គ្មានមាតាបិតាណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកអាចក្លាយជាអាណាព្យាបាលដ៏អស្ចារ្យបាន តាមរយៈការអនុវត្តទម្លាប់វិជ្ជមានប្រចាំថ្ងៃ។ ការចិញ្ចឹមកុមារម្នាក់ឱ្យលូតលាស់ប្រកបដោយសុភមង្គល និងភាពជឿជាក់ គឺទាមទារនូវការរួមផ្សំរវាងការផ្តល់ក្តីស្រឡាញ់ និងការកំណត់ព្រំដែនច្បាស់លាស់។
ខាងក្រោមនេះ យើងនឹងបង្ហាញពីទម្លាប់តូចៗ ដែលដកស្រង់ចេញពីបទពិសោធន៍របស់អ្នកជំនាញ ដើម្បីជួយអ្នកកសាងភាពរឹងមាំផ្លូវចិត្តដល់កូន ឱ្យក្លាយជាកុមារដែលពោរពេញដោយសុភមង្គល និងក្តីសង្ឃឹម៖
១. ការកំណត់ព្រំដែនដោយក្តីស្រឡាញ់ (Set Smart Limits)
កុមារត្រូវការវិន័យដើម្បីមានអារម្មណ៍ថាមានសុវត្ថិភាព។ ការកំណត់ព្រំដែនមិនមែនជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែគឺជាការបង្រៀន៖
- ផ្តល់ទំនួលខុសត្រូវ៖ បណ្តោយឱ្យកូនធ្វើអ្វីដែលពួកគេអាចធ្វើបានដោយខ្លួនឯង (ដូចជាទុកដាក់ប្រដាប់លេង ឬស្លៀកពាក់) ដើម្បីបង្កើនភាពជឿជាក់។
- កុំជួយគ្រប់រឿង៖ ទុកឱកាសឱ្យកូនដោះស្រាយបញ្ហាតូចតាចដោយខ្លួនឯង ដើម្បីបង្កើតភាពរឹងមាំ (Resilience)។
- ជ្រើសរើសសមរភូមិ៖ កុំរអ៊ូរទាំរឿងតូចតាចដូចជាការស្លៀកពាក់ ប៉ុន្តែត្រូវម៉ឺងម៉ាត់លើរឿងសំខាន់ៗដូចជា ការនិយាយកុហក ឬការប្រើអំពើហឹង្សា។
២. បង្កើតពេលវេលាដ៏មានតម្លៃ (Quality Time)

ទំនាក់ទំនងល្អកើតចេញពីការចំណាយពេលជាមួយគ្នា៖
- លេងជាមួយកូន៖ បណ្តោយឱ្យកូនជាអ្នកដឹកនាំហ្គេម និងរីករាយជាមួយពួកគេដោយគ្មានច្បាប់ទម្លាប់ច្រើន។
- អានសៀវភៅជាមួយគ្នា៖ បង្កើតទម្លាប់អានជារៀងរាល់ថ្ងៃ តាំងពីកូននៅជាទារក។
- ពេលវេលាពិសេស ១៥ នាទី៖ ផ្តល់ពេលវេលាផ្តាច់មុខឱ្យកូនជារៀងរាល់ថ្ងៃ ដោយគ្មានការរំខានពីទូរស័ព្ទ ឬការងារ។
៣. ធ្វើជាគំរូដ៏ល្អ (Be a Good Role Model)
ក្មេងរៀនតាមរយៈការមើលឃើញ ច្រើនជាងការស្តាប់បង្គាប់៖
- ហ៊ានទទួលខុសត្រូវ៖ សុំទោសកូននៅពេលអ្នកធ្វើខុស ដើម្បីបង្រៀនពួកគេអំពីការសុំទោស។
- និយាយការពិត៖ បង្ហាញភាពស្មោះត្រង់តាមរយៈសកម្មភាពជាក់ស្តែង។
- បង្ហាញក្តីស្រឡាញ់ក្នុងគ្រួសារ៖ ការបង្ហាញភាពផ្អែមល្ហែមរវាងប្តីប្រពន្ធ ជួយឱ្យកូនមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។
៤. វិធីសាស្ត្រសរសើរកូន (Effective Praise)
- សរសើរឱ្យចំចំណុច ៖ ជំនួសឱ្យការនិយាយថា “កូនពូកែណាស់” ចូរនិយាយថា “ម៉ាក់ចូលចិត្តដែលកូនមានភាពអត់ធ្មត់រង់ចាំម៉ាក់និយាយទូរស័ព្ទចប់”។
- ឱ្យកូនលួចស្តាប់ការសរសើរ៖ ការដែលកូនបានឮអ្នកនិយាយសរសើរពួកគេប្រាប់ទៅអ្នកដទៃ (ដូចជាលោកយាយ ឬលោកតា) មានប្រសិទ្ធភាពជាងការសរសើរចំៗ។
៥. បង្រៀនជំនាញសង្គម និងការដឹងគុណ
- សួរសំណួរ ៖ សួរសំណួរដែលជំរុញឱ្យកូនចេះសន្ទនា ដូចជា “តើថ្ងៃនេះកូនសប្បាយចិត្តរឿងអ្វីជាងគេ?”។
- បង្រៀនឱ្យស្គាល់តម្លៃនៃសីលធម៌៖ ពន្យល់កូនថា ការធ្វើជាមនុស្សល្អ ចិត្តល្អ និងស្មោះត្រង់ នឹងធ្វើឱ្យពួកគេមានមោទនភាពចំពោះខ្លួនឯង។
- រង្វង់នៃការដឹងគុណ៖ ជួបជុំគ្នានៅពេលបាយល្ងាច ហើយនិយាយពីអ្វីដែលល្អៗដែលបានកើតឡើងក្នុងថ្ងៃនោះ។

៦. សុខភាព និងការលូតលាស់ផ្នែករាងកាយ
- កាត់បន្ថយការមើលទូរទស្សន៍៖ កុំដាក់ទូរទស្សន៍ក្នុងបន្ទប់គេងរបស់កូន។
- ជំរុញការធ្វើចលនា៖ ការហាត់ប្រាណ និងការលេងកីឡាមានទំនាក់ទំនងផ្ទាល់ទៅនឹងការលូតលាស់ខួរក្បាល។
- ការពារសុខភាព៖ ចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ដុសធ្មេញឱ្យបានទៀងទាត់។
ដំបូន្មាន ៖ កូនៗមិនមែនជារបស់យើងរហូតឡើយ ពួកគេគ្រាន់តែមកស្នាក់នៅជាមួយយើងមួយរយៈកាលប៉ុណ្ណោះ។ ក្នុងអំឡុងពេលដ៏ខ្លីនេះ ចូរនិយាយពាក្យ “ម៉ាក់/ប៉ា ស្រឡាញ់កូន” ឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបាន និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយពួកគេ៕






























