ហេតុអ្វីមនុស្សគ្រប់រូបត្រូវមានសីលធម៌ល្អក្នុងការរស់នៅ?

ការរស់នៅមានសីលធម៌ល្អ ជាការបង្ហាញអំពីតម្លៃនៃភាពជាមនុស្ស និងការរស់នៅជាមនុស្សល្អក្នុងសង្គម ។ ទន្ទឹមគ្នានេះ ប្រសិនបើការរស់នៅគ្មានសីលធម៌ គុណធម៌ និងសុជីវធម៌ នោះសង្គមជាតិនឹងគ្មានសណ្ដាប់ធ្នាប់ល្អ និងសេចក្ដីថ្លៃថ្នូរ។

យ៉ាងណាមិញ មូលហេតុដែលធ្វើឱ្យសីលធម៌មនុស្សធ្លាក់ចុះ អាចបណ្ដាលមកពីកត្តាសង្គ្រាមអូសបន្លាយ បានធ្វើឱ្យមនុស្សធ្លាក់ក្នុងភាពក្រីក្រ ខ្វះជម្រកព្រាត់ប្រាស់បងប្អូន ប្រពន្ធប្ដី ឪពុកម្ដាយ លែងជឿទុកចិត្តគ្នាឯង ខ្វះការអប់រំ ខ្វះអាហារ ពេលនោះហើយមនុស្សលែងត្រូវការសេរីភាព លែងខ្វល់ខ្វាយពីសីលធម៌ គេត្រូវការតែដុំបាយដើម្បីដាក់ក្នុងក្រពះដើម្បីតែរស់ ហើយពេលនោះសីលធម៌ក៏ធ្លាក់ចុះ។ ម៉្យាងវិញទៀត ការប្រើប្រាស់គ្រឿងញៀនបានធ្វើឱ្យមនុស្សវង្វេងស្មារតីលែងស្គាល់អ្វីល្អ អ្វីអាក្រក់ ហ៊ានធ្វើ​អ្វីគ្រប់បែបយ៉ាង ដើម្បីបំពេញបំណងខ្លួន ដូច្នេះហើយសីលធម៌ក៏គ្មានដែរ។ ចំណែក បុគ្គលដែលខ្វះនូវការអប់រំ ខ្វះនូវចំណេះវិជ្ជា ខ្វះនូវការពិចារណា ធ្វើឱ្យគេមិនដឹងថា តើសកម្មភាពដែលគេបានធ្វើត្រឹមត្រូវទៅតាមគន្លងសីលធម៌ដែរឬអត់? ហើយសីលធម៌ក៏ធ្លាក់ចុះបន្ដិចម្ដងៗ ដោយសារតែខ្វះការអប់រំផ្នែកសីលធម៌។

ឆ្លើយតបនឹងសំណួរដែលរថា ហេតុអ្វីមនុស្សគ្រប់រូបត្រូវមានសីលធម៌ល្អក្នុងការរស់នៅ? អ្នកជំនាញសង្គម យល់ឃើញថា សីលធម៌ល្អក្នុងការរស់នៅ ពិតជាសំខាន់ និងចាំបាច់ក្នុងការកសាងសង្គមជាតិមួយឱ្យមានការរីកចម្រើន មានសណ្ដាប់ធ្នាប់ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សីលធម៌ នៃការរស់នៅ គឺជារឿងសំខាន់ ប្រសិនបើមនុស្សមានសីលធម៌ល្អ មានន័យថា មនុស្សដឹងថា អ្វីខុស អ្វីត្រូវ អ្វីគួរធ្វើ និងមិនគួរធ្វើ អ្វីជាតួនាទី និងកាត្វកិច្ចរបស់ខ្លួន។ លើសពីនេះ ការរស់នៅទាំងកម្រិតបុគ្គល គ្រួសារ សហគមន៍ សង្គមជាតិ ឬទាំងកម្រិតតំបន់ និងពិភពលោក មានភាពសុខុដុមរម្យនាគ្មានការរំលោភបំពាន ការកេងចំណេញ អំពើពុករលួយ ឬអំពើហិង្សាផ្សេងៗ។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា សីលធម៌ គឺជាមូលដ្ឋានគ្រឹះ នៃច្បាប់ដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ លោកបណ្ឌិតបន្តថា កាលណាមនុស្សមានសីលធម៌ល្អ នាំឱ្យមនុស្សគោរពច្បាប់ ហើយនៅពេលមនុស្សគោរពច្បាប់នាំឱ្យមនុស្សមានសីលធម៌ល្អ ឬនៅពេលមនុស្សគ្មានសីលធម៌ល្អក្នុងការរស់នៅ នោះច្បាប់នឹងដាក់ទោស។ លោកបណ្ឌិតបន្តថា ទោះបីជាមានច្បាប់ក៏ដោយ ក៏មិនអាចគ្រប់គ្រងអំពើអាក្រក់របស់មនុស្សបាន ហើយអំពើអាក្រក់របស់មនុស្សអាចមានភាពបត់បែន រហូតច្បាប់ចែងមិនទាន់អស់នៅឡើយ។ ដូច្នេះ ក្នុងសង្គមរស់នៅមនុស្សត្រូវមានសីលធម៌រស់នៅល្អ ដើម្បីជួយទប់ស្កាត់អំពើអាក្រក់ទាំងឡាយដែលកើតឡើងពីបុគ្គល ពីក្រុមមនុស្ស ទើបសីលធម៌មានភាពចាំបាច់ណាស់សម្រាប់ការរស់នៅក្នុងសង្គម។

ចិត្តវិទូរកឃើញថា មនុស្សមានភាពអាត្មានិយមពីធម្មជាតិ ហើយទស្សនៈវិទូ ក៏បានយល់ថា ធម្មជាតិមនុស្សអាក្រក់ ឃោរឃៅ កាច ប្រសិនជាគ្មានសីលធម៌ក្នុងការតម្រង់ទិស។

បើតាម លោកបណ្ឌិត ឈត ប៊ុនថង មនុស្សគ្រប់រូបត្រូវមានសីលធម៌ល្អក្នុងការរស់នៅ តាមរយៈការអនុវត្តសីលធម៌ទាំង៥ រួមមាន ទី១. សីលធម៌ផ្ទាល់ខ្លួន សំដៅលើ មនុស្សត្រូវស្គាល់ខ្លួនឯង មានទំនួលខុសត្រូវចំពោះខ្លួនឯង មានមនសិកា ចេះអភិវឌ្ឍន៍ខ្លួនឯង និងមិនប្រព្រឹត្តអំពើអបាយមុខដែលនាំឱ្យវិនាសខ្លួនឯង ដូចជា ផឹកគ្រឿងស្រវឹង ជក់បារី ប្រើប្រាស់គ្រឿងញៀន លេងល្បែងស៊ីសង។ ទី២. សីលធម៌ក្នុងគ្រួសារ មានន័យថា ប្ដីប្រពន្ធត្រូវរស់នៅចុះសម្រុងគ្នា ចេះជួយគ្នារវាងប្ដីប្រពន្ធជាដើម។ ឪពុកម្ដាយ ត្រូវផ្ដល់ជម្រក អាហារ និងក្ដីស្រឡាញ់ដល់កូន ហើយកូនស្ដាប់ដំបូន្មានឪពុកម្ដាយ។ ទី៣. សីលធម៌វិជ្ជាជីវៈ សំដៅលើសីលធម៌ដែលពាក់ព័ន្ធជាមួយអាជីពនីមួយៗដូចជា គ្រូពេទ្យ មេធាវី វិស្វករ អ្នកសារព័ត៌មាន ជាដើម។ កាលណានិយាយពីវិជ្ជាជីវៈ គឺមានច្បាប់នីមួយៗចែងខុសៗគ្នារវាងអ្នកច្បាប់ គ្រូពេទ្យ វិស្វករ មានភារកិច្ចការងាររៀងៗខ្លួន អ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ ទី៤. សីលធម៌សង្គម គឺការធ្វើខ្លួនឱ្យមានប្រយោជន៍ចំពោះសង្គមជាតិ រក្សាសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាថែរក្សាសម្បត្តិសាធារណៈ។ ទី៥. សីលធម៌ពិភពលោក សំដៅលើសាមគ្គីភាពជាតិ និងអន្តរជាតិ ទាំងក្នុងតំបន់ ប្រទេស និងពិភពលោក ដោយចូលរួមដោះស្រាយបញ្ហាមិនប្រើអំពើហិង្សា មិនរើសអើង ប្រកាន់ពូជសាសន៍ សាសនា ជាដើម។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមទៀតថា ដើម្បីលើកកម្ពស់សីលធម៌ក្នុងការរស់នៅរបស់មនុស្សក្នុងកម្រិតបុគ្គល កម្រិតគ្រួសារ កម្រិតជាតិ កម្រិតពិភពលោក គឺផ្ដើមចេញពីការអប់រំបណ្ដុះបណ្ដាលឱ្យមនុស្សមានចំណេះដឹងទូទៅផង និងសីលធម៌ ។ កាលណាមនុស្សមានចំណេះដឹងអំពីសីលធម៌ នឹងមិនបំពានលើអ្វីដែលខុសឆ្គង។ ដូច្នេះ មនុស្សត្រូវមានមនសិកា ក្ដីស្រឡាញ់ វិន័យ សីលធម៌ និងការគោរពច្បាប់ផងដែរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា សីលធម៌ល្អក្នុងការរស់នៅ គឺជាភាពចាំបាច់សម្រាប់សង្គមមនុស្ស ជាពិសេសសង្គមខ្មែរយើងដែលធ្លាប់មានអរិធម៌រុងរឿងតាំងពីសម័យអង្គរ ដែលនាំឱ្យសង្គមជាតិមានភាពរុងរឿង គឺដោយសារការរស់នៅមានសីលធម៌ល្អ មនុស្សគោរពគ្នាទៅវិញទៅមក ក្មេងគោរពចាស់ព្រឹទ្ធាចារ្យ សិស្សគោរពគ្រូ សហការីគោរពថ្នាក់ដឹកនាំ គោរពព្រះរាជា មានការគោរពឋានានុក្រម ធ្វើឱ្យការដឹកនាំ និងការរស់នៅល្អក្នុងសង្គម ដូច្នេះហើយយើងត្រូវការសីលធម៌ល្អក្នុងសង្គម។

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បន្ថែមថា សីលធម៌ល្អធ្វើឱ្យមនុស្សចេះគោរពគ្នាទៅវិញទៅមក ធ្វើឱ្យមនុស្សគោរពច្បាប់ ឱ្យស្គាល់គុណធម៌មនុស្ស ស្គាល់គុណតម្លៃមនុស្ស ទទួលស្គាល់ចំណេះដឹង ធ្វើឱ្យមនុស្សមានភាពសុខុដុមក្នុងការរស់នៅជាមួយគ្នា។

បើតាមលោកបណ្ឌិត យង់ ពៅ ដើម្បីឱ្យមនុស្សមានសីលធម៌ល្អក្នុងសង្គម គឺត្រូវចូលរួមព្រមៗគ្នា មិនទម្លាក់បន្ទុកទៅលើនរណាម្នាក់ឡើយ។ លោកបណ្ឌិត យល់ថា ដំបូងគេ គឺបរិស្ថានអប់រំ ព្រោះការអប់រំ គឺជាគ្រឹះនៃសីលធម៌ មានន័យថា យើងត្រូវ ទី១. បញ្ចូលកម្មវិធីមូលដ្ឋានគ្រឹះសីលធម៌ពលរដ្ឋឱ្យបានច្បាស់លាស់ ទី២. បរិស្ថានសាលារៀន មិនត្រូវមានការរំខានទៅដល់ បរិយាកាសអប់រំ ដូចជា ហាងលក់ស្រា កន្លែងលេងហ្គេមនៅក្បែរសាលរៀន ទី៣. ក្រុមគ្រួសារ ចូលរួមធ្វើជាគំរូល្អ ទី៤. បរិស្ថានសង្គម គ្មានការផឹកគ្រឿងស្រវឹងបង្ហាញដល់ក្មេងៗ ទី៥. ការប្រើបណ្ដាញសង្គម សម្បូរទៅដោយមាតិកាអប់រំ គ្មានការបង្ហោះគ្រឿងស្រវឹង ទី៦. ការផ្សព្វផ្សាយ មិនបង្ហាញរូបភាពហិង្សាជាចំណែកប៉ះពាល់ដល់សីលធម៌សង្គម។

បើតាម សៀវភៅសីលធម៌-ពលរដ្ឋវិជ្ជា ថ្នាក់ទី១២ មេរៀនទី៦ តម្លៃនៃសីលវិជ្ជា បង្ហាញដែរថា មនុស្សខ្លះ ធ្វើអំពើល្អ ពីព្រោះតែគេជឿថា ការគោរពច្បាប់ សីលធម៌ជាក់លាក់មួយ នឹងជួយឱ្យគេឈានទៅដល់សង្គមមួយដែលមានលក្ខណៈប្រសើរ ពោលគឺប្រសើរជាងសង្គមមួយដែលមិនគោរពច្បាប់ សីលធម៌។ ដូច្នេះ ដើម្បីជួយឱ្យមនុស្សមានសីលធម៌រស់នៅល្អ ត្រូវកំចាត់វប្បធម៌ហិង្សា ការប្រកាន់វណ្ណៈ ដោយបណ្ដុះក្ដីស្រឡាញ់ ធ្វើអំពើល្អ និងមានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......