តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។ ប៉ុន្តែជាដំបូង យើងត្រូវយល់ឱ្យច្បាស់ជាមុនសិនថា តើអ្វីទៅជា ការគិតបែបពិចារណា (Critical Thinking)?
ការគិតបែបពិចារណា ឬ Critical Thinking មានន័យថា សមត្ថភាពក្នុងការគិតឱ្យច្បាស់ និងមានហេតុផល មុនពេលសម្រេចចិត្តធ្វើអ្វីមួយ ឬជឿលើអ្វីមួយ។ ក្មេងដែលមានជំនាញនេះ ចេះពិនិត្យព័ត៌មានដែលមាន ចេះរកព័ត៌មានបន្ថែម និងចេះសួរសំណួរត្រឹមត្រូវ។ ពួកគេក៏ចេះប្រៀបធៀបរកចំណុចដូចគ្នា និងចំណុចខុសគ្នា ដើម្បីយល់បញ្ហាកាន់តែច្បាស់។
អ្នកចិត្តសាស្ត្រ Marilyn Price-Mitchell លើកឡើងថា កុមារត្រូវមើលឃើញថា ការគិតជារឿងសប្បាយ ហើយត្រូវហ្វឹកហាត់ជាប់ជានិច្ច ដូចការហ្វឹកហាត់បាល់ទាត់ ឬបាល់បោះដែរ។
ខាងក្រោមនេះជាវិធី ៥ យ៉ាងដែលឪពុកម្តាយអាចអនុវត្តបានភ្លាមៗ ៖
១. ជំរុញឱ្យកូនចង់ដឹងចង់ឃើញ
កុំសួរកូនតែសំណួរដែលមានចម្លើយខ្លីៗ ដូចជា «នេះជាសត្វអ្វី?» ឬ «វារស់នៅឯណា?»។ សំណួរបែបនេះគ្រាន់តែសាកល្បងការចងចាំ។
សូមសួរសំណួរដែលធ្វើឱ្យកូនគិតវិញ ឧទាហរណ៍៖
- «ហេតុអ្វីបានជាខ្លាឃ្មុំទឹកកកមានរោមពណ៌ស?»
- «កូនមើលរូបរាងសត្វនេះ តើឃើញអ្វីខ្លះដែលប្រាប់ថាវាស៊ីអ្វី និងរស់នៅបែបណា?»
២. បង្រៀនកូនឱ្យចេះសួរសំណួរល្អ

ឪពុកម្តាយច្រើនតែចង់ឱ្យកូនឆ្លើយឱ្យត្រូវ ប៉ុន្តែការរៀនពិតប្រាកដចាប់ផ្តើមពីការចេះសួរ។
- ពន្យល់ពីប្រភេទសំណួរ៖ សំណួរខ្លះឆ្លើយបានត្រឹម «បាទ/ចាស» ឬ «ទេ» រីឯសំណួរដែលចាប់ផ្តើមដោយ «ហេតុអ្វី» ឬ «ចុះបើ…» ធ្វើឱ្យយើងគិតបានជ្រៅជាង។
- បែងចែកប្រភពចម្លើយ៖ សំណួរខ្លះឆ្លើយចេញពីបទពិសោធន៍ខ្លួនឯង ដូចជា «តើអ្វីធ្វើឱ្យមិត្តម្នាក់ក្លាយជាមិត្តល្អ?» ហើយសំណួរខ្លះត្រូវស្រាវជ្រាវ ដូចជារកក្នុងសៀវភៅ អ៊ីនធឺណិត ឬសង្កេតផ្ទាល់។
៣. បង្ហាត់កូនដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ
សៀវភៅលំហាត់ដែលមានចម្លើយស្រាប់ អាចធ្វើឱ្យកូនគិតថាគ្រប់បញ្ហាមានចម្លើយតែមួយ។ ជីវិតពិតមិនបែបនោះទេ។ ឪពុកម្តាយអាចជួយបានតាមវិធីទាំងនេះ៖
- គិតឱ្យឮៗ៖ ពេលជួបបញ្ហា សូមនិយាយចេញមកឱ្យកូនឮ។ ឧទាហរណ៍៖ «ប៉ាភ្លេចកូនសោផ្ទះ តើយើងគួរធ្វើម៉េច? ទុកទ្វារចំហ ឬចាំប៉ាទៅយកវិញ? តើមានអ្នកផ្សេងមានកូនសោទៀតទេ?»
- ចេះគ្រប់គ្រងអារម្មណ៍៖ ពេលកូនខឹង ឬតានតឹង សូមបង្រៀនឱ្យដកដង្ហើមវែងៗសិន រួចសួរថា «តើយើងមានវិធីអ្វីខ្លះដើម្បីដោះស្រាយ?» និង «បើជ្រើសវិធីនេះ តើនឹងមានអ្វីកើតឡើងបន្ទាប់?»
៤. បង្រៀនកូនញែករវាងរឿងពិត និងរឿងប្រឌិត

មុនកូនអាចវាយតម្លៃថាព័ត៌មានណាគួរជឿ គាត់ត្រូវដឹងពីភាពខុសគ្នារវាងរឿងពិត និងរឿងស្រមើស្រមៃសិន។
- អានសៀវភៅចំណេះដឹង និងសៀវភៅរឿងនិទានលើប្រធានបទតែមួយ ដូចជាកង្កែប រួចសួរថា «តើកង្កែបនិយាយបានទេ?» ឬ «តើកង្កែបលោតបានទេ?» ហើយឱ្យកូនប្រាប់ថា ពិតឬប្រឌិត ព្រមទាំងពន្យល់ហេតុផល។
- សម័យនេះកុមារឃើញរូបភាព និងវីដេអូច្រើនលើបណ្តាញសង្គម ដែលខ្លះត្រូវបានកែច្នៃ ឬបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)។ សូមអង្គុយមើលជាមួយកូន ហើយពិភាក្សាថា អ្វីពិត អ្វីត្រូវបានកែតម្រូវ។
៥. ឱ្យកូនហ៊ានសួរ នៅពេលមិនទាន់យល់
ផ្ទះគួរជាកន្លែងដែលកូនមានសុវត្ថិភាពក្នុងការនិយាយ និងសួរ។ សូមប្រាប់កូនថា ការមិនដឹង ឬមិនទាន់យល់ គឺជារឿងធម្មតា ហើយការសួរបញ្ជាក់គឺជាសញ្ញានៃភាពឆ្លាត។ ជំរុញកូនឱ្យចេះនិយាយថា៖
- «ពាក្យនេះមានន័យដូចម្តេច?»
- «ម៉ាក់ប៉ាអាចលើកឧទាហរណ៍បន្ថែមបានទេ?»
ធ្វើជាគំរូ
កូនរៀនច្រើនពីអ្វីដែលឪពុកម្តាយធ្វើ។ ប្រសិនបើកូនឃើញអ្នកចេះសួរ ចេះស្វែងរកចម្លើយ និងហ៊ានទទួលស្គាល់ថា «ម៉ាក់/ប៉ាក៏មិនទាន់ដឹងដែរ តោះរកមើលជាមួយគ្នា» នោះកូននឹងរៀនធ្វើតាម៕














































































