ក្នុងបរិបទសង្គមដែលបច្ចេកវិទ្យា និងទីផ្សារការងារវិវត្តន៍យ៉ាងឆាប់រហ័ស ជំនាញសហគ្រិនភាព គឺសំខាន់បំផុតសម្រាប់យុវជនសម័យថ្មី មិនថាពួកគេចង់ធ្វើជាបុគ្គលិក ឬបង្កើតអាជីវកម្មខ្លួនឯងនោះទេ។ នេះជាការលើកឡើងរបស់លោក សុខា ផានិត ប្រធាននាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មី នៃមជ្ឈមណ្ឌលធុរកិច្ចតេជោ និងជាអ្នកជំនាញផ្នែកអភិវឌ្ឍធុរកិច្ចថ្មី។
លោក សុខា ផានិត លើកឡើងថា សហគ្រិនភាព មិនត្រឹមតែជាការចាប់ផ្ដើមអាជីវកម្មនោះទេ ប៉ុន្តែវាសំខាន់ ដែលយុវជនគ្រប់គ្នាត្រូវមាន ជាពិសេស អ្នកដែលទើបនឹងចាប់ផ្ដើមជីវិតក្នុងមហាវិទ្យាល័យ និងទើបតែប្រឡូកក្នុងវិស័យការងារ។

លោកបន្តថា មូលហេតុដែលជំនាញសហគ្រិនភាពសំខាន់ ព្រោះសង្គមបច្ចុប្បន្ន មានការប្រែប្រួលលឿន និងមានភាពមិនប្រាកដប្រជាជាប្រចាំ ជាពិសេស បម្រែបម្រួលទីផ្សារការងារ។ ហេតុនេះ ការមានផ្នត់គំនិត អាកប្បកិរិយា និងជំនាញសហគ្រិនភាព នឹងជួយឱ្យយុវជនអាចមើលឃើញឱកាស ហ៊ានប្រឈមមុខនឹងបញ្ហា ហើយមានភាពធន់ក្នុងការហែលឆ្លងបញ្ហា។
អ្នកជំនាញរូបនេះ លើកឡើងថា សម្រាប់យុវជន ដែលចង់អភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិននាពេលអនាគត ត្រូវអនុវត្តគោលការណ៍គន្លឹះ ចំនួន ៦ រួមមាន៖
ទី១. ចាប់ផ្ដើមពីខ្លួនឯង, យុវជនត្រូវសួរខ្លួនឯងថា បច្ចុប្បន្ន យើងជាគ្រាប់ពូជល្អហើយឬនៅ? ពាក្យថា គ្រាប់ពូជល្អនេះ លោកចង់មានន័យថា ជាគ្រាប់ពូជដែលដាំនៅកន្លែងណា ដុះនៅកន្លែងនោះ ហើយនៅពេលដុះមកគឺល្អ។ មានស្មារតីជួយការងារក្រុម និងប្រឹងប្រែងរៀនសូត្រពីការងារ។
ទី២. ត្រូវដាក់គោលដៅឱ្យខ្ពស់, ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ប្រសិនបើយុវជន ចង់ធ្វើអាជីវកម្ម ត្រូវដាក់គោលដៅប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុននៅក្រៅប្រទេស។ ហើយប្រសិនបើធ្វើការឱ្យក្រុមហ៊ុន ត្រូវដាក់គោលដៅ ធ្វើជានាយកប្រតិបត្តិ ព្រោះការដាក់គោលដៅឱ្យខ្លួនឯងខ្ពស់ ធ្វើឱ្យយុវជនមានភាពក្លាហាន។
ទី៣. មានស្មារតីរៀនសូត្រពេញមួយជីវិត, អ្នកជំនាញធុរកិច្ចរូបនេះបន្ថែមថា ការរៀនសូត្រត្រូវបន្តរហូត បើទោះបីជាយុវជនរៀនចប់សាកលវិទ្យាល័យហើយក៏ដោយ ព្រោះការរៀនសូត្រ គឺមិនចេះចប់នោះទេ។ លោកបានលើកទឹកចិត្តឱ្យយុវជនរៀនឱ្យបានច្រើន ហើយការរៀននោះគឺមាន ៣ សំខាន់ ទី១ រៀនពីសាលា ទី២ រៀនពីសង្គម (សិក្ខាសាលា, វគ្គបណ្តុះបណ្ដាល និងអ្វីដែលថ្មីសម្រាប់ខ្លួនឯង) និងទី៣ រៀនពីបទពិសោធន៍ មានន័យថា ធ្វើឱ្យបានច្រើន ដើម្បីដឹងថាខ្លួនឯងពូកែខាងអ្វី។

ទី៤. ត្រូវចេះកសាងខ្សែបណ្ដាញ, យុវជនត្រូវស្គាល់គេឱ្យបានច្រើន កសាងខ្សែបណ្តាញ ដើម្បីអាចទាញជាប្រយោជន៍ទៅថ្ងៃអនាគត។
ទី៥. រៀនពីបទពិសោធន៍ ដែលខ្លួនបានឆ្លងកាត់ ជាពិសេសបទពិសោធន៍បរាជ័យ។
ទី៦. ព្យាយាមសិក្សាពីប្រព័ន្ធអេកូឡូស៊ី ហើយព្យាយាមស្វែងយល់ពីសង្គមថា អ្វីដែលសង្គមកំពុងតែមាន ហើយអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម និងអ្វីដែលជាឱកាសរបស់យើង។ បន្ទាប់មកត្រូវទាញយកប្រយោជន៍ ពីឱកាសទាំងនោះ។
ក្រៅពីជំនាញសហគ្រិនភាព លោក សុខា ផានិត បានបញ្ជាក់បន្ថែមថា យុវជនគ្រប់គ្នាត្រូវចាប់យកជំនាញបច្ចេកវិទ្យា ទោះបីជាកំពុងធ្វើការក្នុងវិស័យអ្វី ឬរៀនជំនាញអ្វីក៏ដោយ ព្រោះពិភពលោកកំពុងតែដើរទៅមុខជាមួយនឹងបច្ចេកវិទ្យា។ ហេតុនេះចង់មិនចង់ យុវជនត្រូវតែរៀនជំនាញបច្ចេកវិទ្យាបន្ថែម ដើម្បីជំរុញការរៀន ការបំពេញការងារ និងការរកស៊ីឱ្យរីកចម្រើនបានឆាប់រហ័ស៕































