ការផ្លាស់ប្តូរ មិនថា ក្នុងរូបភាពអ្វីនោះទេ គឺត្រូវការការប្តេជ្ញាចិត្ត និងវិធីសាស្រ្តទើបអាចសម្រេចបាន! ប៉ុន្តែដើម្បីផ្លាស់ប្តូរគោលដៅធំបាន ចាំបាច់ត្រូវធ្វើតែសកម្មភាពធំ ឬផែនការសកម្មភាពធំៗ ឬក៏យ៉ាងណា? តាមរយៈជ្រុងមួយនៃសៀវភៅ atomic habits បានបង្ហាញពីឥទ្ធិពលនៃការផ្លាស់ប្តូរ ដោយជំហានសាមញ្ញប៉ុន្តែសម្រេចបាននូវលទ្ធផលមិនធម្មតា។ មិនថាការកំណត់ទាំងនោះ ដើម្បីសម្រកទម្ងន់ ឬការការបង្កើតអាជីវកម្ម ការសរសេរសៀវភៅ ការទទួលបានជ័យលោភី ឬក៏គោលដៅអ្វីនោះទេ ការចាប់ផ្តើមសកម្មភាពតូចៗ និងការអនុវត្តប្រចាំថ្ងៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនោះ។ ក្នុងនោះក៏មានលម្អិតបន្ថែមអំពី ឥទ្ធិពលនៃការផ្លាស់ប្តូរតិចតួចៗ ប៉ុន្តែរំលេចបាននូវសមិទ្ធផលដែលឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួន ៖
ឥទ្ធិពល នៃលទ្ធផលដែលពិបាកមើលឃើញ ៖ ការចាប់ផ្តើមតូចៗ អាចនឹងមិនផ្តល់នូវកម្លាំងចិត្តភ្លាមៗក្នុងការបន្ត ព្រោះលទ្ធផលហាក់ដូចជា តិចតួចស្តួចស្តើងពេក ឬក៏រហូតដល់ពេលខ្លះមិនចង់បន្ត ព្រោះលទ្ធផលមួយចំនួន វាពិបាកក្នុងការកត់សម្គាល់តែម្តង។ ហើយមនុស្សពិបាកក្នុងការបន្តសកម្មភាពបានទៀងទាត់ ក៏ដោយសារមិនឃើញលទ្ធផលស្តែងៗ ឬក៏វាមានដែរតែនៅក្នុងចំនួនមួយដែលតិចពេក។ ដូចនេះការបណ្តុះផ្នត់គំនិតឱ្យជឿជាក់លើចំនួនតូចៗ ជាកត្តាបង្កើនភាពអត់ធ្មត់ក្នុងការសន្សំពិន្ទុចាប់យកលទ្ធផលធំៗ។

ផ្តោតលើអ្វីដែលខ្លួនប្រព្រឹត្តប្រចាំថ្ងៃ ៖ ទម្លាប់ប្រចាំថ្ងៃឆ្លុះបញ្ចាំងពីអនាគត វាមិនសំខាន់ថា បច្ចុប្បន្ននេះកំពុងតែស្ថិតក្នុងបន្ទាត់ជោគជ័យ ឬក៏មិនទាន់ជោគជ័យនោះទេ! អ្វីដែលសំខាន់គឺទម្លាប់ នៃការប្រើប្រាស់ជីវិតប្រចាំថ្ងៃបានបង្ខិតខ្លួនទៅកាន់គោលដៅដែលខ្លួនបានដាក់។ ដូចនេះគួរតែពិនិត្យ ឬផ្ទៀងផ្ទាត់ជាមួយនឹងទម្លាប់ដែលខ្លួនអនុវត្តន៍ជារៀងរាល់ថ្ងៃជំនួសឱ្យការរង់ចាំមើលលទ្ធផលនៅពេលបច្ចុប្បន្ន។ ឧទាហរណ៍ពិនិត្យលើទម្លាប់ទូទៅដូចជា តើការចំណាយតិចរាល់ថ្ងៃជាចំណូលដែរទេ? បានហាត់ប្រាណរាល់ថ្ងៃ ឬរាល់អាទិត្យដែរទេ? បានអានសៀវភៅ ឬក៏រៀនជំនាញថ្មីៗប្រចាំថ្ងៃដែរទេ? ទោះវានៅក្នុងរូបភាពសាមញ្ញនឹងមើលទៅតិចតួច ប៉ុន្តែសកម្មភាពទាំងនេះសុទ្ធតែបានរួមចំណែកទៅកាន់អនាគតរុងរឿង។
ឥទ្ធិពលរបស់ទម្លាប់ ៖ ទម្លាប់អាចលើកជីវិតឱ្យថ្កុំថ្កើងបាន ហើយក៏អាចទាញឱ្យជីវិតធ្លាក់ចុះបានដូចគ្នា! ដែលជាហេតុត្រូវការ ពេលវេលាក្នុងការឆ្លុះបញ្ចាំងអំពីចំណុចលម្អិតតូចៗប្រចាំថ្ងៃថា តើប៉ុន្មានភាគរយដែលរួមចំណែកដល់គុណភាពជីវិត? ការឆ្លុះបញ្ចាំង និងភាពប្រុងប្រយ័ត្ន នៃការជ្រើសរើសសកម្មភាពក្នុងការអនុវត្ត បានរួមចំណែកដល់ការឌីហ្សាញទម្លាប់ប្រចាំថ្ងៃ ក្នុងការបញ្ចៀស ឬកាត់បន្ថយគ្រោះថ្នាក់នៅពេលខាងមុខ។

ផ្តោតលើប្រព័ន្ធដំណើរការជាងគោលដៅ ៖ គោលដៅនៅត្រង់ចំណុចនេះ គឺជាការផ្តោតលើលទ្ធផលដែលលោកអ្នកចង់សម្រេច ដោយឡែកប្រព័ន្ធដំណើរការ គឺជាការអនុវត្តរាល់សកម្មភាពទាំងឡាយណាដែលសម្រេចឱ្យបាននូវលទ្ធផលដែលខ្លួនចង់បាន។ ការផ្តោតលើគោលដៅពេក អាចនាំឱ្យកើតមាននូវអារម្មណ៍អាក់អន់ចិត្តព្រោះមិនទាន់ឃើញលទ្ធផល ហើយមិនដឹងថាដំណើរដែលដើរទៅ មានឧបសគ្គបែបណា បានលទ្ធផលដូចការរំពឹងទុកដែរឬទេ។ ដែលការគិតដ៏លើសលប់ទាំងនេះបានបង្កនូវផលប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្ត និងបង្អាក់ដល់ការពង្រឹងទម្លាប់ប្រចាំថ្ងៃ។
ប្រសិនបើជាលោកអ្នកពិបាកខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទម្លាប់ បញ្ហានោះនៅត្រង់ការប្រព្រឹត្តិដំណើរការប្រចាំថ្ងៃបានល្អកម្រិតណា? ព្រោះទម្លាប់មិនល្អដែលកើតមានម្តងហើយ ម្តងទៀត មិនមែនដោយសារលោកអ្នកមិនចង់ផ្លាស់ប្តូរនោះទេ ប៉ុន្តែអាចបណ្តាលមកពីការរៀបចំប្រព័ន្ធដំណើរការ ឬការអនុវត្តមិនបានទៀងទាត់។ ដូចនេះផ្តោតលើការបន្តដំណើរទៅមុខ និងអនុវត្តន៍ឱ្យបានជាប្រចាំជំនួសឱ្យការផ្តោតតែលើគោលដៅ ទោះក្នុងរូបភាពតិចក្ដី ឬច្រើនក្ដី៕






























