ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ ដោយលើកទឹកចិត្តយុវជន សិស្សានុសិស្ស និងជនរួមជាតិទាំងអស់ ចាប់ផ្ដើមបំផុសគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា កន្លងមក អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្កើត App No Drunk ដើម្បីឱ្យពលរដ្ឋរាយការណ៍ជាសំងាត់ ដោយមានក្រុមប្រចាំការណ៍ ២៤ម៉ោងលើ៧ថ្ងៃ និងមានមាតិកា អប់រំកម្សាន្តជាច្រើន។ ដូច្នេះ ថ្ងៃខាងមុខទៅ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងស្វាគមន៍រាល់គំនិតនវានុវត្តន៍ តាមបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យានានា ដែលប្អូនៗក្មួយៗចង់បង្កើត ដើម្បីបម្រើដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តមបន្តថា ទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងទៅនឹងខ្លឹមសារ ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឆ្លើយតបបញ្ហាគ្រឿងញៀនប្រកបដោយភាពច្នៃប្រឌិត។
”កន្លងមក ខ្ញុំសូមថ្លែងអំណរគុណដល់ប្អូនៗ ក្មួយៗ ដែលបានចូលរួមផលិតមាតិកាអប់រំនានា ដូចជា វីដេអូខ្លី ការនិពន្ធរឿង តែងកំណាព្យ ។ល។ នេះគឺជាការចូលរួមដ៏សំខាន់សម្រាប់សង្គមជាតិយើង”
ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនមានន័យថា ទាល់តែចូលរួមចាប់ជនល្មើស បង្រ្កាបគ្រឿងញៀន ទើបហៅថា ប្រយុទ្ធប្រឆាំងគ្រឿងញៀននោះទេ។ ការចូលរួមអប់រំ ផ្សាព្វផ្សាយ បង្ការ ទប់ស្កាត់ ក៏ជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ ឧទាហរណ៍ សិល្បៈករ សិល្បៈការិនី ពេលឡើងសម្តែង ឡើងប្រកួត បាននិយាយសារអប់រំ ទៅកាន់អ្នកគាំទ្រខ្លួនឱ្យជៀសឆ្ងាយពីគ្រឿងញៀន នោះគឺជាសកម្មភាពមួយ ដែលចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ម្ចាស់ផលិតកម្ម បានដាក់សារដាស់តឿនពីផលប៉ះពាល់នៃគ្រឿងញៀននៅកន្លែងអាជីវកម្មរបស់ខ្លួន, ប្អូនៗ ក្មួយៗសិស្សានុសិស្ស យុវជនកាកបាតក្រហម យុវជនកាយឫទ្ធិ ឈរលើកបដា រំលឹកដាស់តឿនពីបញ្ហាគ្រឿងញៀន និងសូម្បីតែសមាជិកគ្រួសារមួយ បានក្រើនរំលឹកកូនក្មួយខ្លួនជាប្រចាំ និងយកចិត្តទុកដាក់កុំឱ្យមានសមាជិករបស់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ក៏មានន័យថា បានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចគ្នាផងដែរ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានលើកទឹកចិត្តដល់យុវជន យុវនារី សិស្សានុសិស្ស និស្សិត ត្រូវបន្តពង្រឹងការសិក្សា អភិវឌ្ឍជំនាញសីលធម៌ វិន័យ និងសមត្ថភាពឌីជីថលរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណវុឌ្ឍិសម្រាប់អភិវឌ្ឍប្រទេសជាតិ និងត្រូវធ្វើជាគំរូល្អក្នុងការបដិសេធគ្រឿងញៀន បារីអេឡិចត្រូនិច និងអំពើអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្ដិ ក្នុងក្រុមគ្រួសារ និងសហគមន៍។




យោងតាមរបាយការណ៍ឆ្នាំ២០២៥ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុវត្តវិធានការច្បាប់ ដោយបានបង្រ្កាបបទល្មើសគ្រឿងញៀនសរុប ១៨៣២ករណី ឃាត់ខ្លួនជនសង្ស័យសរុប ៣១៩២នាក់ នារី ២៨៥នាក់ ពាក់ព័ន្ធបទល្មើសដូចជា ជួញដូរនិងរក្សាទុកគ្រឿងញៀន, ដឹកជញ្ជូននិងរក្សាទុកគ្រឿងញៀន, ចាត់ចែងសម្រួលឱ្យប្រើប្រាស់គ្រឿងញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងករណីប្រើប្រាស់គ្រឿងញៀនជាដើម។ ចំពោះ ការអប់រំ កែប្រែ និងស្ដារនីតិសម្បទា តាមរយៈការបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលជាតិស្ដារនីតិសម្បទាគ្រឿងញៀន និងមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ១៨៧៥នាក់ នារី ១៤២នាក់។
តាមរយៈរបាយការណ៍នេះ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា គឺមានតែប្រមាណ ១៥ភាគរយទៅ២០ភាគរយប៉ុណ្ណោះ ត្រូវបានប៉ុនប៉ង និងចរាចរជួញដូរក្នុងប្រទេស ចំណែកឯ ៨០ភាគរយទៅ៨៥ភាគរយទៀត ត្រូវបានចរាចរក្នុងគោលដៅបញ្ជូនទៅប្រទេសទីបី។

ឯកឧត្តមបន្តថា ការណ៍នេះ ជាសក្ខីភាពបង្ហាញថា ទីផ្សារគ្រឿងញៀននៅកម្ពុជា ត្រូវបានកាត់បន្ថយដោយប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី សិស្សានុសិស្ស ចាប់ផ្ដើមមានការយល់ដឹងជ្រាលជ្រៅអំពីវិនាសសកម្មនៃគ្រឿងញៀន ដោយខ្លួនមិនមានការភ្លើតភ្លើន ចង់សាក ចាញ់បោក ឬរងការចាប់បង្ខំណាមួយឱ្យខ្លួនធ្លាក់ក្នុងបន្លុងនៃគ្រឿងញៀនឡើយ។ ឯកឧត្តមថា នេះជានិន្នាការដ៏ល្អប្រសើរមួយ ជំរុញឱ្យប្រទេសកម្ពុជា ជៀសផុតពីគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងជាទីតាំងប្រកបដោយសុខសុវត្ថិភាព ព្រមទាំងសម្រាប់ការរស់នៅ គោលដៅទេសចរណ៍ ទាក់ទាញការធ្វើវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព៕













































































