ក្នុងជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតអាហារូបករណ៍ (Stipendium Hungaricum) មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសហុងគ្រី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់និស្សិតអាហារូបករណ៍ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ មកអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនថែមទៀត។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្តាំផ្ញើដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានរឹងមាំ មានរបបអាហារត្រឹមត្រូវ រៀនសម្របខ្លួនលើការរស់នៅ និងជីវិតប្រចាំថ្ងៃនៅអឺរ៉ុប។ លើសពីនេះ ត្រូវមានភាពក្លាហានហ៊ានសួរសំណួរពេលមិនយល់ ឬមិនច្បាស់ចំណុចណាមួយ ត្រូវមានរបៀបរៀនសូត្រឱ្យបានច្បាស់លាស់ ដូចជាការសង្ខេបមេរៀន ស្វែងយល់ពីវប្បធម៌គេ តែកុំភ្លេចវប្បធម៌ខ្លួនឯង។ ម៉្យាងវិញទៀត ត្រូវមានភាពអត់ធ្មត់ក្នុងការរស់នៅ និងចេះគ្រប់គ្រងហិរញ្ញវត្ថុ និងពេលវេលាឱ្យបានល្អ ទាំងការកម្សាន្ត និងការរៀនសូត្រ ជាពិសេសប្រកាន់ភ្ជាប់នូវវិន័យ សីលធម៍ សុជីវធម៌ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន។
រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សានៅបរទេស ដូចជា ការថែទាំសុខភាពឱ្យបានល្អ ត្រៀមសំលៀកបំពាក់ឱ្យបានរួចរាល់ និងការហូបចុកឱ្យបានត្រឹមត្រូវ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុត្រជាក់ ត្រៀមខ្លួនរួចរាល់សម្រាប់ការរស់នៅនិងការរៀនសូត្រក្នុងបរិបទថ្មី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានចែករំលែកពីប្រវត្តិនៃការវិវត្តន៍ប្រព័ន្ធអប់រំនៃប្រទេសហុងគ្រី មកទល់ពេលបច្ចុប្បន្ននេះ ដោយថា ជាប្រព័ន្ធអប់រំអឺរ៉ុបមួយដែលត្រូវបានទទួលស្គាល់ពីគុណភាព និងប្រសិទ្ធភាព ក៏ដូចជាមានតម្លៃនៃការអប់រំជាសកល ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម ផលិតកសិកម្ម និងផ្នែកជាច្រើនផ្សេងទៀត។
រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានអបអរសាទរចំពោះសមិទ្ធផលដែលនិស្សិតអាហារូបករណ៍ទាំង១៦រូបសម្រេចបាន និងបានណែនាំឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឱ្យបានច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាឯកទេសដែលមានសមត្ថភាព ក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុភូមិវិញ៕
































