ប្រព័ន្ធគ្រប់គ្រងគណនេយ្យ Localize បង្កើតដោយយុវជនកម្ពុជា បានតាំងបង្ហាញក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (Franco Tech) ឆ្នាំ២០២៦ ដើម្បីជាផ្នែកមួយក្នុងការបង្ហាញពីសមិទ្ធផលរបស់ធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។
លោក កែវ វុទ្ធា ប្រធានផ្នែកលក់ប្រព័ន្ធគ្រប់គ្រងគណនេយ្យខ្មែរ Localize លើកឡើងថា ធុរកិច្ចថ្មី Localize បានដាក់ស្តង់នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច ដែលមានម្ចាស់អាជីវកម្ម និងអ្នកវិនិយោគជាច្រើនចូលរួម ដែលនេះជាឱកាសមួយសម្រាប់កម្ពុជា អាចបង្ហាញបរទេសឱ្យស្គាល់អំពីប្រព័ន្ធប្រតិបត្តិការនៅស្រុកខ្មែរថា តើនៅស្រុកខ្មែរមានមុខងារប្រព័ន្ធឌីជីថល (Function Digital) អ្វីខ្លះដែលបានអភិវឌ្ឍរួចរាល់ហើយ។

លោក កែវ វុទ្ធា បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងគណនេយ្យខ្មែរ Localize អាចជួយសម្រួលការងារដល់ម្ចាស់អាជីវកម្មដែលជួបការលំបាកក្នុងការបិទរបាយការណ៍ ការប្រកាសពន្ធជាដើម។ ធុរកិច្ចថ្មី Localize គឺផ្តោតទៅលើ Online Accounting Software ដើម្បីផ្តល់ជូនដល់ម្ចាស់អាជីវកម្ម និងគណនេយ្យករ មានរបាយការណ៍ត្រឹមត្រូវ ទាំងរបាយការណ៍ចំណូលនិងចំណាយប្រចាំខែ ឬក៏ប្រចាំឆ្នាំ និងរបាយការណ៍មួយដែលអាចយកទៅប្រកាសពន្ធបានត្រឹមត្រូវ។
គួរជំរាបជូនថា Localize នេះ បានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៨។ បច្ចុប្បន្ន មានអតិថិជន ២០០០នាក់ជាង ហើយក៏មានចូលរួមនិងគាំទ្រដល់វិទ្យាស្ថានវ៉ាន់ដាជាដើម៕





























