ខណៈបញ្ញាសិប្បនិម្មិត (Artificial intelligence-AI) កំពុងក្លាយជាផ្នែកសំខាន់នៃជីវិត និងការងារនៅទូទាំងពិភពលោក អ្នកជំនាញកម្ពុជា បានអះអាងថា AI មិនមែនជាហានិភ័យសម្រាប់ការអប់រំនោះទេ ប៉ុន្តែអាចក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់លើកកម្ពស់គុណភាពនៃការរៀនសូត្រ ប្រសិនបើសិស្ស និស្សិត និងគ្រូបង្រៀនប្រើប្រាស់វាដោយត្រឹមត្រូវ។
លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់បណ្តាញព័ត៌មានAMS ថា ពិភពលោកបច្ចុប្បន្នកំពុងរស់នៅក្នុងយុគសម័យ AI និងបដិវត្តន៍ឧស្សាហកម្ម 4.0 និង 5.0 ដែលធ្វើឱ្យបច្ចេកវិទ្យានេះក្លាយជាផ្នែកមួយដែលមិនអាចជៀសវាងបាន។

លោកបញ្ជាក់ថា កម្ពុជាត្រូវតែទទួលស្គាល់ការផ្លាស់ប្តូរនេះ និងរៀនប្រើប្រាស់ AI ឱ្យមានប្រសិទ្ធភាព ព្រោះ AI គឺជាជំនួយការរបស់មនុស្ស មិនមែនជាអ្នកជំនួស ឬម្ចាស់របស់មនុស្សនោះទេ។
AI ជាជំនួយការដ៏មានប្រសិទ្ធភាពសម្រាប់ការអប់រំ ការស្រាវជ្រាវ និងការងារ។ បើយើងមិនរៀនប្រើវាទេ យើងអាចនឹងដើរយឺតជាងប្រទេសដទៃរាប់ឆ្នាំ
លោក យ៉ង់ ពៅ ក៏បានលើកឡើងថា ប្រទេសជាច្រើនបានចាប់ផ្តើមបង្រៀនកុមារឱ្យស្គាល់ AI តាំងពីថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចរស់នៅ និងធ្វើការជាមួយបច្ចេកវិទ្យានេះនាពេលអនាគត។ លោកយល់ថា កម្ពុជាក៏គួរត្រៀមធនធានមនុស្សឱ្យស្របទៅនឹងនិន្នាការសកលនេះផងដែរ។
ជុំវិញការព្រួយបារម្ភថា AI អាចធ្វើឱ្យសិស្សខ្ជិលគិត និងពឹងផ្អែកលើបច្ចេកវិទ្យាច្រើនពេក លោក ហ៊ឹន សុភាព គ្រូបណ្ដុះបណ្ដាល AI និងជាអ្នកបង្កើតប្រព័ន្ធបញ្ញា (Intelligent System) បានលើកឡើងថា បញ្ហាមិនស្ថិតនៅលើ AI នោះទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលមនុស្សប្រើប្រាស់វា។
លោកបានពន្យល់ថា ការស្វែងរកវិធីរៀនឱ្យកាន់តែងាយ និងឆាប់យល់ គឺជាចរិតធម្មជាតិរបស់អ្នកសិក្សាគ្រប់ជំនាន់។ ទោះជាយ៉ាងណា ប្រសិនបើសិស្សគ្រាន់តែយក AI មកឆ្លើយលំហាត់ដោយមិនព្យាយាមស្វែងយល់ពីដំណោះស្រាយ នោះវានឹងមិនជួយឱ្យពួកគេទទួលបានចំណេះដឹងពិតប្រាកដឡើយ។

លោកបានអំពាវនាវឱ្យគ្រូបង្រៀនកែប្រែវិធីសាស្ត្របង្រៀន និងការវាយតម្លៃ ដោយផ្តោតលើការសួរសំណួរវិភាគ ការពន្យល់ហេតុផល និងការត្រួតពិនិត្យការយល់ដឹងរបស់សិស្ស ជាជាងផ្អែកលើចម្លើយចុងក្រោយតែមួយមុខ។
សំខាន់មិនមែនថាសិស្សប្រើ AI ឬមិនប្រើទេ ប៉ុន្តែសំខាន់ថា សិស្សយល់ពីចម្លើយ និងដំណោះស្រាយនោះឬអត់។ គ្រូត្រូវផ្លាស់ប្តូររបៀបបង្រៀន និងរបៀបសួរ ដើម្បីជំរុញឱ្យសិស្សគិត និងវិភាគកាន់តែច្រើន
អ្នកជំនាញទាំងពីរយល់ស្របថា AI គួរត្រូវបានចាត់ទុកជាឧបករណ៍ជំនួយសម្រាប់ការរៀនសូត្រ និងការស្រាវជ្រាវ មិនមែនជាឧបករណ៍ជំនួសការគិតរបស់មនុស្សនោះទេ។ ប្រសិនបើមានការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងការកែប្រែវិធីសាស្ត្រអប់រំឱ្យសមស្រប AI អាចក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជានាពេលអនាគត៕












































































