS) ផ្នែកការពារកុមារ តាមរយៈ 131 278 ៕