រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ បានកំពុងប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ ចាប់តាំងពីដំណើរការដំបូងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦មក។
បើតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងអប់រំ សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានបំពេញភារកិច្ច ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។
តាមការគ្រោងទុក ដំណើរការនេះនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ហើយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង ១៥ម៉ឺននាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តជាង ៣ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម ជាង ១១ម៉ឺននាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ កាលពីថ្ងៃទី២០ សីហា ឆ្នាំ២០២៦ថា ក្រសួងអប់រំមានទិសដៅយកលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំនេះមកសិក្សា និងផ្សារភ្ជាប់ជាមួយការវាយតម្លៃកម្រិតអន្តរជាតិ PISA ព្រមទាំងរៀបចំប្រព័ន្ធចំណាត់ថ្នាក់គុណភាពសាលារៀន ដោយផ្អែកលើពិន្ទុមធ្យមភាគ និងកម្រិតនិទ្ទេសរបស់សិស្ស ដូចជា A, B និង C ។ ការអនុវត្តយន្តការទាំងនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ធ្វើឡើងក្នុងគោលដៅជំរុញការកែទម្រង់វិស័យអប់រំឱ្យកាន់តែមានគុណភាព ឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអន្តរជាតិ ជាពិសេស ដើម្បីធានាថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនត្រឹមតែជាការវាស់វែងសមត្ថភាពសិស្សប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍វាស់វែង និងលើកកម្ពស់គុណភាពអប់រំទូទាំងប្រទេស ប្រកបដោយចីរភាព៕












































































