ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូគាំទ្រ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សា ឬ FutureFit for Outcome-Based Education (FEF-for-OBE)។ ក្របខណ្ឌអប់រំនេះ ត្រូវចាត់ទុកថា គឺជារបត់ថ្មីមួយ នៃកំណែទម្រង់ឧត្តមសិក្សា ឆ្ពោះទៅស្តង់ដាគុណភាពកម្រិតតំបន់ និងអន្តរជាតិ។
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្របខ័ណ្ឌអប់រំអនាគតផលនេះ ជាប្រព័ន្ធសព្វគ្រប់ និងលម្អិតសម្រាប់រៀបចំ និងអនុវត្តកម្មវិធីអប់រំ ដើម្បីផលិតនិស្សិតបញ្ចប់ការសិក្សាឱ្យមានគុណសម្បទាទាំង៥ ដែលរួមមាន ១) គុណសម្បទាពេញលេញ និងគំនិតសហគ្រិនភាព, ២) ការគិតជាប្រព័ន្ធ, ៣) ភាពធន់ ៤) បំណិនសតវត្សរ៍ទី ២១, និង ៥) ការសិក្សាពេញមួយជីវិត។
បើតាមប្រសាសន៍ឯកឧត្តម ហង់ជួន ណារ៉ុន ក្របខ័ណ្ឌអប់រំអនាគតផលនេះ បានរួមបញ្ចូលនូវគោលការណ៍ណែនាំ និងសៀវភៅណែនាំស្តីពីកម្មវិធីសិក្សាបរិវត្តន៍, គរុកោសល្យនវានុវត្តន៍ និងសមាវាយតម្លៃលទ្ធផលសិក្សា ជាផែនទីបង្ហាញផ្លូវសម្រាប់តាក់តែងកម្មវិធីសិក្សាផ្អែកលើតម្រូវការ, តម្រង់ទិសក្នុងការអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបនវានុវត្តន៍, និងជ្រើសរើសវិធីសាស្ត្រវាយតម្លៃលទ្ធផលសិក្សាគ្រប់ជ្រុងជ្រោយស្របតាមតម្រូវការ។

គួរជំរាបជូនដែរថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍នានា ជាពិសេសធនាគារពិភពលោក បានអនុវត្តកម្មវិធីគម្រោងវិនិយោគសាធារណៈជាច្រើនដំណាក់កាល ដែលនៅក្នុង រយៈពេល១០ឆ្នាំចុងក្រោយនេះ អនុវិស័យឧត្តមសិក្សាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្រោមការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា (HEQCIP), គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) និងគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2) ដែលបាននិងកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ។
បើតាមក្រសួងអប់រំសមិទ្ធផលសំខាន់ៗពីការវិនិយោគទាំងនេះ រួមមាន ១) ការបង្កើត និងកែលម្អកម្មវិធីអប់រំដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ តាមរយៈការធ្វើទំនើបកម្មកម្មវិធីសិក្សា ភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិ, ២) ការបង្កើនគុណវុឌ្ឍិបុគ្គលិកអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត, ការអនុវត្តគម្រោងស្រាវជ្រាវផ្សារភ្ជាប់ជាមួយឧហ្សាកម្ម និងការផលិតនូវផលិតផលគំរូ និងផលិតសម្រេច, ៣) ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សា បន្ទប់ពិសោធន៍, និង ៤) ការកែលម្អ និងពង្រឹងប្រព័ន្ធអភិបាលកិច្ចអនុវិស័យ និងគ្រឹះស្ថានឧត្តមសិក្សា ដោយប្រែក្លាយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និង ៥) ការដាក់ឱ្យអនុវត្តប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុងនៅតាមគ្រឹះស្ថានឧត្តមសិក្សា៕












































































