កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយមានជំនាញសិក្សាជាច្រើនមុខ។
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវជានិស្សិតអន្តរជាតិគ្រប់សញ្ជាតិសាសន៍ (មិនមានសញ្ជាតិចិន), សម្រាប់ថ្នាក់បរិញ្ញាបត្រ មានអាយុក្រោម២៥ឆ្នាំ បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។
សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានអាយុក្រោម៣០ឆ្នាំ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ, សម្រាប់ថ្នាក់បណ្ឌិត មានអាយុក្រោម៥០ឆ្នាំ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លើសពីនេះ បេក្ខជនទាំងអស់ត្រូវមាន លិខិតបញ្ជាក់ភាសាចិន (HSK) ឬ ភាសាអង់គ្លេស (IELTS/TOEFL), មានសុខភាពល្អ និងមិនទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិនផ្សេងទៀត។

បេក្ខជន បេក្នារី ត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ទម្រង់ពាក្យសុំអាហារូបករណ៍ សញ្ញាបត្របញ្ជាក់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) វិញ្ញាបនបត្រ និងប្រតិចារឹកដែលមានការបញ្ជាក់ លិខិតបញ្ជាក់ពិន្ទុតេស្តភាសា (HSK, IELTS, ឬ TOEFL), ផែនការសិក្សា (សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ ថ្នាក់បណ្ឌិត), លិខិតអនុសាសន៍ចំនួន២, លិខិតបញ្ជាក់កំណត់ត្រាមិនមានឧក្រិដ្ឋកម្ម និងលិខិតពិនិត្យសុខភាព។
បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានថ្លៃសិក្សាពេញលេញ កន្លែងស្នាក់នៅ ប្រាក់ចំណាយប្រចាំខែ (មានទៅតាមកម្រិតសិក្សា) និងធានាសុខភាពផងដែរ។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ https://scholarshipsafe.com/hubei-government-scholarship/ ។ ចាប់ទទួលពាក្យពីថ្ងៃដំណឹងរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕































