ដើម្បីចូលរួមថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការប្រឡងស្នាដៃប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២៦។
លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធី មានប្រសាសន៍ថា កម្មវិធីប្រឡងស្នាដៃអក្សរសិល្ប៍នេះ ធ្វើឡើងដើម្បីលើកទឹកចិត្តសាធារណជនគ្រប់រូបចូលរួមបង្កើតស្នាដៃថ្មី។ លោកថា ប្រសិនមិនជំរុញឱ្យមានការប្រឡងទេ ស្នាដៃទាំងអស់មានតែចាស់ៗ មិនមានស្នាដៃថ្មីឡើយ។

លោក កុក រស់ លើកទឹកចិត្តដល់សាធារណជនគ្រប់រូប ពិសេសយុវជន ព្យាយាមបង្កើតស្នាដៃនិពន្ធល្អៗឱ្យបានច្រើន ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍអក្សរសាស្ត្រ និងវប្បធម៌ជាតិ។ លោកសង្ឃឹមថា យុវជននឹងព្យាយាមសិក្សាស្រាវជ្រាវ ព្យាយាមបង្កើតស្នាដៃថ្មីឱ្យបានច្រើន និងមានភាពសម្បូរបែប។
ពលរដ្ឋម្នាក់ គឺអ្នកនិពន្ធម្នាក់!
សម្រាប់ប្រធានបទនៃការប្រឡងឆ្នាំនេះ គឺសេរី ដោយផ្ទៃរឿងទាំងមូលត្រូវមានលក្ខខណ្ឌសមស្របដូចជា អត្ថន័យ មាន៣ចំណុច គឺ សច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូប មាន៣ចំណុច គឺ វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ។ ចុងក្រោយ អត្ថរស ក៏មាន៣ចំណុចដែរ គឺបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។
ដោយឡែកសម្រាប់លក្ខខណ្ឌសំណេរវិញ បេក្ខជនត្រូវដាក់ប្រឡងនូវស្នាដៃថ្មីដែលមិនធ្លាប់ទទួលបានជ័យលាភី ឬបោះពុម្ពផ្សាយពីមុន។ ត្រូវប្រើខ្នាតក្រដាស A4 ចាប់ពី១៥ ទៅ៣០ទំព័រ, អក្សរសរសេរក្នុងកុំព្យូទ័រ ប្រើ Font យូនីកូដ Khmer OS Siemreap និងត្រូវមានទំហំអក្សរ ១២។ ជាមួយគ្នានេះ អក្ខរាវិរុទ្ធ គឺត្រូវយកតាមវចនានុក្រមខ្មែរ របស់ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិខ្មែរ។
បើតាមអ្នកទទួលបន្ទុករៀបចំកម្មវិធី សម្រាប់បេក្ខជនដែលជាប់ការប្រកួតប្រជែងនេះ ជ័យលាភី មាន២ផ្នែក គឺប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ដែលនឹងជ្រើសយកជ័យលាភីពីលេខ១ ដល់លេខ៣ ។ ក្នុងនោះ សម្រាប់ជ័យលាភីប្រលោមលោកខ្នាតខ្លី មាន៣រូប និងកំណាព្យរឿង ៣រូប ទទួលបានពាន១ ប្រកាសនីយបត្រ និងថវិកា។ បន្ថែមពីនេះ ក៏មានរង្វាន់កិត្តិយស លេខ៤ និងលេខ៥ ប្រលោមលោកខ្នាតខ្លី២រូប និងកំណាព្យរឿង២រូប ដោយទទួលបានបណ្ណសរសើរ១ និងរង្វាន់លើកទឹកចិត្ត។ ការទទួលស្នាដៃធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទីជាកំហិត៕






























