យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១មក ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើនៅក្នុងកម្រិតទាបប្រមាណ ១% ដែលកម្រិតនេះ ទាបជាងគេបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ដូចជា ប្រទេសថៃ វៀតណាម និងឡាវជាដើម។
នៅក្នុងឆ្នាំ២០២៣នេះ អង្គការ ILO បានប៉ាន់ស្មានថា ប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០,៣% ប៉ុណ្ណោះ ខណៈប្រទេសឡាវ ២,៩% ប្រទេសថៃមាន ០,៨% ប្រទេសវៀតណាម ១,៧% ប្រទេសឥណ្ឌូនេស៊ី ៣,៣% ប្រទេសជប៉ុន ២,៦%។

យោងតាមស្ថិតិចុងក្រោយ នៃអង្កេតកម្លាំងពលកម្មឆ្នាំ២០១៩ និងអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា (CSES) ឆ្នាំ២០២១ ដែលចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបង្ហាញថា អ្នកអត់ការងារធ្វើនៅកម្ពុជា ក៏មានអត្រាប្រមាណ ១% ឬមានន័យថា អត្រាអ្នកមានការងារធ្វើមានប្រមាណ ៩៩%។

សូមបញ្ជាក់ថា បើយោងតាមនិយមន័យ ដែលត្រូវបានប្រើប្រាស់ដោយអង្គការ ILO អ្នកមានការងារធ្វើ គឺសំដៅលើអ្នកមានអាយុ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញ ដោយគិតបញ្ចូលទាំងអ្នកកំពុងធ្វើការក្នុង និងក្រៅប្រទេស និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការ ដោយមូលហេតុ នៃការឈប់សម្រាកដោយសារមានជំងឺ គ្រោះថ្នាក់ការងារ ការសិក្សា ឬការបណ្តុះបណ្តាល សម្រាប់លំហែរមាតុភាព ឬដោយមូលហេតុផ្សេងៗ។
ដោយឡែកអ្នកគ្មានការងារធ្វើ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែល មិនមានការងារ និងកំពុងស្វែងរកការងារ និងអាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន៕































