សុខភាពមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ហើយវារឹតតែចាំបាច់សម្រាប់ការរីកចម្រើនរបស់សង្គមជាតិមួយ។ ប្រសិនជាសុខភាពរបស់ពលរដ្ឋភាគច្រើនក្នុងប្រទេសមួយ រងការយាយីពីជំងឺ នោះការដើរទៅមុខនិងការរីកចម្រើនក៏មិនអាចទៅរួចនោះដែរ ។ ហើយវិស័យស្នូលដ៏សំខាន់មួយ ដែលជួយទ្រទ្រង់សុខមាលភាពរបស់ពលរដ្ឋនោះ គឺវិស័យសុខាភិបាលដែលដើរតួនាទីសំខាន់ក្នុងការធានានូវកម្លាំងពលកម្មដ៏រឹងមាំមួយក្នុងប្រទេស។
តើរដ្ឋាភិបាលអាណត្តិទី៧ មានចក្ខុវិស័យយ៉ាងដូចម្តេចសម្រាប់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា?
ថ្លែងទៅកាន់អង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការអនុវត្តនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយក្នុងនោះ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺស្ថិតនៅក្នុងមុំទី៣ នៃគោលនយោបាយបញ្ចកោណ។
មុំទី៣ ដែលផ្តោតលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន មានគោលដៅជាយុទ្ធសាស្រ្ត បន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់សុខភាពបន្តពូជ, សុខភាពទារក កុមារ និងមាតា, ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និងអភិបាលកិច្ច ក្នុងវិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ, ការបន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ការលើកកម្ពស់សមត្ថភាពជំនាញ, ការលើកកម្ពស់កិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនតាមសហគមន៍។
ក្នុងជំនួបជាមួយកម្មករកម្មការិនីប្រមាណ២ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា គោលដៅយុទ្ធសាស្រ្តនៃការផ្ដល់សេវាសុខាភិបាល គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាន សេវាសុខភាពគ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។ ស្របគ្នានេះ ចក្ខុវិស័យថ្មីរបស់រាជរដ្ឋាភិបាលសម្រាប់សេវាថែមទាំសុខភាពគឺជំរុញការគ្របដណ្តប់សុខភាពជាសកលដល់ប្រជាជនចំនួន ៩លាននាក់។
សម្រាប់សេវាថែទាំសុខភាពប្រជាជននេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ក៏បានផ្តោតទៅលើយន្តការចំនួន២ ដោយទី១ ផ្តោតលើមូលនិធិសមមធ៌សុខាភិបាល ជួយដល់ការថែមទាំងសុខភាព ជួយគ្រួសារងាយរងគ្រោះ និងហានិភ័យចំនួន ៥០ម៉ឺនគ្រួសារ ដែលមានសមាជិក ១លាន៨សែននាក់ និងទី២. គោលនយោបាយពង្រីកភាពគ្របដណ្តប់ទទួលបានបណ្ណ ប.ស.ស ដល់អ្នកនៅក្នុងបន្ទុករបស់កម្មករ និយោជិត តាមរយៈការស្ម័គ្រចិត្តបដិភាគ ក្នុងគោលដៅចំនួន ៣លាននាក់។
«យើងនឹងពង្រីកវិសាលភាពនេះ អ្វីដែលបងប្អូនផ្ទាល់បានទទួលយើងនឹងបន្ត ហើយយើងនឹងពិនិត្យកញ្ចប់ដែលបន្តនេះ ដើម្បីឱ្យកាន់តែល្អប្រសើរ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានជំរុញឱ្យមានការពង្រាយសេវាសុខាភិបាល នៅតាមខេត្តឱ្យច្រើនថែមទៀត ដើម្បីផ្តល់សេវា ជូនប្រជាពលរដ្ឋកាន់តែជិត និងងាយស្រួល រួមមាន ពង្រឹងប្រព័ន្ធសេវាមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ក៏ដូចជាពេទ្យបង្អែក នៅទីប្រជុំជន ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលជាងមួយទសវត្សរ៍កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ក្នុងនោះអត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះគួរឱ្យកត់សម្គាល់ ដែលនេះជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ នៅក្នុងឆ្នាំ២០២២ កុមារប្រមាណ ៩៤% នៃកុមារទាំងអស់ដែលមានអាយុ ០-៤ឆ្នាំមានសំបុត្រកំណើត, ភាគរយនេះ គឺមានកម្រិតខ្ពស់បំផុតនៅរាជធានីភ្នំពេញប្រមាណជិត៩៤% នៅទីប្រជុំជនផ្សេងៗមានជិត ៩៧% និងនៅតំបន់ជនបទមានជិត ៩៣%៕
































