កាលពីសប្តាហ៍កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនសរុបចំនួន ៦២៥នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយជោគជ័យ ក្រោមកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគ្រូបង្រៀន។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់លោកគ្រូអ្នកគ្រូជាម្ចាស់ជ័យលាភីទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីការសិក្សានេះ ទៅប្រែក្លាយសាលារៀនរបស់ខ្លួន ឱ្យទៅជា សាលារៀនគំរូ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងអបអរសាទរដល់ជ័យលាភីទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតបញ្ចប់ការសិក្សាដោយជោគជ័យ។ ឯកឧត្តមថា លទ្ធផលនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង GEIP/GEIP-AF និងមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនជ័យលាភីចំនួន ៦២៥នាក់។

«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជ័យលាភីទាំងអស់ នឹងនាំយកនូវចំណេះដឹងពាក់ព័ន្ធនឹងវិទ្យាសាស្ត្រគ្រប់គ្រង វិធីសាស្ត្របង្រៀនថ្មីៗ និងបទពិសោធដ៏មានតម្លៃដែលទទួលបានពីកម្មវិធីនេះ ទៅអនុវត្តផ្ទាល់នៅតាមសាលារៀនរៀងៗខ្លួនវិញ ប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយសាលារៀនឱ្យទៅជាសាលារៀនគំរូ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ។
បើតាមការបញ្ជាក់របស់ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), កម្មវិធីលើកកម្ពស់គុណវុឌ្ឍិនេះ គឺជាវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍វិជ្ជាជីវៈកម្រិតខ្ពស់។ គោលបំណងចម្បង គឺផ្តោតលើការលើកកម្ពស់សមត្ថភាព គុណវុឌ្ឍិ និងភាពជាអ្នកដឹកនាំរបស់នាយកសាលា នាយករង និងគ្រូបង្រៀន តាមរយៈការផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ។

កម្មវិធីសិក្សាទាំងមូលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយផ្តោតលើ ការរៀន និងបង្រៀនបែបសកម្ម (Active Learning) ភាពជាអ្នកដឹកនាំ វិធីសាស្ត្រគរុកោសល្យថ្មីៗ និងការស្រាវជ្រាវដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនៅតាមសាលារៀន (School Improvement)៕






























