អង្គការ Action Education Cambodia បានបោះពុម្ពសៀវភៅសរសេរសរុបចំនួន ១ លានក្បាល ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេស ខណៈសៀវភៅនីមួយៗមិនត្រឹមតែជាឧបករណ៍សម្រាប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់សារអប់រំ និងតម្លៃសង្គម ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កុមារ និងយុវជនកម្ពុជា។
លោក វន សំភាស់ នាយកប្រចាំប្រទេស នៃអង្គការ Action Education Cambodia បានមានប្រសាសន៍ថា «សៀវភៅសរសេរមួយក្បាល អាចជាចំណុចចាប់ផ្តើមនៃក្តីសុបិន និងអនាគតរបស់កុមារម្នាក់។ នៅពេលកុមារគ្រប់រូប ទោះរស់នៅលើកោះ តំបន់លិចទឹក ឬតំបន់ដាច់ស្រយាល ទទួលបានឱកាសសិក្សាស្មើភាពគ្នា នោះយើងកំពុងកសាងអនាគតមួយដែលគ្មាននរណាម្នាក់ត្រូវទុកចោល»។
អង្គការបានឱ្យដឹងថា សៀវភៅសរសេរចំនួន ១ លានក្បាលនេះ ត្រូវបានបោះពុម្ព ២០ លើក ដោយក្នុងមួយលើកមាន ៥០,០០០ ក្បាល ហើយត្រូវបានចែកចាយទៅកាន់សិស្សនៅតំបន់ជនបទ តំបន់ដាច់ស្រយាល តំបន់លិចទឹកជុំវិញបឹងទន្លេសាប ភូមិភាគឥសាន សហគមន៍លើកោះ តំបន់ឆ្នេរសមុទ្រ និងសាលារៀនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ឬវិបត្តិនានា ដើម្បីធានាថា កុមារគ្រប់រូបមានឱកាសទទួលបានសម្ភារៈសិក្សាប្រកបដោយគុណភាព និងអាចបន្តការសិក្សារបស់ខ្លួន។

ក្រៅពីតួនាទីជាសៀវភៅសម្រាប់សរសេរ Action Education ក៏បានប្រើគម្រប និងខ្លឹមសារក្នុងសៀវភៅជាវេទិកាផ្សព្វផ្សាយចំណេះដឹង និងតម្លៃសង្គម ដោយផ្តោតលើប្រធានបទសំខាន់ៗ រួមមាន ការអភិរក្សបរិស្ថាន ការការពារសត្វព្រៃដែលជិតផុតពូជនៅកម្ពុជា ការតម្រង់ទិសអាជីពការងារ និងការលើកទឹកចិត្តឱ្យកុមារស្រឡាញ់ការរៀនសូត្រ។
ការផ្តួចផ្តើមនេះធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញវប្បធម៌អាន និងការសរសេរនៅទូទាំងប្រទេស។ ក្នុងឱកាសទិវាជាតិអំណានលើកទី១១ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការអាន និងការសរសេរ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងការពង្រឹងការយល់ដឹងអំពីពិភពលោក។

សូមជម្រាបថា ការបោះពុម្ពសៀវភៅសរសេររហូតដល់ ១ លានក្បាលរបស់ Action Education Cambodia ត្រូវបានចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតនៃការទទួលបានសម្ភារៈសិក្សារវាងកុមារនៅតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ព្រមទាំងជួយបណ្តុះទម្លាប់អាន និងសរសេរ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍចំណេះដឹង និងឱកាសសិក្សារយៈពេលវែងរបស់កុមារកម្ពុជា៕






























