អ៊ីស្រាអែល តាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ នឹងជ្រើសរើសនិស្សិតផ្នែកកសិកម្មដើម្បីចូលរួមកម្មសិក្សាកសិកម្មរយៈពេល ១១ខែនៅអ៊ីស្រាអែល។
ការជ្រើសរើសនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies នៃប្រទេសអ៊ីស្រាអែល។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស៖
-ជានិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ (សម្រាប់ថ្នាក់បរិញ្ញាបត្រ) ឬឆ្នាំទី១ (សម្រាប់ថ្នាក់បរិញ្ញាបត្ររង) នៃសាកល វិទ្យាល័យភូមិន្ទកសិកម្ម
-មានអាយុចន្លោះពី ១៩-៣០ឆ្នាំ (គិតត្រឹមខែតុលា ឆ្នាំ២០២៦)
-មានកាយសម្បទាមាំមួន និងមានសុខភាពល្អ
-មានចំណេះដឹងភាសាអង់គ្លេស អាចនិយាយ ស្តាប់ និងសរសេរបានល្អ
-មានអាកប្បកិរិយាល្អ មានភាពអំណត់ ស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់
-មានការស្ម័គ្រចិត្តចូលរួមកម្មវិធីហាត់ការនេះដោយមិនមានការបង្ខិតបង្ខំ និងមានការយល់ស្របពីអាណាព្យាបាល
-មានការយល់ច្បាស់ពីស្ថានភាពក្នុងពេលបច្ចុប្បន្ននៅប្រទេសអ៊ីស្រាអែល
-មានលទ្ធភាពចំណាយលើលិខិតឆ្លងដែន ការពិនិត្យសុខភាព ការរៀបចំឯកសារផ្សេងៗ និងសំបុត្រយន្តហោះ
និស្សិតដែលមានចំណាប់អារម្មណ៍ អាចផ្ញើពាក្យស្នើសុំចូលរួម (ដែលអាចរកបាននៅមជ្ឈមណ្ឌលការងារ) មកកាន់មជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀងរាល់ម៉ោងធ្វើការ ឱ្យបានត្រឹម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។

បន្ទាប់ពីត្រូវបានជ្រើសរើសត្រៀមបម្រុងក្នុងការចូលរួមកម្មវិធីហាត់ការនេះ និស្សិតនឹងត្រូវធ្វើលិខិតឆ្លងដែន ពិនិត្យសុខភាព និងរៀបចំឯកសារផ្សេងៗក្នុងការស្នើសុំទិដ្ឋាការ។ ប៉ុន្តែក្នុងករណីដែលស្ថានភាពក្នុងប្រទេសអ៊ីស្រាអែល មានភាពមិនប្រក្រតីណាមួយកើតឡើង សាកលវិទ្យាល័យភូមិន្ទកសិកម្មសូមរក្សាសិទ្ធិលុបចោលកម្មវិធីហាត់ការខាងលើ និងមិនទទួលខុសត្រូវចំពោះការចំណាយដែលនិស្សិតបានចំណាយរួចរាល់នេះ៕














































































