ក្រសួងអប់រំ យុវជន និងកីឡា កំពុងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅដើមខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែសម្រាប់សាលារៀនដែលមានទីតាំងស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅមិនទាន់អាចបើកបវេសនកាលនៅទីតាំងសាលារៀនបាននៅឡើយទេ។
ក្នុងកិច្ចប្រជុំស្តីពីការត្រៀមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ដោយបញ្ជាក់ថា សាលារៀនដែលមានទីតាំងនៅតាមព្រំដែន ដែលមិនទាន់អាចបើកបវេសនកាលឆ្នាំសិក្សាថ្មីបាន ព្រោះដោយហេតុផលស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ធ្វើឱ្យក្រុមការងារបោសសម្អាតមីន និងសាងសង់មិនអាចចូលទៅស្តារឡើងវិញបាន។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានឱ្យដឹងដែរថា ក្រសួងបានត្រៀមជាស្រេចនូវកញ្ចប់ថវិកាស្តារឡើងវិញនូវសាលារៀនរងប៉ះពាល់នៅតាមព្រំដែន ដែលក្នុងនោះមានថវិការបស់ក្រសួងផ្ទាល់ និងមានការចូលរួមឧបត្ថម្ភពីសំណាក់ដៃគូអភិវឌ្ឍ សប្បុរសជនជាតិ និងអន្តរជាតិផងដែរ។
បើតាមលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដំណើរការនៃការសាងសង់ ក៏ដូចជាជួសជុលអគារដែលរងការខូចខាតនៅតាមបណ្ដោយព្រំដែន ក្រសួងបានត្រៀមថវិកាប្រមាណចំនួន ៥០ម៉ឺនដុល្លារក្នុងការធ្វើកិច្ចការនេះ។
តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំ នឹងចាប់ផ្តើមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួង ក៏នឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន។
ដើម្បីជំរុញប្រសិទ្ធភាពការងារនេះ រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្តល់អនុសាសន៍ឱ្យក្រុមការងាររៀបចំផែនការលម្អិតពីតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មី, ផែនការក្នុងការពង្រីកមធ្យមសិក្សា និងការអនុវត្តសាលល្បងនូវគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ហើយសម្រាប់ផែនការពង្រីកមធ្យមសិក្សា ត្រូវបន្តបញ្ចូលវិធីសាស្ត្របង្រៀនថ្មីទៅការរៀន និងបង្រៀន ដោយចាប់ផ្តើមពីសាលារៀនគំរូ និងបន្តជំរុញគម្រោងពង្រីកសាលារៀនជំនាន់ថ្មី។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យក្រុមការងាររៀបចំផែនការសកម្មភាពសាងសង់ និងស្តារឡើងវិញសាលារៀនដែលរងប៉ះពាល់ ក៏ដូចជារៀបចំរបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពសាលារៀន និងទីតាំងសម្រាប់ដំណើរការបង្រៀនបណ្ដោះអាសន្ន។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពប្រទេសកម្ពុជា និងថៃ កាលពីចុងខែកក្កដា យ៉ាងហោចណាស់មានសាលារៀនចំនួន៧ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ បានរកការខូចខាត ក្នុងនោះ សាលាបឋមសិក្សាតេជោបុស្បូវ (ស្រុកជាំក្សាន្ត ព្រះវិហារ) ត្រូវបានបំផ្លាញអស់ ៩០%, សាលាបឋមសិក្សាតាមាន់សែនជ័យ (ឧត្តរមានជ័យ) ក៏ត្រូវបានបំផ្លាញស្ទើរទាំងស្រុងដែរ, សាលាបឋមសិក្សាសាយមនោរម្យ (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) រងការខូចខាតអគារ១ខ្នង, សាលាបឋមសិក្សាបុស្សធំ (ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ) ខូចខាតអគារ១ខ្នង, សាលាបឋមសិក្សាគោកប្រាសាទ (ក្រុងសំរោង ខេត្តឧត្តរមានជ័យ) រងការខូចខាតអាគារ១ខ្នង, សាលាបឋមសិក្សាជប់កាគី និងសាលាបឋមសិក្សាអូរពក (ក្រុងសំរោង) រងការខូចខាតបន្តិចបន្តួច៕
































