ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបង្ហាញស្នាដៃសំណេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យ នៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើ់ប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល”។
អ្នកឈ្នះជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដូចជា ជ័យលាភីលេខ១ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ប្រាក់រង្វាន់ចំនួន ៤ លានរៀល។ ជ័យលាភីលេខ២ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ២ លានរៀល និង ជ័យលាភីលេខ៣ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ១ លានរៀល។
សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៥ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

លក្ខខណ្ឌនៃការចូលរួម ៖ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦), បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មកជាមួយឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស, សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ), ផ្ញើពាក្យចុះឈ្មោះ និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ មកកាន់អាសយដ្ឋាន៖ អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០។
នីតិវិធីនៃការវាយតម្លៃ ៖ សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ, ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល ដោយដំណាក់កាលទី១ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត, ដំណាក់កាលទី២ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។
សំបុត្រចាប់ទទួលពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧២ ០១៩ ៕






























