ក្រោយការបង្ហាញស្នាដៃរូបថតបង្កប់ទៅដោយខ្លឹមសារដ៏ល្អ តាមរយៈការធ្វើបទបង្ហាញទៅកាន់គណៈកម្មការ ទីបំផុតគេបានរកឃើញយុវជន៣នាក់ ជាប់ជ័យលាភីឆ្នើមក្នុងការប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ការអប់រំកាយរឹទ្ធិក្នុងបុព្វហេតុជាតិមាតុភូមិ» ខណៈស្នាដៃរូបថតទាំងនោះ នឹងត្រូវបញ្ជូនទៅប្រកួតនៅថ្នាក់តំបន់អាស៊ី-បាស៊ីហ្វិច។
ជ័យលាភីឆ្នើមក្នុងការប្រកួតរូបថតកាយរឹទ្ធិជាតិថ្នាក់ជាតិលើកទី៣ រួមមាន ជ័យលាភីលេខ១ បានទៅលើ បេក្ខនារី លឹម វិច្ឆិកា មកពី កងឯកភាពវិទ្យាល័យ ស្វាយលើ ខេត្តសៀមរាប, ជ័យលាភីលេខ ២ បានទៅលើ បេក្ខជន ចាន់ធូ វឌ្ឍនា មកពី កងឯកភាពវិទ្យាល័យ ព្រះសីហនុ និងជ័យលាភីលេខ ៣ បានទៅលើ បេក្ខជន ឡុង ស៊ីវប៉ មកពី កងឯកភាពសាលារៀន សុវណ្ណភូមិ ក្រុងតាខ្មៅ៣។
មានប្រសាសន៍ក្នុងពិធីប្រគល់រង្វាន់ ការប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ឯកឧត្តម សេរី ជំនះ អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា មានប្រសាសន៍ថា ការប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ មិនត្រឹមតែជាវេទិកាប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញ សមត្ថភាព ជំនាញថតរូបអាជីព និងចែករំលែកចំណេះដឹងច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាកម្ពុជា ការលើកកម្ពស់ការពារសិទ្ធិបុគ្គល និងការច្នៃប្រឌិតថតរូបប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តម សេរី ជំនះ បានអំពាវនាវឱ្យយុវជនទាំងអស់ ប្រើប្រាស់ឱកាសដ៏មានតម្លៃនៃការថតរូប ដើម្បីបង្ហាញសមត្ថភាពឱ្យស្របតាមតថភាពជាក់ស្តែងរបស់សង្គម។ ទន្ទឹមគ្នានេះ យុវជនត្រូវចាប់ផ្តើមពីតូចនៅថ្ងៃនេះ ដែលអាចនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំនៅក្នុងសង្គមនាពេលអនាគត ក្នុងការខិតខំរៀនសូត្រនូវកំហុស ដើម្បីកែតម្រូវក្នុងការអភិវឌ្ឍខ្លួននាពេលខាងមុខ ។




គួរជំរាបជូនថា បេក្ខជន ដែលចូលរួមប្រកួតរូបថតកាយរឹទ្ធិជាតិថ្នាក់ជាតិលើកទី៣ ទទួលបានអត្ថប្រយោជន៍ រួមមាន រង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍, ការបណ្តុះបណ្តាលបច្ចេកទេសថតរូបអាជីពពីអ្នកជំនាញ និងរូបថតជ័យលាភីលេខ១ លេខ២ និងលេខ៣ ត្រូវបញ្ជូនទៅប្រកួតនៅថ្នាក់តំបន់អាស៊ី-បាស៊ីហ្វិក៕













































































