ត្បិតថាផ្នត់គំនិតមនុស្សភាគច្រើនបានផ្តល់តម្លៃចំពោះការសិក្សារៀនសូត្រជាទូទៅ ប៉ុន្តែការផ្សព្វផ្សាយទស្សនៈជាសាធារណៈអំពីផលអវិជ្ជមាននៃការសិក្សាក៏មានដូចគ្នា, ជាពិសេសកើតមានឡើងក្នុងសង្គមកំពុងអភិវឌ្ឍន៍ ។ ថ្មីៗនេះ មានមតិមួយចំនួន បានបង្រៀនយុវជន ឱ្យផ្តោតទៅលើការរកចំណូលខ្ពស់ៗជាអាទិភាព ព្រោះពួកគេពុំមានក្ដីសង្ឃឹមថា ការសិក្សារៀនសូវគឺជាស្ពាននាំឱ្យទទួលបាននូវឱកាសការងារល្អៗ ពុំអាចទទួលបានដំណែងធំៗ ឬក៏ចំណូលល្អនោះទេ។ តើយុវជនរៀនដើម្បីរំពឹងដំណែងធំៗ ? ឬដើម្បីពង្រឹងសមត្ថភាពខ្លួនឯង? ឬដើម្បីអ្វី?
កញ្ញា ម៉ាត់ ស្រីនីត ជានិស្សិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបាននិយាយថា នៅក្នុងសង្គមខ្មែរសព្វថ្ងៃ នាងមើលឃើញថា អត្រានៃអ្នកមានចំណេះដឹងពិតប្រាកដ និងច្បាស់លាស់ទៅលើជំនាញ ក៏មានតួនាទីក្នុងការធ្វើកិច្ចការធំនៅជួររាជរដ្ឋាភិបាល ឬមន្ត្រីរាជការដែរ។ ហើយចំពោះទស្សនៈដែលលើកឡើងថា យុវជនមិនចាំបាច់រៀនសូត្រអ្វីច្រើន ហើយខំស្វែងរកថវិកាឱ្យបានច្រើននោះ ស្រីនីត គិតថា វាមិនទាន់ជាទស្សនៈមួយដែលអាចទទួលយកបាននោះទេ ព្រោះប្រទេសមួយខ្លាំង គឺអាស្រ័យទៅលើយុវជននៅក្នុងប្រទេសនោះ ពោរពេញទៅដោយចំណេះដឹង។

ជាតួនាទីមួយ ដែលយុវជនគ្រប់រូបនៅក្នុងប្រទេសមួយ ត្រូវតែមានចំណេះ នៅក្នុងខ្លួនគ្រប់ៗគ្នា។ ពេលយុវជន មានចំណេះដឹងគ្រប់គ្រាន់ ការរៀបចំផែនការរកប្រាក់ចំណូល ក៏អាចប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ដែរ។ ការអប់រំផ្តល់នូវជំនាញការគិត ចំណេះដឹង និងឱកាសដែលអាចនាំទៅរកភាពជោគជ័យប្រកបដោយនិរន្តរភាព និងការបំពេញលើសពីការទទួលបានហិរញ្ញវត្ថុភ្លាមៗ។
កញ្ញា ម៉ាត់ ស្រីនីត ជានិស្សិត ផ្នែកទំនាក់ទំនងអន្តរជាតិ
ស្រីនីត បន្តថា ប្រសិនបើយុវជនមិនឱ្យតម្លៃលើចំណេះដឹង វាអាចជះឥទ្ធិពលអវិជ្ជមានទាំងប្រាក់ចំណូល និងការអភិវឌ្ឍខ្លួនឯង ក្នុងរយៈពេលខ្លី និងរយៈពេលវែង។ បើគ្មានការអប់រំ យុវជនអាចមានឱកាសការងារមានកម្រិត ដែលត្រូវតែបង្ខំទទួលយកការងារដែលមានប្រាក់ខែទាប និងមិនមានស្ថិរភាព។
កង្វះការអប់រំ និងជំនាញអាចរារាំង ដល់ការរីកចម្រើនក្នុងអាជីព កាត់បន្ថយសក្តានុពលនៃការរកប្រាក់ចំណូល និងកំណត់ឱកាសសម្រាប់ការលូតលាស់ និងការច្នៃប្រតិដ្ឋផ្ទាល់ខ្លួនរបស់យុវជន។ ខ្ញុំឱ្យតម្លៃលើការសិក្សា ពីព្រោះ ការអប់រំផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណេះដឹង និងជំនាញការគិតប្រកបដោយការត្រិះរិះ ដែលចាំបាច់សម្រាប់ភាពជោគជ័យផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។
កញ្ញា ម៉ាត់ ស្រីនីត
នាងបន្តសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស គឺការអប់រំ បំពាក់ឱ្យបុគ្គលម្នាក់ៗមាននូវសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមនានា រួមទាំងឱកាសថ្មីៗ។ ការអប់រំខ្ពស់ និងជំនាញច្រើនដែលនាំទៅរកឱកាសការងារកាន់តែប្រសើរ ក៏ដូចជា កំណើនអាជីព និងស្ថិរភាពហិរញ្ញវត្ថុ។
ជាមួយគ្នានេះដែរ កញ្ញា គន ណាវីន ជានិស្សិតដែលមកពីសាកលវិទ្យាល័យជាមួយគ្នា បានបន្ថែមថា ចំណេះជំនាញមិនត្រឹមតែជួយខ្លួនយើងទេ ប៉ុន្តែជាចំណែកអភិវឌ្ឍន៍ទាំងគ្រួសារ និងសង្គម ក៏ដូចជាប្រទេសទាំងមូល។ ណាវីន បន្តថា នាងពុំបានគិតថា ទាល់តែរៀនមានខ្សែ (ការអាងទៅលើបុគ្គលណាម្នាក់) ទើបយើងមានការងារជាមន្រ្តីរាជការ ឬក៏មានដំណែងធំៗបាននោះទេ ពីព្រោះការរៀនជាកាតព្វកិច្ចមួយដ៏ចាំបាច់។ ការសិក្សាមានសារៈសំខាន់សម្រាប់ពួកយើងទាំងអស់គ្នា មិនមែនរៀនសម្រាប់តែមន្រ្តីរាជការ ឬដំណែងធំៗនោះទេ។

ណាវីន បានសង្កេតឃើញប្អូនៗមួយចំនួននៅឯស្រុកកំណើត ពួកគាត់អាចរកការងារ ដែលមានប្រាក់ខែច្រើនជាងនិស្សិតដែលគាត់កំពុងតែសិក្សានៅសាកលវិទ្យាល័យ, នៅពេលដែលទទួលបានចំណូលច្រើនភ្លាមៗបែបនេះ ជំរុញឱ្យពួកគេសម្រេចចិត្តបោះបង់ការសិក្សាចោល ប៉ុន្តែលទ្ធផលដែលទទួលបាន គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលដែលក្រឡេកទៅមើលក្នុងរយៈពេលវែង គាត់មានអារម្មណ៍ថា ស្តាយក្រោយ ព្រោះមិនអាចធ្វើការងារបែបនេះរហូតបាន អត់អាចប្រើកម្លាំងរហូតបាន។ ដោយហេតុថា ការងារខ្លះ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ ក្នុងការឡើងដំណែងបាន ឬមួយក៏ដើម្បីពង្រឹងភាពលូតលាស់ជាងមុនបាន ចាំបាច់ត្រូវការចំណេះជំនាញ ត្រូវការប្រាជ្ញា ត្រូវការចំណេះដឹង។
មិនថានៅក្នុងស្ថានភាពបែបណាទេ ល្អឬក៏អាក្រក់ទេ ខ្ញុំនៅតែផ្តល់តម្លៃឱ្យការសិក្សា ហើយខ្ញុំនៅតែប្តេជ្ញាចិត្តថា ការសិក្សាមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា ដើម្បីឱ្យយើងមានការអភិវឌ្ឍ ការលូតលាស់បាន គឺយើងមិនអាចបោះបង់ចោលការសិក្សាទេ។ ការសិក្សាមិនមានដែនកំណត់ ហើយអត់អាចនិយាយថា គួរតែបញ្ឈប់នៅពេលណាបានទេ។
កញ្ញា គន ណាវីន ជានិស្សិត ផ្នែកទំនាក់ទំនងអនរ្តជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
យុវតី ណាវីន បានបន្តថា ចំណេះដឹង មិនខុសអីពីចាស់ៗ គាត់តែងតែលើកឡើងថា ចំណេះដឹងជាស្ពានសម្រាប់ចម្លងឱ្យទៅរកជីវិតភ្លឺស្វាង, ការសិក្សា ជាស្ពានចម្លងឱ្យយើងទៅរកគោលដៅ ហើយនៅក្នុងស្ថានភាពណា ក៏យើងនៅតែអាចដោះស្រាយ ដោយការប្រើប្រាស់ចំណេះដឹង ចំណេះវិជ្ជារបស់យើងបានដែរ ។ ចំណេះដឹង និងជំនាញ មិនត្រឹមតែជួយខ្លួនយើងទេ ប៉ុន្តែជួយទាំងគ្រួសារ និងសង្គមរបស់យើងដូចគ្នា។ បើយើងមានយុវជន មានចំណេះដឹងមានការអប់រំបានច្រើន វាក៏ជាចំណែកពន្លឿនការអភិវឌ្ឍសង្គមលឿន។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា គ្មានសង្គមណាដែលរីកចំរើនដោយសារប្រព័ន្ធអបរំខ្សោយ ឬដោយមនុស្សខ្ជិលរៀន ខ្ជិលអានសៀវភៅនោះទេ ។ ជាមួយគ្នាលោកក៏មិនឱ្យតម្លៃទៅលើអ្នកដែលនិយាយថា សង្គមរបស់យើងមិនមានសល់កន្លែងសម្រាប់អ្នករៀននោះដែរ, តួរយ៉ាងដូចជារូបលោកផ្ទាល់ បានកាន់តំណែង គឺគ្មានខ្សែ គ្មានខ្នងឯណានោះឡើយ ក្រៅតែពីការខិតខំប្រឹងប្រែងរៀនសូត្រ និងខំប្រឹងធ្វើការងារនោះ។

បក្ខពួកខ្ញុំ ខ្សែខ្ញុំ គឺការខិតខំប្រឹងប្រែងទៅលើការងារអប់រំ និងប្រឹងធ្វើការស្របទៅនឹងវិជ្ជាជីវៈរបស់ខ្លួន
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានអំពាវនាវទៅដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមគិតឡើងវិញទៅលើការងារអប់រំ ហើយត្រូវវិនិយោគទៅលើការអប់រំជាដាច់ខាត មិនត្រូវព្រងើយកន្តើយទៅលើការអប់រំដែលធ្វើឱ្យសង្គមយើងចុះខ្សោយបន្តទៀតនោះទេ៕






























