ស្រុកបន្ទាយស្រី ត្រូវបានប្រកាសប្រែក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីជាផ្លូវការ ដែលវានឹងរួមចំណែកលើកកម្ពស់សុខុមាលភាព និងការពារប្រជាពលរដ្ឋពីការបំពុលពីផ្សែងបារី ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។
ក្នុងពិធីប្រកាសដែលធ្វើឡើងកាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការទទួលស្គាល់ «ស្រុកបន្ទាយស្រី ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនគ្រាន់តែឆ្លុះបញ្ចាំងពីសមិទ្ធផលគួរឱ្យកោតសរសើរ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកបន្ទាយស្រីប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការចូលរួមជាមួយអន្តរជាតិក្នុងការការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ផលិតផលថ្នាំជក់មកលើសុខភាព។
ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ទីក្រុងចំនួន៨ ត្រូវបានប្រកាសនិងទទួលបានពានគ្មានផ្សែងបារីអាស៊ាន ដែលក្នុងនោះរួមមាន ក្រុងបាហ្គីវ (Baguio) ប្រទេសហ្វីលីពីន ទទួលបានពានគ្មានផ្សែងបារីអាស៊ាន ចំណាត់ថ្នាក់មាស។ ក្រុងហ្សកថោន ប៉េណាំង ប្រទេសម៉ាឡេស៊ីទទួលបានពានគ្មានផ្សែងបារីអាស៊ានចំណាត់ថ្នាក់ប្រាក់។ ក្រុងចំនួន៥ ទៀតរួមមាន ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុងដេប៉ុក ប្រទេសឥណ្ឌូនេស៊ី ក្រុងថានប៊ូសាយ៉ាត ប្រទេសមីយ៉ាន់ម៉ា ក្រុងប៉ាសឹក ប្រទេសហ្វីលីពីន និងខេត្តមហាសារ៉ាខាំ ប្រទេសថៃ ទទួលបានពានគ្មានផ្សែងបារីអាស៊ាន ចំណាត់ថ្នាក់ប្រាក់។ ក្រៅពីនេះ ប្រទេសសិង្ហបុរី ក៏ត្រូវបានទទួលស្គាល់ជាពិសេស ក្នុងការពង្រឹងការងារគ្មានផ្សែងបារីផងដែរ។
ឯកឧត្តមមានជំនឿថា កម្ពុជានឹងមានឈ្មោះក្រុង ឬខេត្តណាមួយទទួលបានពានគ្មានផ្សែងបារីអាស៊ាន ជាពិសេសស្រុកបន្ទាយស្រី ដែលបានក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដែលនៅជុំវិញ ជាពិសេសកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព។ ជាមួយគ្នានេះ ផ្សែងបារី និងកាកសំណល់បារី ក៏អាចប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន អនាម័យ និងភាពទាក់ទាញនៃគោលដៅទេសចរណ៍ផងដែរ។
ហេតុដូច្នេះ ការកសាងទីក្រុង និងគោលដៅទេសចរណ៍គ្មានផ្សែងបារី គឺជាការចូលរួមដោះស្រាយបញ្ហាសុខភាពសាធារណៈ និងជាការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីធានាថាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទទួលបាននូវបទពិសោធន៍ទេសចរណ៍ល្អប្រសើរ សុខសុវត្ថិភាព និងភាពកក់ក្តៅនៅគ្រប់គោលដៅទេសចរណ៍របស់យើង។
“សម្រាប់ខេត្តសៀមរាប ខ្ញុំជឿជាក់ថា ការសម្រេចបានស្រុកបន្ទាយស្រី ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាការចូលរួមចំណែកមួយជួយលើកស្ទួយគោលដៅទេសចរណ៍ស្អាតប្រកបដោយភាពទាក់ទាញ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈ ក៏ដូចជាភ្ញៀវទេសចរ”
ស្រុកបន្ទាយស្រី ជាតំបន់ដែលសម្បូរទៅដោយប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ ដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទភ្នំបូក និងប្រាសាទបុរាណជាច្រើនទៀត។ ការជក់បារី និងការបោះចោលកន្ទុយបារីដោយមិនមានសណ្ដាប់ធ្នាប់នៅតាមបរិវេណប្រាសាទ អាចបង្កឱ្យប៉ះពាល់ដល់ភាពស្អាត អនាម័យ សោភ័ណភាព និងបរិយាកាសនៃតំបន់បេតិកភណ្ឌទាំងនេះ។ លើសពីនេះ ការប្រើប្រាស់ភ្លើងសម្រាប់ជក់បារីដោយខ្វះការប្រុងប្រយ័ត្នក៏អាចបង្កហានិភ័យនៃអគ្គិភ័យនៅតាមបរិវេណដែលមានស្មៅស្ងួត និងរុក្ខជាតិជុំវិញប្រាសាទផងដែរ។ ដូច្នេះ ការលើកកម្ពស់គោលដៅទេសចរណ៍គ្មានផ្សែងបារី មិនត្រឹមតែជាការការពារសុខភាពអ្នកទេសចរ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សាសោភ័ណភាព បរិស្ថាន និងតម្លៃបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការជក់បារីនៅតាមតំបន់បេតិកភណ្ឌពិភពលោក បង្កហានិភ័យដល់សុខភាពសាធារណៈ តាមរយៈការស្រូបផ្សែងបារីពីអ្នកដទៃ ព្រមទាំងបង្កហានិភ័យ ដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈគ្រោះថ្នាក់នៃអគ្គិភ័យដែលបង្កឡើងដោយការជក់បារី និងការបំផ្លាញដល់ទីតាំងប្រវត្តិសាស្ត្រ។ លើសពីនេះ កន្ទុយបារីដែលត្រូវបានបោះចោលក៏រួមចំណែកបង្កឱ្យមានការបំពុលបរិស្ថានផងដែរ។ ដូច្នេះ ការបង្កើត និងរក្សាបាននូវបរិស្ថានគ្មានផ្សែងបារីនៅតាមតំបន់បេតិកភណ្ឌវប្បធម៌ និងគោលដៅទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការការពារសុខភាពសាធារណៈ និងថែរក្សាបរិស្ថាន ព្រមទាំងតម្លៃបេតិកភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»មិនមែនមានន័យថា ហាមឃាត់មនុស្សគ្រប់រូបមិនឱ្យជក់បារី ឬហាមឃាត់ការលក់ផលិតផលថ្នាំជក់ទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ គោលការណ៍នេះផ្ដោតលើការគ្រប់គ្រង និងរៀបចំតំបន់ទេសចរណ៍ឱ្យអនុលោមតាមច្បាប់គ្រប់គ្រងផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិនានា ដោយធានាថា ការជក់បារីមិនត្រូវធ្វើឡើងនៅទីតាំងដែលច្បាប់ហាមឃាត់ ហើយការលក់ផលិតផលថ្នាំជក់ត្រូវគោរពតាមលក្ខខណ្ឌ និងវិធានការគ្រប់គ្រងថ្នាំជក់ រួមទាំងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។ លើសពីនេះ ជួយជំរុញការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព៕












































































