Kawaii ក្នុងភាសាជប៉ុនមានន័យថា «គួរឱ្យស្រឡាញ់» ហើយជនជាតិជប៉ុនចូលចិត្តពាក្យនេះមែនទែន។ ពួកគេមានចំណូលចិត្តមើលភាពយន្តអេនីមេ (anime) ព្រោះតួអង្គដ៏ស្រស់ស្អាត និងមានមន្តស្នេហ៍ ធ្វើឱ្យពួកគេមានអារម្មណ៍រំភើប និងចូលតួជាមួយជាខ្លាំងតាមសាច់រឿង។
មិនតែប៉ុណ្ណោះការមើលវីដេអូ ឬរឿងភាគគំនូរជីវចល និងសត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា ក៏ជាចំណែកមួយធ្វើឱ្យជនជាតិជប៉ុនក្លាយជាប្រជាជាតិមួយដែលមានអាយុវែងបំផុតក្នុងពិភពលោកផងដែរ ។ បើយោងតាមការស្រាវជ្រាវថ្មីៗនេះ បានពន្យល់អំពីមូលហេតុដែលជប៉ុន ចូលចិត្តមើលតួអង្គក្នុងគំនូរជីវចល និងសត្វចិញ្ចឹមស្អាតៗគួរឱ្យស្រឡាញ់ ព្រោះសកម្មភាពនេះនាំឱ្យសុខុមាលភាពរបស់ពួកគេកាន់តែប្រសើរ។
ការមើលរូបភាពគួរឱ្យស្រឡាញ់ជះឥទ្ធិពលវិជ្ជមានដល់អារម្មណ៍
បើយោងតាមការស្រាវជា្រវរបស់ Nitto et al. performed inspiring ក្នុងឆ្នាំ ២០១២ បានបង្ហាញអំពីមូលហេតុដែលរូបភាពនៃតួអង្គគំនូរជីវចល និងសត្វចិញ្ចឹញគួរឱ្យស្រឡាញ់ បានជួយឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សមានភាពប្រសើរឡើង។ ក្រុមអ្នកស្រាវជាវសរសេរឱ្យចំណងជើងអត្ថបទនេះថា The power of Kawaii ហើយនៅក្នុងអត្ថបទនោះបានបង្ហាញថា ការមើលរូបភាពគួរឱ្យស្រឡាញ់ធ្វើឱ្យអ្នកក្លាយជាមនុស្សមានបម្រុងប្រយ័ត្នខ្ពស់ និងបង្កើនសមត្ថភាពផ្ដោតអារម្មណ៍។
ជាដំបូង ក្រុមអ្នកស្រាវជា្រវបានបង្កើតហ្គេមមួយ ដោយធ្វើការសិក្សាសង្កេតទៅលើមនុស្សដែលចូលចិត្តមើលរូបភាពខ្យូតៗគួរឱ្យស្រឡាញ់។ ក្នុងដំណើរការស្រាវជ្រាវ គេបានតម្រៀបរូបភាពចាប់ពីរូបភាពធម្មតា រហូតដល់រូបខ្យូតខ្លាំង ហើយលក្ខខណ្ឌដើម្បីចូលរួមលេងហ្គេមនេះ គេតម្រូវឱ្យបេក្ខជនទាំងអស់មើលរូបភាពទាំងនោះដោយផ្ដោតអារម្មណ៍ខ្លាំងបំផុត។ ជាលទ្ធផល គេរកឃើញថា មនុស្សដែលមើលរូបភាពខ្យូតខ្លាំង មានអារម្មណ៍ល្អជាងមនុស្សមិនបានមើល។
តើការមើលរបស់ស្អាតៗផ្ដល់អត្ថប្រយោជន៍ដល់ខួរក្បាល និងសុខភាពផ្លូវចិត្តបានយ៉ាងដូចម្ដេច?
ប្រសិនបើអ្នកគិតថា ការមើលវីដេអូគំនូរជីវចល ឬសត្វខ្យូតៗគួរឱ្យស្រឡាញ់គឺជាការខ្ជះខ្ជាយពេលវេលា នោះប្រហែលជាអ្នកគិតខុសហើយ។ ព្រោះការស្រាវជាវបានបង្ហាញថា ការធ្វើបែបនេះគឺជះឥទ្ធិពលវិជ្ជមានចំពោះសុខភាពផ្លូវចិត្ត និងខួរក្បាលរបស់អ្នក ជាមួយនឹងអត្ថប្រយោជន៍ ២សំខាន់៖
១.ធ្វើឱ្យមានអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹង ៖ អ្នកជំនាញចិត្តសាស្ត្រ បណ្ឌិត Barbara Fredrickson បានរកឃើញថា ការមើលរូបភាព ឬវីដេអូស្អាតៗរបស់សត្វឆ្កែ និងឆ្មាផ្ដល់ឱ្យមនុស្សនូវថាមពលវិជ្ជមានច្រើន។ វាធ្វើឱ្យពួកគេមានអារម្មណ៍ល្អ និងពង្រឹងស្មារតី និងការគិតផងដែរ។ ជាពិសេស វាជួយបង្កើនផលិតភាពការងារ និងកាត់បន្ថយភាពតានតឹងប្រកបដោយប្រសិទ្ធភាព។
អ្វីដែលរឹតតែពិសេសទៀតនោះ នៅពេលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត អ្នកគួរមើលវីដេអូ សត្វឆ្កែ និងឆ្កែដែលបង្ហាញសកម្មភាពវៃឆ្លាត និងគួរឱ្យស្រឡាញ់។ ព្រោះការស្រាវជ្រាវបានរកឃើញថា ការធ្វើបែបនេះ អាចផ្លាស់ប្ដូរអារម្មណ៍របស់អ្នកឱ្យប្រសើរឡើងវិញ ព្រមទាំងពង្រឹងអារម្មណ៍ផ្ដោតលើការបំពេញការងារទៀតផង។
២.លើកកម្ពស់សុភមង្គលអាពាហ៍ពិពាហ៍ ៖ ទន្ទឹមនឹងអត្ថប្រយោជន៍ខាងលើ លោក James McNulty ជាអ្នកស្រាវជ្រាវមកពី Florida State University បានរកឃើញថា ការចិញ្ចឹមសត្វឆ្កែ ឆ្មា និងមើលរូបភាពខ្យូតៗធ្វើឱ្យមនុស្សមានភាពស្កប់ស្កល់ក្នុងជីវិតអាពាហ៍ពិពាហ៍។ នេះបើតាមការស្ទង់មតិទៅគូរស្នេហ៍ដែលបានរៀបការរួចរយៈពេលតិចជាងប្រាំឆ្នាំ ចំនួន ១៤៤គូ។ អ្នកចូលរួមក្នុងគម្រោងសិក្សានេះ បានមើលរូបភាពស្អាតៗគួរឱ្យស្រឡាញ់ចំនួនបីដងជារៀងរាល់សប្ដាហ៍។ រូបនោះអាចជារូបគូស្នេហ៍ តុក្កត្តា ឬសត្វចិញ្ចឹមជាពិសេសឆ្កែ និងឆ្មាដែលគេស្រឡាញ់ ហើយជាលទ្ធផលបង្ហាញថា ពួកគេកាន់តែរីករាយ និងពេញចិត្តនឹងជីវិតក្រោយអាពាហ៍ពិពាហ៍របស់ខ្លួនឯង៕
ប្រភព៖ https://www.lifeadvancer.com/watching-cute-cats-and-dogs-brain/































