ក្នុងពិធីបើកសិក្ខាសាលាស្តីពី «វិធានការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» នៅទីស្ដីការក្រសួងព័ត៌មានកាលពីថ្ងៃអង្គារ (២៦ ឧសភា) ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផ្សព្វផ្សាយទាំងឡាយ ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស គឺចាំបាច់ត្រូវមានការគោរពសិទ្ធិ គោរពសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ និងមានការថ្លឹងថ្លែងរឿងរ៉ាវ មុននឹងផ្សព្វផ្សាយ ដើម្បីកុំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ កេរ្តិ៍ឈ្មោះប្រទេស ដែលជារឿងសំខាន់បំផុត។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តួនាទីរបស់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៅក្នុងពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាផ្ដល់នូវសុវត្ថិភាពជូនដល់ប្រជាជន។ ឯកឧត្តមថា បច្ចុប្បន្ននេះ បញ្ហាស្កេមអនឡាញ កំពុងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសកម្ពុជា ហើយកិច្ចការទប់ស្កាត់អំពើជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ និងទប់ស្កាត់ស្កេមអនឡាញនេះ ក៏ត្រូវតែបង្ក្រាបទន្ទឹមគ្នា ដើម្បីការពារផលប្រយោជន៍ជាតិ។

«ការជួញដូរមនុស្សមិនជារឿងកើតឡើងតែនៅកម្ពុជាទេ វាគឺជាឧក្រិដ្ឋកម្មឆ្លងដែនផងដែរ ដែលយើងត្រូវចូលរួមនៅក្នុងការទប់ស្កាត់»
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ មានប្រសាសន៍ថា បទល្មើសនៃអំពើជួញដូរមនុស្ស និងទេសន្តរប្រវេស៍ ត្រូវបានចែកចេញជា២ គឺ បទល្មើសជួញដូរមនុស្ស និងបទល្មើសធ្វើអំពើអាជីវកម្មផ្លូវភេទ។ លោកជំទាវបន្តថា មានក្មេងស្រីជាច្រើនបានរងគ្រោះនៅក្នុងការធ្វើអាជីវកម្មផ្លូវភេទ ដោយសរុបទៅជាង ៩០ភាគរយជាមនុស្សស្រី។ ក្នុងនោះតាមរបាយការណ៍កាលពីឆ្នាំទៅ បទល្មើសធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានបង្ក្រាបចំនួន ១៤៤ករណី ដោយសង្គ្រោះជនរងគ្រោះ ៣៨៥នាក់ ស្រី៣៧៧នាក់ មានអាយុក្រោម ១៥ឆ្នាំ ចំនួន១២២នាក់ អាយុពី ១៥ដល់១៧ឆ្នាំ ចំនួន១៣៧នាក់។

បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឆ្នាំ២០២៥កន្លងទៅនេះ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន ២៧២ករណី។ ទិន្នន័យនេះ ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨ករណី គឺកើន ៧៤ករណី ស្មើនឹង ៣៧,៣៧%។ ក្នុងនោះ ការសង្គ្រោះជនរងគ្រោះចំនួន ៩៩៤នាក់ ស្រី ៦២៤នាក់៕












































































