ហេតុអ្វីកម្ពុជានៅលេខ៨១ ក្នុងរង្វាយតម្លៃ PISA ឆ្នាំ២០២២ ទោះ​ជាមានកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៤?

ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ​ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយ​បានដាក់ចេញ​នូវ​វិធានការណ៍​ជា​បន្ត​បន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សា​ទុតិយភូមិ តាមរយៈការ​អនុវត្តគោល​ការណ៍ “អ្នកចេះគឺជាប់”, កំណែទម្រង់សាលារៀនជំនាន់ថ្មី ដោយ​ដាក់បញ្ចូលការ​បណ្តុះបណ្តាល STEM, ការអប់រំបច្ចេកវិទ្យា ក៏​ដូចជាការលើក​កម្ពស់ជីវភាព និង​សមត្ថភាពគ្រូបង្រៀនជាដើម។ រយៈពេលមួយទសវត្សរ៍ក្រោយ​ការធ្វើកំណែទម្រង់ គេឃើញថា វិស័យអប់រំ​នៅកម្ពុជា​ហាក់មានភាពល្អប្រសើរឡើង។ ភាពល្អប្រសើរនេះ ស្តែងចេញតាម​រយៈលទ្ធផលនៃការប្រឡងមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលចំនួនសិស្ស​ទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ រហូ​តដល់ជាង៣ពាន់នាក់ក្នុងការប្រឡងឆ្នាំ២០២៥។

តែយ៉ាងណា តាមរយៈលទ្ធផល នៃកម្មវិធីរង្វាយតម្លៃសិស្ស​ជា​អន្តរជាតិ (PISA) ឆ្នាំ២០២២ បែរជាបានបង្ហាញពីចំណាត់ថ្នាក់របស់កម្ពុជា ស្ថិត​នៅ​លេខរៀងទី៨១ទៅវិញ។ ហេតុអ្វីកម្ពុជា​ស្ថិត​នៅ​ក្នុងចំណាត់ថ្នាក់លេខ ៨១ បើទោះជា​មានការធ្វើកំណែទម្រង់វិស័យអប់រំ​ តាំងពីឆ្នាំ២០១៤?

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា សម្រាប់កម្ពុជា យើងធ្លាប់រំពឹងថាកំណែទម្រង់ឆ្នាំ២០១៤ និងបន្តបន្ទាប់មកនឹងធ្វើឱ្យយើងលោតផ្លោះកម្រិតអប់រំភ្លាមៗ ប៉ុន្តែ PISA បានទាញយើងឱ្យមកមើលការពិតនៃគ្រឹះអប់រំមូលដ្ឋានរបស់យើងវិញ។ លោកថា នេះមិនមែនជារឿងអវិជ្ជមានទាំងស្រុងនោះទេ តែវាជាកណ្តឹងរោទិ៍ដាស់តឿនស្មារតីដ៏មានតម្លៃ ដើម្បីឈានទៅរកកំណែទម្រង់ស៊ីជម្រៅជាប្រព័ន្ធបន្ថែមទៀត។

លោកបណ្ឌិតពន្យល់ថា ការវាយតម្លៃរបស់ PISA ខុសស្រឡះពីការប្រឡងបាក់ឌុប។ PISA វាយតម្លៃសិស្សអាយុ ១៥ឆ្នាំ (ប្រមាណថ្នាក់ទី៩ ឬ ១០) ផ្តោតលើ​សមត្ថភាពត្រិះរិះពិចារណា (Critical Thinking) ការអនុវត្ត និងការដោះស្រាយបញ្ហាក្នុងជីវិតពិត មិនមែន​ការទន្ទេញ​ចាំមាត់នោះទេ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បើតាមលោកបណ្ឌិត សុខ សូត្រ មូលហេតុចម្បងដែលធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់នេះ រួមមាន ភាពខុសគ្នា​នៃគោលដៅកំណែទម្រង់ ដោយ​កំណែទម្រង់បាក់ឌុបឆ្នាំ២០១៤ មានគោលដៅចម្បងលើ “សុចរិតភាព តម្លាភាព និងការលុបបំបាត់ការលួចចម្លង” ដែលជាជំហានដ៏ត្រឹមត្រូវបំផុត។ ប៉ុន្តែការធ្វើឱ្យការប្រឡងតឹងរ៉ឹង មិនបាន​ផ្លាស់ប្តូរវិធីសាស្ត្របង្រៀនឱ្យទៅជាការគិតបែបវិភាគ និងដោះស្រាយបញ្ហាភ្លាមៗនោះទេ។

បញ្ហាប្រព័ន្ធដែលចាក់ឫសជ្រៅ ក៏​ជា​មូលហេតុ​មួយដែរ ដោយសិស្សអាយុ ១៥ឆ្នាំ ដែលប្រឡង PISA ឆ្នាំ២០២២ ភាគច្រើនធំដឹងក្តីក្នុងប្រព័ន្ធមួយដែលនៅមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ បណ្ណាល័យ បន្ទប់ពិសោធន៍ និងសម្ភារៈ​ឧបទេសទំនើបៗ និងភាគច្រើនមិនបានចូលរៀនមត្តេយ្យផងទេ។ ការផ្លាស់ប្តូរផ្នត់គំនិតពីការរៀនតាមបែបចាស់ ទៅជាការរៀនបែបអនុវត្ត ត្រូវការពេលវេលា មិនមែនត្រឹមតែការកែប្រែការប្រឡងម្តងនោះទេ។

កត្តាសេដ្ឋកិច្ច-សង្គម ក៏​ជា​មូលហេតុ​មួយទៀត ដោយយោង​តាមទិន្នន័យបង្ហាញថា សិស្សកម្ពុជាវ័យ ១៥ឆ្នាំ មួយចំនួនធំបានបោះបង់ការសិក្សា ឬរៀនយឺត។ ការវាយតម្លៃរបស់ PISA ឆ្លុះបញ្ចាំង​ពីឧបសគ្គដែល​កុមារកម្ពុជា​កំពុងជួបប្រទះ​ក្នុងជីវភាពប្រចាំថ្ងៃ ដែលជះឥទ្ធិពលផ្ទាល់ដល់ការស្រូបយកចំណេះដឹង។

ទោះបីជាកម្ពុជានៅចំណាត់ថ្នាក់ទាប បើតាម​លោកបណ្ឌិត សុខ សូត្រ ដោយ​ផ្អែកលើទិន្នន័យពីអង្គការ OECD បង្ហាញថា កម្ពុជាគឺជា​ប្រទេសមួយ​ក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើពិភពលោក ដែលទទួលបាន​ការកើនឡើងនូវពិន្ទុ ក្នុងមុខវិជ្ជាទាំង៣ បើប្រៀបធៀបនឹងការប្រឡង PISA-D លើកមុន ក្នុងគ្រាដែលប្រទេសភាគច្រើន (រួមទាំងប្រទេសជិតខាង) ធ្លាក់ចុះពិន្ទុ​យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងនោះ គណិតវិទ្យាបានកើនពី ៣២៤ ទៅ ៣៣៦ ពិន្ទុ, អំណាន កើនពី ៣២១ ទៅ ៣២៩ ពិន្ទុ និង វិទ្យាសាស្ត្រ កើនពី ៣៣០ ទៅ ៣៤៧ ពិន្ទុ។

លោកបណ្ឌិត សុខ សូត្រ មានប្រសាសន៍ថា នេះជាភស្តុតាងបង្ហាញថា កំណែទម្រង់វិស័យអប់រំ​របស់កម្ពុជា​កំពុងដើរ​លើផ្លូវត្រូវ គ្រាន់តែចាប់ផ្តើមចេញពីចំណុចមូលដ្ឋានទាបបំផុត (Low Baseline) ដូច្នេះល្បឿន​នៃការជែង​យកឈ្នះប្រទេសដទៃ​ គឺត្រូវការពេលវេលា។

កម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ (PISA) គឺជាការធ្វើតេស្ត​អន្តរជាតិ​ ធ្វើឡើង​ដោយអង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ដែលវាយតម្លៃប្រព័ន្ធអប់រំ​តាមរយៈ​វាស់ស្ទង់​ការអនុវត្ត​របស់សិស្សអាយុ១៥ឆ្នាំផ្នែកគណិតវិទ្យា ការអាន និងវិទ្យាសាស្ត្រ។ ការធ្វើតេស្ត PISA តែងធ្វើ​ឡើង​រយៈពេល៣ឆ្នាំម្តង ហើយការធ្វើតេស្ត PISA ថ្មីបំផុតត្រូវបានធ្វើឡើងនៅឆ្នាំ២០២២ ខណៈលទ្ធផលត្រូវបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ ដើម្បីជួយ​ឱ្យ​លទ្ធផលរង្វាយតម្លៃ PISA របស់កម្ពុជា មានលទ្ធផលល្អប្រសើរ លោកបណ្ឌិត សុខ សូត្រ បាន​លើកយក​មេរៀនសំខាន់ៗពីប្រទេស​សិង្ហបុរី ដែលប្រទេសនេះ មានលទ្ធផល PISA នៅលំដាប់លេខរៀងទី១ នោះគឺ ៖

ប្រព័ន្ធវាយតម្លៃជាត្រីវិស័យនៃការបង្រៀន (Assessment Drives Pedagogy) ៖ នៅសិង្ហបុរី វិញ្ញាសាប្រឡងថ្នាក់ជាតិ (ដូចជា PSLE សម្រាប់បឋមសិក្សា និង O-Levels សម្រាប់មធ្យមសិក្សា) ត្រូវបានរៀបចំឡើងឱ្យស៊ីចង្វាក់គ្នាទាំងស្រុងទៅនឹងសមត្ថភាពដែល PISA វាយតម្លៃ។ សំណួរប្រឡងមិនទាមទារឱ្យសិស្សសរសេររៀបរាប់និយមន័យ ឬទន្ទេញរូបមន្តនោះទេ តែសឹង្ហបុរីដាក់សេណារីយ៉ូបញ្ហាក្នុងជីវិតពិត (Real-world scenarios) ហើយទាមទារឱ្យសិស្សប្រើប្រាស់ចំណេះដឹងគណិតវិទ្យា ឬវិទ្យាសាស្ត្រ ដើម្បីវិភាគ និងរកដំណោះស្រាយភ្លាមៗ។

ការផ្លាស់ប្តូរពីការចងចាំ ទៅជាការគិតបែបច្នៃប្រឌិត (Rote Learning to Creative Thinking)៖ ទោះបីជាសិង្ហបុរីធ្លាប់មានប្រព័ន្ធអប់រំដែលពឹងផ្អែកលើការប្រឡងខ្លាំង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំសឹង្ហបុរីបានលុបចោលការប្រឡងពាក់កណ្តាលឆមាសមួយចំនួន ដើម្បីបន្ថយសម្ពាធនៃការទន្ទេញចាំមាត់ និងទុកពេលវេលាឱ្យសិស្សធ្វើការស្រាវជ្រាវ អនុវត្តជាក់ស្តែង និងអភិវឌ្ឍជំនាញទន់។ ជាលទ្ធផល សិស្សសិង្ហបុរីមិនត្រឹមតែពូកែគណិតវិទ្យាទេ ថែមទាំងទទួលបានចំណាត់ថ្នាក់លេខ ១ លើការគិតបែបច្នៃប្រឌិត (Creative Thinking) ក្នុងព្រឹត្តិការណ៍ PISA ចុងក្រោយនេះទៀតផង។

ការប្រើប្រាស់ទិន្នន័យដើម្បីកែទម្រង់ (Data-Driven Reform) ៖ សិង្ហបុរីមិនចាត់ទុក PISA ត្រឹមតែជាការប្រកួតប្រជែងនោះទេ តែគេយកទិន្នន័យនេះមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង ដើម្បីកែសម្រួលកម្មវិធីសិក្សាជាតិ និងកម្មវិធីបណ្តុះបណ្តាលគ្រូជាប្រចាំ។

ត្រឡប់មកវិញ សម្រាប់លោកបណ្ឌិត សុខ សូត្រ ការទទួលបានចំណាត់ថ្នាក់ទី៨១ ក្នុងរង្វាយតម្លៃ PISA មិនមែនជារឿងគួរឱ្យខ្មាសអៀន ដែលយើងត្រូវបិទបាំងនោះទេ ផ្ទុយទៅវិញវាគឺជា ទិន្នន័យគោលដ៏មានតម្លៃបំផុត (Baseline Data) ដែលកម្ពុជាមិនធ្លាប់មានពីមុនមក។ វាក៏ជាត្រីវិស័យបញ្ជាក់ថា ប្រព័ន្ធអប់រំរបស់យើងត្រូវតែឈានចូលដល់ “កំណែទម្រង់រលកទី២”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...