ការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមិនទាន់មានប្រសិទ្ធិភាពពេញលេញនៅកម្ពុជា

ភ្នំពេញ៖ នៅកម្ពុជាច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣កន្លងទៅ។ ច្បាប់នេះមានប្រាំមួយជំពូក និង ៦៧មាត្រា ស្តីពីសិទិ្ធរបស់អ្នកនិពន្ធ សិទ្ធិប្រហាក់ប្រហែល និងទោសទណ្ឌផ្សេងៗទៅលើទិដ្ឋភាពកម្មសិទ្ធិបញ្ញានៅក្នុងសង្គម។ ច្បាប់នេះបង្កើតឡើងក្នុងគោលបំណងធានាដល់​ការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយសម្តៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។

ទោះបីកម្ពុជាមានច្បាប់នេះក៏ពិតមែន ប៉ុន្តែទិដ្ឋភាពលួចចម្លងស្នាដៃគ្នា និងការលួចចែកចាយស្នាដៃដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមស្ថិតនៅក្នុងទម្រង់ស្រពិចស្រពិលនៅឡើយ ហើយថែមទាំងជាកង្វល់ដ៏ធំរបស់សម្មិករ។ ​

អ្នកស្រី ម៉ៅ សំណាង មានបទពិសោធន៍តែងនិពន្ធតាំងពីឆ្នាំ១៩៨០ ធ្លាប់បានត្រូវជនខិលខូចលួចចម្លងស្នាដៃរបស់ខ្លួននោះមានប្រសាសន៍ថា ទោះបីមានច្បា​ប់​ការពារស្នាដៃអ្នកនិពន្ធពិតមែន ប៉ុន្តែអ្នកស្រីមិនប្រាកដថាស្នាដៃដែលបោះពុម្ពចេញទៅត្រូវបានគេគោរពតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល​។

“ពេលដែលគេលួចយកស្នាដៃរបស់ខ្ញុំទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណែត ខ្ញុំមិនបានដឹងផ្ទាល់នោះទេ តែសិស្សរបស់ខ្ញុំប្រាប់ ពេលនោះពួកគេចង់ឱ្យខ្ញុំប្ដឹង បើមិនដូច្នេះទេអ្នកគ្រូលក់សៀវភៅមិនដាច់ឡើយ”

អ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធ

ទង្វើលួចចម្លងស្នាដៃប្រលោមលោកដោយគ្មានការអនុញ្ញាតនេះ អ្នកស្រី ម៉ៅ សំណាង បានផ្អាកការងារតែងនិពន្ធរយៈពេលជិតដប់​ឆ្នាំ ខណៈអ្នកស្រីគ្មានចេ​ត​នា​ប្តឹងអ្នកលួចចម្លង ដោយយល់ថាស្មុគស្មាញ ចំណាយប្រាក់ច្រើន និងមិនចង់ឃើញអ្នកប្រព្រឹត្តល្មើសឈឺចាប់ព្រោះកំហុសគ្មានវិជ្ជាជីវៈ។

អ្នកស្រី ម៉ៅ សំណាង បានបន្តយ៉ាងខ្លីថា អ្នកធ្វើការងារក្នុងវិស័យតែងនិពន្ធគួរគិតដល់តម្លៃស្នាដៃបង្កើតថ្មី ឬការខិតខំរបស់អ្នកផលិតផ្សេងៗ កុំបន្តគំនិតលួចចម្លងគ្នា ចំណែកការប្តឹង​ផ្តល់គ្នា​មិនមែនជារឿងងាយស្រួលនោះទេ។ 

មិនខុសពីអ្នកនិពន្ធខាងលើអ្នកស្រី សូ ភីណា សហស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ភផ្សាយ កម្ពុមេរា បានប្រាប់ AMS ដែរថា នៅកម្ពុជាការចែករំលែកស្នាដៃគ្នា​ដោ​យ​គ្មានការអនុញ្ញាតពីអ្នកនិពន្ធមិនមែនជារឿងត្រឹមត្រូវនោះទេ ពោលបានផ្ទុយពីទិដ្ឋភាពច្បាប់ទាំងស្រុង។ អ្នកស្រីកត់សម្គាល់ឃើញថា បច្ចុប្បន្នការចែកចា​យ​សៀ​វ​ភៅ ការចែកចាយគំនិត និងចែកវីដេអូដែ​ល​​មិនផ្ដល់កម្មសិទ្ធិបញ្ញាដល់អ្នកបង្កើត មិនមែនជាសីលធម៌ក្នុងការចែករំលែកឡើយ ប៉ុន្តែជាសកម្មភាពលួចចម្ល​ង​​ស្នាដៃអ្នកដទៃ ហើយធ្វើ​ឱ្យមនុស្សបាត់បង់គំនិតច្នៃប្រឌិតថ្មី។

អ្នកស្រី សូ ភីណា

“ទិញសៀវភៅពីទីផ្សារមួយក្បាល ហើយយកសៀវភៅនោះមកទៅថតចម្លងចែកចាយបន្តគ្នា នេះមិនមែនហៅថាសីលធម៌ចែករំលែកនោះទេ។ នេះគេហៅថាលួច និងលួចទាំងងងើលដោយគ្នាគិតអីសោះតែម្តង”

អ្នកស្រី សូ ភីណា អ្នកនិពន្ធ

ចំណែកអ្នកនិពន្ធស្រករក្រោយកញ្ញា លឹម ផាន់ណា ធ្លាប់មានអ្នកលួចចម្លងស្នាដៃផ្ទាល់ខ្លួនទៅផ្សព្វផ្សាយជាសាធារណៈ ក៏យល់ឃើញដែរថា កញ្ញាបាត់បង់​កម្លាំងចិត្តបង្កើតស្នាដៃថ្មីនៅពេ​ល​​​ម្ចាស់ស្នាដៃដើមមិនទទួលបានប្រយោជន៍ពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។ កន្លងទៅអ្នកលួចចម្លងស្នាដៃអ្នកដទៃតែងទទួលបានប្រយោជន៍ និងការគាំទ្រពីសា​ធា​រ​ណ​ជ​នច្រើនជាងម្ចាស់ស្នាដៃ។

កញ្ញា លឹម ផាន់ណា យល់ថាទង្វើខាងលើខុសច្បាប់ស្រុង។ ប្រសិនបើនិយាយពីសីលធម៌វិញ សកម្មភាពលួចចម្លងស្នាដៃអ្នកដទៃជារឿងដែលមិនត្រូវធ្វើដាច់ខាត ធ្វើឱ្យមនុស្សខ្ជិល មនុស្សមិនឱ្យតម្លៃដល់គ្នា សីលធម៌សង្គមធ្លាក់ចុះ មនុស្សគ្មានគំនិតផលិតស្នាដៃ ដែលជាហេតុនាំឱ្យសង្គមបាត់បង់ធនធានមនុស្សបង្កើតថ្មី។

កញ្ញា លឹម ផាន់ណា

និយាយពីស្នាដៃតែងនិពន្ធ ឬស្នាដៃបង្កើតថ្មីផ្សេងៗក្នុងការងារផលិតនៅកម្ពុជា ស្នាដៃទាំងនោះត្រូវបានការពារដោយច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែ​លមាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើរតួជាអ្នកសម្របសម្រួល ព្រមទាំងការពារស្នាដៃទាំងឡាយដែលបា​​នចុះបញ្ជីស្រ​ប​ច្បាប់។ ច្បាប់បានកំណត់ថា អ្នកនិពន្ធជាជនទាំងឡាយណាដែលបង្កើតស្នាដៃដោយគំនិតបញ្ញា និងមនោសញ្ចេតនាក្នុងវិស័យបីសំខាន់ៗ រួមមានស្នាដៃ​​វិស័យ​អក្ស​រ​សាស្ត្រ ស្នាដៃវិ​ស័យ​សិល្បៈ និងការបង្កើតស្នាដៃក្នុងវិស័យវិទ្យាសាស្ត្រ។

និយា​យដល់ចំណុចនេះ លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍អ្នកនិពន្ធខ្មែរ មានប្រសាសន៍ថា លោកមិនទាន់មានទំនុកចិត្តទាំងស្រុង​លើដំណើរការអនុវត្តច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅកម្ពុជាឡើយ ដោយសារការផ្សព្វផ្សាយពីខ្លឹមសារច្បាប់ទៅកាន់សាធារណជននៅមានកម្រិត ខណៈជនខិលខូចលួចចម្លងស្នាដៃអ្នកដទៃនៅតែបន្តប្រព្រឹត្តទាំងបំពានគ្មានខ្លាចរអាច្បាប់។

លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ។

“ខ្ញុំនិយាយទៅស្រុកយើងបើពឹងលើការងារផលិតហ្នឹងឱ្យជីវភាពមានបានដូចនៅប្រទេសគេកុំសង្ឃឹម អ្នកនិពន្ធចិញ្ចឹមខ្លួនមិនរស់ទេ ដោយសារតែសម្បូរអ្នកលួចចម្លងគ្នាហ្នឹង ។ រឿងហ្នឹងមិនគួរសោះ ល្មមដល់ពេលនាំគ្នារៀនបង្កើតថ្មីហើយ ឈប់លួចចម្លង និងត្រូវបង្ហាញសកម្មភាពល្អៗទៅកាន់មនុស្សជំនាន់ក្រោយខ្លះផង… ខ្ញុំយល់ថាប្រទេសយើងជឿនលឿនត្រូវអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ទើបស៊ីវិល័យ”

លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ

កាលពីឆ្នាំ២០១៦ ក្នុងបទសម្ភាសន៍រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយពីច្បាប់​សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល លោក ស៊ឹម សត្តា មន្ត្រីជំនាញផ្នែកនេះមានប្រសាសន៍ថា ចំណុចពិសេសនៃច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់នេះអាចការពារស្នាដៃទាំ​ងឡា​យ​​ណា​ដែលអ្នកនិពន្ធបានបង្កើតឡើង បើទោះបីស្នាដៃទាំង​នោះ​មិ​ន​ទាន់​ចុះ​ប​ញ្ជីយ៉ាងក្តី​។ ការចុះបញ្ជីស្នាដៃនៅក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈជាជម្រើសប្រសើរបំផុត ដែ​ល​អ្នក​និពន្ធគ្រប់រូបគួរធ្វើដើម្បីងាយស្រួលការ​​ពារ​សិទ្ធិ​​អ្នកនិពន្ធ។

គួរបញ្ជាក់ថា មាត្រា៥៧ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានចែងថា បុគ្គលណាដែលទទួលរងគ្រោះ ឬអាចទទួលរងនូវការប៉ះពាល់ដល់សិទិ្ធរបស់ខ្លួនជាអ្នកនិពន្ធក្ដី ឬសិទ្ធិប្រហាក់ប្រហែលក្ដី បុគ្គលនោះមានសិទ្ធិប្ដឹងតុលាការដើម្បីហាមប៉ះពាល់ដល់សិទ្ធិខ្លួន។ ប្រសិនបើទង្វើប៉ះពាល់នោះអាចនឹងកើតមាននៅក្នុងពេលឆាប់ៗខាងមុខ និងបង្គាប់ឱ្យចុងចម្លើយឈប់ធ្វើប៉ះពាល់ដល់សិទ្ធិខ្លួន ហើយប្រសិនបើទង្វើប៉ះពាល់បែបនេះនៅតែបន្តសកម្មភាព ដើមចោទអាចទាមទារឱ្យចុងចម្លើយសងជម្ងឺចិត្ត សងការខូចខាត និងប្រគល់មកវិញនូវវត្ថុតាងមានឧបករណ៍ ឬសម្ភារៈដែលជាប់រឿងហេតុ ព្រមទាំងប្រគល់ទឹកប្រាក់ចំណេញដែលបានមកពីអំពើខុសច្បាប់នោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...