ក្រសួងអប់រំបញ្ចូលសាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ ជាគ្រឹះស្ថានសិក្សាសាធារណៈ

ភ្នំពេញ៖ ​ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលសាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យក្លាយជាគ្រឹះស្ថានសិក្សាសាធារណៈ និងបញ្ចូលគ្រូបង្រៀន ២៦នាក់ទៅក្នុងក្របខ័ណ្ឌបុគ្គលិកអប់រំ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ចាន់ សារិន នាយកប្រតិបត្តិសាលាអង្គការជំនួយនៃក្ដីសង្ឃឹម បានមានប្រសាសន៍ថា ការប្រែក្លាយសាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ទៅជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅនៅពេលនេះ នឹងចូលរួមពង្រឹងគុណភាពអប់រំកុមារអូទីស្សឹមឱ្យកាន់តែប្រសើរ។

“ខ្ញុំពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹម ដែលក្រសួងអប់រំ និងទទួលបានសេចក្ដីសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ សម្រេចបញ្ចូលសាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ជាគ្រឹះស្ថានអប់រំសាធារណៈ ព្រមទាំងបញ្ចូលគ្រូបង្រៀនជាបុគ្គលិករដ្ឋ។ សាលាអង្គការជំនួយនៃក្ដីសង្ឃឹមជាវិទ្យាល័យទីប្រាំមួយដែលមានការបណ្ដុះបណ្ដាលកុមារអូទីហ្សឹម និងទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះកុមារអូទីហ្សឹម”

លោក ចាន់ សារិន នាយកសាលាអង្គការជំនួយនៃក្ដីសង្ឃឹម

សាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍បានប្រែក្លាយទៅជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ចាប់ពីឆ្នាំសិក្សា២០២០-២០២១ និងទទួលបានការឧបត្ថម្ភថវិកាដំណើរការសាលារៀនពីរាជរដ្ឋាភិបាល។

សូមជម្រាបថា សាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ បានបង្កើតឡើងនៅចុងឆ្នាំ២០១២ ជួយកុមារអូទីហ្សឹមនៅកម្ពុជាឱ្យបានចូលរៀន ដោយបានទទួលការឧបត្ថម្ភពីអង្គការនានា។ សាលាបានទទួលសិស្សកន្លងទៅចំនួន ២០៥នាក់បណ្តុះបណ្តាលនិងអភិវឌ្ឍន៍សមត្ថភាព។ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានទីតាំងនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕