ខណៈជម្លោះព្រំដែនដែលកើតឡើងជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃកំពុងតែបន្ត អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា កត់សម្គាល់ឃើញថា ចំនួនជនភៀសសឹកចេះតែកើនឡើង ដែលទាមទារឱ្យបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីធានាថា ពួកគេ ជាពិសេសកុមារ នឹងទទួលបានជំនួយសង្រ្គោះជីវិតទាន់ពេលវេលា។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋរស់នៅក្នុងខេត្តចំនួន៧ ត្រូវភៀសសឹក ដោយបានកើនដល់ ១៣០ ០៧៩គ្រួសារ ដែលស្មើនឹង ៤៣២ ៦៨៦នាក់ ក្នុងនោះស្រ្តីមានប្រមាណ ២២ម៉ឺន២ពាន់នាក់ និងកុមារមាន ១៣ម៉ឺន៤ពាន់នាក់។
អង្គការទស្សនៈពិភពលោកបានឱ្យដឹងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងក្រុមសប្បុរសជន បានខិតខំផ្តល់ជំនួយយ៉ាងណាក្តី ក៏ទំហំនៃវិបត្តិនេះនៅតែលើសពីសមត្ថភាពបច្ចុប្បន្ន ដោយបន្សល់ទុកនូវចន្លោះប្រហោងក្នុងផ្នែកសន្តិសុខស្បៀង និងការថែទាំសុខភាព។

លោក ជេនេស អ៊ីម៉ានូអ៊ែល នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គ្រួសារដែលត្រូវបានបង្ខំឱ្យផ្លាស់ទីចេញពីផ្ទះសម្បែងរបស់ពួកគេកំពុងប្រឈមមុខនឹងតម្រូវការបន្ទាន់ និងជាបន្តបន្ទាប់។ លោកថា អង្គការទស្សនៈពិភពលោក កំពុងពង្រីកវិសាលាយ៉ាងសកម្មក្នុងការការពារកុមារ អនាម័យ និងជំនួយសង្គ្រោះជីវិត ប៉ុន្តែតម្រូវការនៅតែបន្តកើនឡើង ដូច្នេះការគាំទ្រទាន់ពេលវេលា និងអាចបត់បែនបានពីដៃគូ និងសប្បុរសជន ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារកុមារ និងជួយសង្គ្រោះជីវិតរបស់ពួកគេ។
បើតាមអង្គការទស្សនៈពិភពលោក អ្វីដែលត្រូវផ្តល់ជំនួយបន្ទាន់ និងសំខាន់ដល់កុមារ និងគ្រួសាររបស់ពួកគេនាពេលនេះ រួមមាន ស្បៀងអាហារ ទឹកស្អាតនិងអនាម័យ ជម្រកសង្រ្គោះបន្ទាន់ អាហារូបត្ថម្ភ សម្ភារសិក្សា សេវាសុខភាព និងការគាំទ្រផ្នែកផ្លូវចិត្ត។ ហើយការផ្តល់មូលនិធិដែលមានលក្ខណៈបត់បែន គឺមានសារៈសំខាន់បំផុតក្នុងការឆ្លើយតបទៅនឹងតម្រូវការដែលប្រែប្រួលយ៉ាងឆាប់រហ័ស ដោយផ្តោតអាទិភាពខ្ពស់លើការការពារកុមារ ការគាំទ្រផ្នែកចិត្តសាស្ត្រ និងការអប់រំក្នុងគ្រាអាសន្ន ដើម្បីធានាថាភាពសុខសាន្តរបស់កុមារមិនត្រូវបានមើលរំលងឡើយ។




សូមជំរាបជូនថា នៅក្នុងសកម្មភាពឆ្លើយតបជាក់ស្តែង ចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអង្គការទស្សនៈពិភពលោកបានគាំទ្រប្រជាពលរដ្ឋបានចំនួនជាង ៤៤,៦០០ នាក់ នៅទូទាំងជំរំសុវត្ថិភាពចំនួន ៣០ កន្លែង។ ក្នុងនោះ មានការបង្កើតកន្លែងកុមារមេត្រី, បង្គន់អនាម័យចំនួន៣៧ និងធុងស្តុកទឹកចំនួន១៩ ព្រមទាំងការចែកចាយសម្ភារៈប្រើប្រាស់ចាំបាច់ចំនួន ១,៥៦០កញ្ចប់ ដល់គ្រួសាររងគ្រោះក្នុងខេត្តព្រះវិហារ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។ ជាមួយគ្នានេះ ជនភៀសសឹកជាង ១,២០០ នាក់ ក៏ទទួលបានការលើកកម្ពស់ការថែទាំផ្លូវចិត្តផងដែរ ដើម្បីជួយពួកគេឱ្យឆ្លងផុតពីគ្រាដ៏លំបាកនេះ៕






























