ភ្នំពេញ — សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលមិនមានផែនការកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដើម្បីបំពេញតម្រូវការចំណាយក្នុងវិស័យការពារជាតិនោះទេ ខណៈការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅតែជាអាទិភាពកំពូលរបស់រាជរដ្ឋាភិបាល។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចធិបតីមានប្រសាសន៍ថា ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាល នឹងបន្តកើនឡើងនៅឆ្នាំ២០២៦ ឆ្នាំ២០២៧ និងឆ្នាំ២០២៨ ស្របពេលដែលរាជរដ្ឋាភិបាលក៏មានលទ្ធភាពបង្កើនការចំណាយលើវិស័យការពារជាតិផងដែរ ដោយមិនប៉ះពាល់ដល់ថវិកាសម្រាប់វិស័យសង្គមកិច្ច។
អ្នកវិស័យអប់រំ លោកគ្រូ អ្នកគ្រូ កុំភ័យ។ រាជរដ្ឋាភិបាលមិនមានការកាត់បន្ថយចំណាយថវិកាលើក្រសួងអប់រំទេ មានតែបន្ថែម។ អាចកើនគួរសមទៀត។ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពដ៏សំខាន់មួយ ស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្ស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការវិស័យការពារជាតិ ដោយមិនទាន់មានភាពចាំបាច់ក្នុងការផ្ទេរថវិកាពីវិស័យអប់រំ សុខាភិបាល ឬសង្គមកិច្ចនោះទេ។ សម្តេចបានគូសបញ្ជាក់ថា ការការពារជាតិ ការរក្សាបូរណភាពទឹកដី និងសន្តិសុខសង្គម ជាកិច្ចការដែលត្រូវអនុវត្តជាបន្តបន្ទាប់ និងយូរអង្វែង។
សម្តេចធិបតីក៏បានលើកឡើងដែរថា ការកសាងប្រទេសឱ្យរឹងមាំ និងការការពារជាតិប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យលើធនធានមនុស្សដែលមានគុណភាព។ ដូច្នេះ ការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច នៅតែជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
ជុំវិញការបន្តផ្តល់អាទិភាពលើវិស័យអប់រំនេះ បណ្ឌិត កែវ មាលា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់ AMS ថា វាជាទិសដៅគោលនយោបាយដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ប្រសិនបើរាជរដ្ឋាភិបាលបន្តបង្កើន និងមិនកាត់បន្ថយថវិកាជាតិសម្រាប់វិស័យអប់រំ។

លោកមានប្រសាសន៍ថា «ថវិកាជាតិ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ប្រសិនបើមានការរៀបចំ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ថវិកាទាំងនេះអាចជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន បំពាក់សម្ភារៈសិក្សាទំនើប បង្កើនការបណ្តុះបណ្តាលគ្រូបង្រៀន និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ»។
បណ្ឌិត កែវ មាលា បន្ថែមថា ការវិនិយោគជាប់លាប់លើវិស័យអប់រំ ក៏អាចជួយពង្រីកឱកាសទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលផងដែរ។ លោកបញ្ជាក់ថា នៅពេលធនធានមនុស្សត្រូវបានអភិវឌ្ឍកាន់តែប្រសើរ នោះវានឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពរបស់ប្រទេស៕










































































