ភ្នំពេញ – បច្ចុប្បន្នភាសាអង់គ្លេស បានក្លាយទៅជាភាសាដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនងមិនថានៅក្នុងតំបន់ និងអន្តរជាតិ, ក្រៅតែពីភាសាសាកលមួយនេះ គេមើលឃើញថា សិស្សានុសិស្ស ក៏ដូចជាយុវជន ចាំបាច់ត្រូវការនូវចំណេះជំនាញសំខាន់៣បន្ថែមទៀត គឺសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ដើម្បីអាចប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារនៅក្នុងសម័យកាលឧស្សាហកម្មទី៤ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់ជាយានមួយក្នុងការទំនាក់ទំនងនៅក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជាទំនាក់ទំនងអន្តរជាតិផ្សេងៗ។ តែជាមួយគ្នានេះ ចំណេះដឹងសហគ្រិនភាព, បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ក៏សំខាន់ដែលសិស្សានុសិស្ស ក៏ដូចជាយុវជនត្រូវចេះ ដើម្បីជាទុនក្នុងការប្រកបរបរអាជីវកម្ម ក៏ដូចជាការងារនៅពេលអនាគត។

លោកឧកញ៉ា ប៉ិច បូឡែន បន្ថែមថា ដោយមើលឃើញពីតម្រូវការនៅក្នុងបរិបទអាជីវកម្ម និងការងារនៅថ្ងៃខាងមុខ ទើបសាលា Leaderland English Academy បានដាក់បញ្ចូលចំណេះជំនាញទាំង៣នេះ ចូលទៅក្នុងកម្មវិធីសិក្សា។
តាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ចំណេះដឹងសហគ្រិនភាព ជាចំណេះដឹងដែលអាចជួយទៅដល់សិស្សពេលប្រកបរបរដោយខ្លួនឯង ឬបម្រើការងារនៅកន្លែងណាមួយ ដោយមានស្មារតីសហគ្រិន, ចំណែកបច្ចេកវិទ្យា គឺជាចំណេះដឹងសាកលទូទៅមួយដែលគ្រប់គ្នា ទោះធ្វើការក្នុងអាជីពអ្វី ឬក៏ប្រកបអាជីវកម្មនៅក្នុងប្រទេសណា ក្នុងបរិបទណាក៏ដោយ ក៏ត្រូវការបច្ចេកវិទ្យាដែរ, ដោយឡែកភាពជាអ្នកដឹកនាំ គឺកាន់តែសំខាន់ពាក់ព័ន្ធជាមួយនឹងការដឹកនាំជីវិតខ្លួនឯង ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា និងការដឹកនាំមនុស្ស ។
ចំពោះវិធីសាស្រ្តនៅក្នុងការបញ្រ្ជាបចំណេះដឹងទាំង៣ Leaderland English Academy មានកម្មវិធីជាច្រើន ដោយក្នុងនោះរួមមាន ទី១ សាលាព្យាយាមរកមេរៀនភាសាអង់គ្លេសពាក់ព័ន្ធជាមួយសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ដោយបញ្រ្ជាបដោយផ្ទាល់តាមរយៈខ្លឹមសារមេរៀន, ទី២ សាលារៀបចំសិក្ខាសាលានានាដែលនិយាយជាភាសាអង់គ្លេស ពាក់ព័ន្ធជាមួយប្រធានបទទាំង៣ ដោយសាលាអញ្ជើញវាគ្មិនមកធ្វើកិច្ចពិភាក្សា ឬនិយាយពាក់ព័ន្ធនឹងប្រធានបទសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ, ទី៣ នៅក្នុងបរិវេណសាលាទាំងមូល គឺមានការតុបតែងរចនាខាងក្នុង ពាក់ព័ន្ធនឹងខ្លឹមសារចំណេះដឹងទាំង៣នេះតែម្តង គឺសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ហើយទី៤ សាលានឹងរៀបចំការសិក្សាបែបគម្រោង ឱ្យសិស្សមានឱកាសនៅក្នុងការអនុវត្តគម្រោងពាក់ព័ន្ធសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ដោយឱ្យសិស្សចុះទៅកាន់សហគមន៍ ទៅទស្សនកិច្ចនៅកន្លែងពាណិជ្ជកម្ម សហគ្រាសនានា ដើម្បីឱ្យស្គាល់ និងស្វែងយល់ពីជំនាញទាំង៣។

សូមបញ្ជាក់ថា សាលា Leaderland English Academy ជាបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យខេសិន គ្រុប ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៩ ដោយមានចក្ខុវិស័យ និងបេសកកម្មសំខាន់ ដើម្បីជំរុញសិស្សានុសិស្សជំនាន់ថ្មីរបស់កម្ពុជាឱ្យក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ទាំងផ្នែកភាសាសម្រាប់ទំនាក់ទំនង ផ្នែកភាពជាអ្នកដឹកនាំ មានទំនុកចិត្តខ្ពស់ និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការបដិវត្តន៍ឧស្សាហកម្មទី៤ ៕































