កម្ពុជាប្តេជ្ញាលើកកម្ពស់គំរូអហិង្សាពង្រឹងគុណភាពធនធានមនុស្ស

English អត្ថបទជាភាសាអង់គ្លេស / Articles in English

ភ្នំពេញ គំរូអហិង្សា ឬការអប់រំតាមបែបវិជ្ជមានមានដូចជា ការ​ប្រើប្រាស់​ពាក្យសម្ដីទន់ភ្លន់ មិនដាក់ពិន័យកុមារដោយសកម្មភាព​វាយតប់ និងមិនដាក់សម្ពាធផ្លូវចិត្ត​លើកុមារ ។ សម្រាប់អ្នកជំនាញអប់រំពាក់ព័ន្ធ និងធ្វើការងារលើកកម្ពស់សិទ្ធិកុមារ បានបញ្ជាក់ថា អំពើហិង្សាលើកុមារពិតជាមានផលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុ​ស្ស ព្រោះកា​ល​​ណាកុមារទទួលរងអំពើហិង្សា មិនមែនប៉ះពាល់តែផ្នែកសុខភាពផ្លូវកាយប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ផ្លូវចិត្តកុមារផងដែរ ។ ទន្ទឹមគ្នានេះ​ កុមារនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ត្រូវយកចិត្តទុកដាក់ និងអប់រំដោយគំរូអហិង្សា ។

ឯកឧត្តមបណ្ឌិត ចាន់ សុភា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាមានប្រ​សា​សន៍ថា លុបបំបាត់អំពើហិង្សាលើកុមារ និងអប់រំកុមារតាមបែបគំរូអហិង្សា ផ្តើមចេញពីឥរិយាបថអប់រំវិជ្ជមានរបស់គ្រូបង្រៀន ។ ប្រសិនបើកុមារទទួលរង​ពិ​ន័​យ​អប់រំតាមបែបហិង្សា នោះនឹងផ្តល់ផលប៉ះពាលយ៉ាងដល់គុណភាពជីវិតកុមារ ។

“បើសិនជាគ្រូបង្រៀនវាយសិស្សហើយសិស្សចេះ ក្រសួងអប់រំមិនបាច់ធ្វើសៀវភៅសិក្សាឱ្យល្អ មិនបាច់ធ្វើកម្មវិធីសិក្សាទេ តម្រង់ជួរវាយសិស្សតែម្តង​ចេះ ! ប៉ុន្តែការអប់រំពិតមិនមែនអីចឹងទេ ដូចនៅក្នុងក្រសួងអប់រំ ពិសេសនាយកដ្ឋានបឋមសិក្សាមានរៀបចំជាគោលនយោបាយការពារកុមារនៅក្នុងសាលារៀន ដែលយើងបានអភិវឌ្ឍន៍ឯកសារនេះតាំងពីឆ្នាំ ២០១៦”

ឯកឧត្តមបណ្ឌិត ចាន់ សុភា ។

ឯកឧត្តមបណ្ឌិត ចាន់ សុភា បានបញ្ជាក់បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានយកគោលនយោបាយការពារកុមារនៅតាមសាលារៀន បំបែក​ជាសៀវភៅផ្សេង​ៗ​ សម្រាប់ណែនាំដល់លោកគ្រូអ្នកគ្រូ គណៈគ្របគ្រងសាលារៀន ឬសហគមន៍ ដើម្បីបង្ហាញថា តើអ្វីទៅជាធ្វើជាគំរូអហិង្សាក្នុងការអប់រំ ។

“ការអប់រំត្រូវសិក្សាពីតម្រូវការរបស់សិស្ស គ្រូបង្រៀនខុសពីកសិករ ដោយសារកសិករពួកគាត់ស្ទូងស្រូវ គាត់ដាក់ទឹកចូលស្រែទាំងអស់នឹងទទួលបានផល ប៉ុន្តែសិស្សក្នុងថ្នាក់ពីសាបសិបប្រាំនាក់ទៅសែសិបនាក់ គ្រូមិនអាចប្រើវិធីតែមួយសម្រាប់សិស្សទាំងអស់នោះទេ ! អីចឹងគាត់ត្រូវដឹងថា សិស្សមួយណាត្រូវការអ្វី ដើម្បីឱ្យសិស្សនឹងទទួលខ្លឹមសារមេរៀន សិស្សប៉ុន្មាននាក់ទៀតដែលគ្រូបង្រៀនត្រូវប្រើវិធីផ្សេងៗទៀត ដើម្បីឱ្យសិស្សទទួលបានមេរៀន”

ឯកឧត្តមបណ្ឌិត ចាន់ សុភា

ជុំវិញកិច្ចការអប់រំកុមារ និងការលើកកម្ពស់គំរូអហិង្សានៅតាមសាលារៀន ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ទៀតថា កន្លងទៅក្រសួងអប់រំបានបើកវគ្គបំប៉នសមត្ថភាពគ្រូបង្រៀនពីកិច្ចការពារកុមារនៅតាមសាលារៀន និងគំរូអហិង្សានៅក្នុងសាលារៀននៅខេត្តចំនួនបី រួមមាន​ខេត្ត បាត់ដំបង ខេត្តកំពត ខេត្តព្រៃវែង មានគណៈគ្រប់គ្រងសាលាចំនួន ១៨៦៦នាក់ និងគ្រូបង្រៀមចំនួន ១០១៧៣នាក់ ។ ទន្ទឹមគ្នានេះ សាលារៀនកម្រិតបឋមសិក្សាគោលដៅបច្ចុប្បន្នចំនួន ១៤៣១សាលា បានអនុវត្តកម្មវិធីអប់រំវិន័យបែបវិជ្ជមាន (មិនមានប្រើហិង្សាក្នុងសាលារៀន)  និងមានសិស្សសរុបប្រមាណ ៣៥ម៉ឺននាក់ ។

ស្របគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីទប់ស្កាត់អំពើហិង្សាលើកុមារតាមរយៈឯកសារកម្មវិធីសាលាកុមារមេត្រី ត្រង់ចំណុចទីបីស្តីពី សុខភាព សុវត្ថិភាព និងការការពារកុមារ ។ សៀវភៅស្តីពីវិន័យបែបវិជ្ជមាននិងការគ្រប់គ្រងថ្នាក់រៀនដោយប្រសិទ្ធភាព ​សម្រាប់អ្នកស្របសម្រួល សម្រាប់គ្រូបង្រៀ​ន​បឋមសិក្សា​ និងសម្រាប់នាយកសាលា បានក្លាយជាឯកសារថ្មីមួយជំនួយឱ្យសាលារៀនទាំងអស់ចាប់ផ្តើមអប់រំកុមារតាមបែបគំរូអហិង្សា ។

យោងតាមរបាយការណ៍អង្កេតរបស់យូនីសេហ្វអំពីអំពើហិង្សាលើកុមារ ឆ្នាំ២០១៣ បង្ហាញថា កុមារច្រើនជាង ៧៥% ( ២៥៦០ នាក់ដែលបានចូ​ល​រួមសម្ភាស)បានទទួលរងទម្រង់មួយនៃអំពើហិង្សាមុនពេលពួកគេមានអាយុ១៨ឆ្នាំ ។ អំពើហិង្សាលើរូបរាងកាយត្រូវបានរាយការណ៍ជាញឹកញា​ប់​បំផុត ក្នុងនោះកុមារជាង៥០% បានទទួលរងអំពើហិង្សាផ្លូវកាយ ។ ក្នុងចំណោមកុមារ ៤នាក់មាន ១នាក់ប្រាប់ថា ធ្លាប់រងអំពើហិង្សាផ្លូវចិត្ត ។ អំ​ពើ​​ហិង្សាផ្លូវភេទ គឺជាក្តីបារម្ភមួយ ក្នុងនោះកុមារម្នាក់ក្នុងចំណោម ២០នាក់ រាយការណ៍ថាយ៉ាងហោចណាស់ទទួលរងនូវអំពើហិង្សាផ្លូវភេទមុនពេ​លពួកគេពេញវ័យ ។

ទម្រង់អំពើហិង្សាដែលកើតឡើងជាញឹកញាប់គឺអំពើហិង្សាផ្លូវកាយ និងផ្លូវចិត្ត ដែលកុមារនៅប្រទេសកម្ពុជាបានទទួលរងនោះ គឺការប្រើទណ្ឌកម្មដោយការវាយ និងការធ្វើអោយអាម៉ាស់សម្រាប់ជាវិធីសាស្រ្តអប់រំកុមារ ។ គ្រូ និងអាណាព្យាបាលធ្វើទណ្ឌកម្មដោយការវាយ និងធ្វើឱ្យអាម៉ាស់ ដែលទង្វើនេះភាគច្រើនមហាជនទទួលយកបាន និងគិតថាមានប្រសិទ្ធភាពក្នុងការអប់រំ និងកែប្រែកំហុសរបស់កុមារ ។ មានភស្តុតាងបង្ហាញថាការអនុវត្តបែបនេះជាទម្រង់អំពើហិង្សាមួយដែលមានផលអវិជ្ជមានចំពោះកុមារ ។

ទន្ទឹមគ្នានេះដែរ លោកស្រី សរ ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី មានប្រសាសន៍ថា ថ្វីត្បិតតែបច្ចុប្បន្នអំពើហិង្សាទៅលើកុមារថយចុះក៏ពិតមែន ប៉ុន្តែរូបភាពអំពើហិង្សាបែបអប់រំកុមារនៅតាមគ្រួសារ ប្រជាជនកម្ពុជាមួយចំនួនយល់ថាជារឿងសាមញ្ញ ហើយបន្តអប់រំកូនបែបហិង្សា​ទាំងមិនដឹងពី​ផ​ល​​ប៉ះ​ពាល់លើកុមារ ​។

លោកស្រី សរ ស៊ីណែត បានបញ្ជាក់បន្តថា របៀបដោះស្រាយបញ្ហាមួយជាមួយកុមារនៅក្នុងគ្រួសារ ម្តាយឪពុកកម្ពុជាភាគច្រើនយល់ថា មិនបានប្រើអំពើហិង្សាលើ​កូននោះទេ គ្រាន់តែសម្លុតគំរាមកូនក្នុងនាមជាឪពុក ឬម្តាយ តែពួកគាត់ពុំដឹងថានេះជារូបភាពអប់រំបែបហិង្សាឡើយ ។ លោកស្រីបានឱ្យដឹងទៀតថា គំរូអហិ​ង្សា​ជាវិធីសាស្ត្រអប់រំកូនល្អបំផុតដែលមា្តយឪពុក ឬអាណាព្យាបាលត្រូវអនុវត្តន៍ ។

“ទន្ទឹមនឹងកិច្ចការដែលក្រសួងកិច្ចការនារីធ្វើ ខ្ញុំសុំឱ្យក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការធ្វើការងារលើកកម្ពស់សិទ្ធិកុមារចូលរួមគាំទ្រទៅដល់ការងារមួយឱ្យបានខខ្លាំងក្លា ព្រោះការងារមួយនេះជាការងារចម្បង យើងអាចរក្សាធនធានមនុស្សបានល្អសម្រាប់គ្រួសារក៏ដូចជាសង្គមជាតិ”

លោកស្រី សរ ស៊ីណែត

សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលការអប់រំឯកជន ការងារលើកកម្ពស់សិទ្ធិកុមារ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀនជាអាទិភាពចម្បងដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត ។ លោកស្រី អ៊ុក សូនីតា អ្នកជំនាញអប់រំកុមារ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប យល់ឃើញថា គំរូអហិង្សា ឬការអប់រំតាមបែបវិជ្ជមានផ្តល់ផលចំណេញជាច្រើនដល់កុមារ គ្រួសារ និងសង្គម ។

លោកស្រី អ៊ុក សូនីតា បានឧទាហរណ៍ថា ការប្រើប្រាស់ប្រព័ន្ធប័ណ្ណដាក់វិន័យបែបវិជ្ជមានដោយកំណត់ជាបណ្ណប្រភេទ ជាជម្រើសអប់រំបែបគំរូអហិង្សា ។ លោកស្រីពន្យល់ថា កុមារមានឥរិយាបថមិនល្អនឹងទទួលបាន “ប័ណ្ណពណ៌លឿង” ដែលតំណាងឱ្យការព្រមានផ្ទាល់មាត់ពីគ្រូ ។ ប្រសិ​ន​បើ​ស្ថានភាពនេះនៅតែបន្តកើតឡើងទៀត ពួកគេនឹងទទួលបានប័ណ្ណមួយទៀត ហើយនឹងត្រូវដាក់ឱ្យនៅដោយឡែកពីមិត្តភក្តិរបស់ពួកគេ ។

គួររំលឹកថា រដ្ឋាភិបាលកម្ពុជាបាន​អនុវត្តន៍គោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩ -២០២៩ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយនឹងអង្គការដៃគូ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការអនុវត្តន៍គោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩ -២០២៩ ក្រោមអធិបតីភាពលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ។

លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបង្កើតនូវយន្តការជាច្រើនជួយដល់កុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាករងគ្រោះ ត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់ ។ ក្រុមប្រឹក្សាជាតិដើម្បីកុមារ បន្តសកម្មភាពលើកកម្ពស់គំរូអហិង្សាលើកុមារ តាមរយៈគោលនយោបាយ និងឯកសារដែលមានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

លើសពីនេះក្រុមប្រឹក្សាជាតិដើម្បីកុមារ ប្រសិនបើកុមារកម្ពុជា មិនទទួលរងអំពើហិង្សា ពួកគេនឹងក្លាយជាកម្លាំងចលករដ៏មានថាមពលសម្រាប់ជំរុញកម្ពុជាឱ្យសម្រេចគោលដៅសំខាន់ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ២០៥០ ។

“ការលុបបំបាត់អំពើហិង្សាលើកុមារ មិនមែនជាតួនាទីរបស់រាជរដ្ឋាភិបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវការចូលរួមពីគ្រប់ផ្នែកទាំងអស់ ទាំងអាជ្ញាធរជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន សាលារៀន និងសមាជិកគ្រួសារទាំងអស់”

លោកជំទាវ សម្បត្តិ សុគន្ធា

សូមជម្រាបថា តាមរយៈគោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩ -២០២៩ បានបង្ហាញពីការប្តេជ្ញាចិត្តជាក់ស្ដែងមួយចំពោះការអនុវត្តការការពារកុមារជាប្រព័ន្ធនៅកម្ពុជា រួមមាន ទីមួយ. ភាពចាំបាច់ក្នុងការការវិនិយោគបន្ថែមលើមន្ត្រីសង្គម ឬបុគ្គលិកសង្គមកិច្ចនៅថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់សេវាគាំពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាសម្រាប់កុមារ និងគ្រួសារនៅក្នុងសហគមន៍។

ទីពីរ. គោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារថ្មីនេះ បន្តធានាថាកុមារអាចទទួលបានសេវាផ្លូវច្បាប់ និងសមធម៌សង្គម តាមរយៈការផ្តល់នូវកញ្ចប់ អប្បបរមានៃ សេវាសង្គមកិច្ចសម្រាប់កុមារ និងគ្រួសារដែលត្រូវការកិច្ចការពារ  ។ ទីបី.ការឆ្លើយតបទៅនឹងកុមារ និងគ្រួសាររបស់ពួកគេដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងធានាការពារកុមារប្រកបបរិយាកាសគ្រួសារ ក្តីស្រឡាញ់ ការយកចិត្តទុកមាន លក្ខណកុមារមេត្រី និងធានានូវឧត្តមប្រយោជន៍របស់កុមារ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរបស់កុមារ ត្រូវការពារនិងលើកតម្កើង ដោយចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ។

ស្របតាមស្ថានភាពកុមារមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើន ជាអាទិ៍អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២ ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងពិធីសារស្តីពីការជួញដូរកុមារ អំពើរពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩ អនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារនិងសហប្រតិបត្តិការទាក់ទងនឹងសុំកូនអន្តរប្រទេសនៅឆ្នាំ២០០៧ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី