សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខនេះ។
អាហារូបករណ៍ដែលផ្តល់ជូននាពេលនេះ ផ្តោតសំខាន់លើមុខជំនាញឯកទេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មបច្ចេកវិទ្យា ដូចជា ៖ គណិតវិទ្យា និងរូបវិទ្យា, គីមីវិទ្យា និងជីវវិទ្យា, វិស្វកម្មអេឡិចត្រូនិក និងវិស្វកម្មមេកានិក, វិស្វកម្មគីមី និងជីវម៉ូលេគុល, វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម, វិស្វកម្មសេមីកុងដាកទ័រ (Semiconductor Engineering)។
លក្ខខណ្ឌសម្រាប់អ្នកដាក់ពាក្យស្នើសុំ
បេក្ខជន-បេក្ខនារីដែលមានបំណងដាក់ពាក្យ ចាំបាច់ត្រូវបំពេញតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
១. ជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឬជាអ្នកដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។
២. មានលទ្ធផលសិក្សាល្អ ដោយមាន GPA ចាប់ពី 3.00 ឡើងទៅ
៣. មានសមត្ថភាពភាសាអង់គ្លេសល្អ យ៉ាងហោចណាស់ IELTS 6.0
៤. មានអាយុក្រោម ៣៥ ឆ្នាំ។
អត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍ ៖ អាហារូបករណ៍នេះជាប្រភេទអាហារូបករណ៍ពេញថ្លៃ ដែលនឹងរ៉ាប់រងលើរាល់ការចំណាយទាំងអស់ក្នុងអំឡុងពេលសិក្សា រួមមាន ថ្លៃសំបុត្រយន្តហោះទៅ-មក, ថ្លៃសិក្សា (Tuition Fee), ធានារ៉ាប់រងសុខភាព, កន្លែងស្នាក់នៅ រួមទាំងថវិកាសម្រាប់ទិញសៀវភៅ និងការចំណាយផ្សេងៗទៀត។
ឯកសារចាំបាច់ត្រូវត្រៀមសម្រាប់ការដាក់ពាក្យ
ដើម្បីដាក់ពាក្យស្នើសុំ បេក្ខជនត្រូវរៀបចំឯកសារ (តម្រូវឱ្យស្គែនជាទម្រង់ PDF ទាំងអស់) ដូចជា៖
- ច្បាប់ចម្លងសៀវភៅគ្រួសារ និងលិខិតឆ្លងដែន (Passport) ដែលមានសុពលភាព។
- ឯកសារបញ្ជាក់ការសិក្សាដើម (ព្រឹត្តិបត្រពិន្ទុ/Transcripts, សញ្ញាបត្រ និងពានរង្វាន់ផ្សេងៗបើមាន)។
- លិខិតបញ្ជាក់សមត្ថភាពភាសាអង់គ្លេស ឬកូរ៉េ (IELTS, TOEFL, TOPIK ឬសមមូល)។
- លិខិតណែនាំ (Recommendation Letters) ចំនួន ២ ច្បាប់ ដែលមានហត្ថលេខាច្បាស់លាស់ ៖ មួយច្បាប់មកពីលោកគ្រូ-អ្នកគ្រូ ឬដេប៉ាតឺម៉ង់សិក្សា (ត្រូវផ្ញើផ្ទាល់ពីអ្នកណែនាំទៅកាន់អ៊ីមែលគណៈកម្មការ) និងមួយច្បាប់ទៀតពីបុគ្គលផ្ទាល់ខ្លួន។
- អត្ថបទសរសេរស្វ័យប្រវត្តិ (Statement of Purpose/Essay) ជាភាសាអង់គ្លេសចំនួន ២ ប្រធានបទ ដោយមួយប្រធានបទមិនឱ្យលើសពី ១,០០០ ពាក្យ ផ្តោតលើ «ហេតុអ្វីចង់ទទួលអាហារូបករណ៍ Sogang University?» និង «តើសង្ឃឹមធ្វើអ្វីជាមួយចំណេះដឹងដែលទទួលបាន?»។

និស្សិតដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវផ្ញើពាក្យស្នើសុំ និងរាល់ឯកសារដែលបានស្គែនជាទម្រង់ PDF ទាំងអស់ទៅកាន់គណៈកម្មការអាហារូបករណ៍ Sogang តាមរយៈសារអេឡិចត្រូនិច sogangscholarship@gmail.com។
ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ជាកំហិត។
សូមជម្រាបផងដែរថា សាកលវិទ្យាល័យ Sogang មិនត្រឹមតែលេចធ្លោលើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលាឈានមុខគេដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងលើជំនាញសេដ្ឋកិច្ច, ធុរកិច្ច, ទស្សនវិជ្ជា, ទំនាក់ទំនង និងភាសា នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕





























