ចំនួននិស្សិតអន្តរជាតិទៅបន្តការសិក្សានៅប្រទេសកាណាដា បានធ្លាក់ចុះប្រមាណ ៦០ភាគរយ នៅដើមឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាលប្រទេសនេះបានបន្តធ្វើកំណែទម្រង់អន្តោប្រវេសន៍ ដើម្បីទប់ស្កាត់ការស្នាក់នៅបណ្ដោះអាសន្ន។
ទិន្នន័យថ្មីពីអង្គការអន្តោប្រវេសន៍ ជនភៀសខ្លួន និងសញ្ជាតិកាណាដា (IRCC) បង្ហាញថា មាននិស្សិតអន្តរជាតិថ្មីតិចជាង ៩ម៉ឺនាក់ បានចូលប្រទេសកាណាដា ចាប់ពីខែមករា ដល់ខែសីហា, នេះបើយោងតាមរបាយការណ៍របស់ Economic Times ដែលនេះបង្ហាញពីភាពមិនអាចទៅរួចក្នុងការអនុញ្ញតឱ្យនិស្សិតចំនួន ៤៣៧,០០០ នាក់មកបន្តការសិក្សានៅឆ្នាំនេះ។
តួលេខនេះ គឺជាកម្រិតទាបបំផុត នៃអ្នកកាន់លិខិតអនុញ្ញាតសិក្សាចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលការរឹតបន្ដឹងជំងឺរាតត្បាតនៅតែមានប្រសិទ្ធភាព។

ការធ្លាក់ចុះយ៉ាងខ្លាំងនេះ កើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Mark Carney រឹតបន្តឹងច្បាប់លើនិស្សិតបរទេស និងអ្នកធ្វើការបណ្ដោះអាសន្ន ដើម្បីដោះស្រាយសម្ពាធប្រជាជន និងលំនៅដ្ឋាន។ IRCC បាននិយាយថា ការធ្លាក់ចុះនេះ គឺជាសញ្ញាច្បាស់លាស់មួយ ដែលបង្ហាញថា វិធានការ ដែលយើងបានដាក់ចេញកំពុងដំណើរការ ដោយកត់សម្គាល់ពីការថយចុះ ២២ភាគរយ នៃអ្នកកាន់លិខិតអនុញ្ញាតធ្វើការ និងសិក្សារួមគ្នា បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអប់រំបានព្រមានថា ផលវិបាកនេះកំពុងប៉ះពាល់ដល់សាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដែលពឹងផ្អែកខ្លាំងលើការចុះឈ្មោះចូលរៀនរបស់និស្សិតអន្តរជាតិ។
លោក Matthew McDonald ទីប្រឹក្សាផ្នែកអន្តោប្រវេសន៍កាណាដា បាននិយាយថា វិស័យអប់រំអន្តរជាតិមានការព្រួយបារម្ភថា ការអនុញ្ញាតសិក្សា គឺទាបជាងអ្វីដែលបានកំណត់ ប៉ុន្តែសេចក្ដីប្រកាសព័ត៌មាននេះ បញ្ជាក់យ៉ាងច្បាស់ថា ការព្រួយបារម្ភទាំងនោះ មិនត្រូវបានចែករំលែក ដោយរដ្ឋាភិបាល Carney ទេ, នេះបើយោងតាមរបាយកាណ៍របស់ Pie News ។
ការិយាល័យអប់រំអន្តរជាតិកាណាដា (CBIE) បានជំរុញឱ្យរដ្ឋាភិបាលបន្តយុទ្ធសាស្ត្រ អប់រំសម្រាប់និស្សិតអន្តរជាតិ របស់ខ្លួន ដោយគូសបញ្ជាក់ថា និស្សិតបរទេសបានចូលរួមចំណែកជិត ៤០ពាន់លានដុល្លារកាណាដា (២៨,៥ ពាន់លានដុល្លារអាមេរិក) ដល់សេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ខណៈពេលដែលជួយបំពេញកង្វះខាតកម្លាំងពលកម្មដ៏សំខាន់។ ក្រុមនេះ ក៏បានសង្កត់ធ្ងន់លើផលប៉ះពាល់វប្បធម៌ និងតួនាទីរបស់ពួកគេក្នុងការពង្រឹងអំណាចទន់របស់ប្រទេសកាណាដានៅបរទេសផងដែរ។

កាលបរិច្ឆេទនៃការចេញផ្សាយទិន្នន័យ គឺត្រឹមតែប៉ុន្មានសប្ដាហ៍មុន នៃផែនការកម្រិតអន្តោប្រវេសន៍ឆ្នាំ២០២៥-២០២៧ និងថវិកាសហព័ន្ធ បានជំរុញឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលកំពុងសាកល្បងការឆ្លើយតបរបស់សាធារណជន មុនពេលប្រកាសពីការកាត់បន្ថយកាន់តែច្រើន។
លោក McDonald បាននិយាយថា «ការចេញផ្សាយទិន្នន័យអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺជាបញ្ហាអាចគ្រប់គ្រងបាន។ រដ្ឋាភិបាល Carney មានការព្រួយបារម្ភអំពីកម្រិតទាបបំផុត មិនមែនកម្រិតអតិបរមានោះទេ អំពីការប្រយុទ្ធប្រឆាំងនឹងការកាត់បន្ថយចំនួនប្រជាជន TR ឱ្យនៅក្រោម ៥% នៅឆ្នាំ២០២៧»។
ទោះបីជាមានការជំទាស់ពីវិស័យអប់រំក៏ដោយ អ្នកវិភាគរំពឹងថា រដ្ឋាភិបាលនឹងរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើលិខិតអនុញ្ញាតសិក្សា និងធ្វើការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលខ្លួនកំពុងស្វែងរកការធ្វើឱ្យមានតុល្យភាពរវាងកំណើនប្រជាជនជាមួយនឹងស្ថិរភាពសេដ្ឋកិច្ច និងលំនៅដ្ឋាន៕































