ស្ថិតក្នុងដំណាក់កាលនៃការបិទខ្ទប់ទីក្រុង និងតំបន់មួយចំនួនដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នេះក្រុមហ៊ុនជាច្រើនបានអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការងារពីផ្ទះ។ ដើម្បីជាការចូលរួមជំរុញប្រសិទ្ធភាព និងជំរុញឱ្យការរស់នៅកាន់តែប្រសើរឡើង AMS Education បានធ្វើការស្រាវជ្រាវ និងបង្ហាញពីចំណុចសំខាន់ៗចំនួន ៣យ៉ាងដើម្បីធ្វើការងារពីផ្ទះឱ្យមានប្រសិទ្ធភាព។
១. រៀបចំខ្លួនឱ្យដូចនៅកន្លែងធ្វើការ

ស្ថាប័នចិត្តសាស្ត្រដ៏ល្បីលើពិភពលោក Psychology Today បានបញ្ជាក់ថា មនុស្សយើងគ្រប់គ្នាត្រូវបានគ្រប់គ្រងដោយវិចារណញាណ (ការគិតពិចារណា វិន័យ និងការគិតស៊ីជម្រៅ) និងចំណង់នៃសភាវគតិ (ចំណង់ធម្មជាតិ ដែលចង់បណ្តោយខ្លួនឱ្យខ្វះវិន័យ ឬបណ្តោយតាមអារម្មណ៍)។
ទាំងវិចារណាញាណ និងសភាវគតិ ត្រូវបានអូសទាញនិងប្រែប្រួលទៅតាមស្ថានភាពនិងបរិស្ថាន។ ហេតុនេះ ការរៀបចំខ្លួនឱ្យបានស្អាតបាតដូចជានៅកន្លែងធ្វើការងារ គឺជាការបង្កើតបរិយាកាស និងវិន័យល្អដល់ខ្លួនឯង។ នៅពេលនោះយើងរៀបចំខ្លួនបានល្អ ស្ថានភាពអារម្មណ៍របស់យើងក៏នឹងនរ ដែលអនុញ្ញាតឱ្យវិចារណញាណ មានឥទ្ធិពលខ្លាំងនិងគ្រប់គ្រងសភាវគតិបានល្អ។ និយាយឱ្យងាយស្តាប់ រៀបចំខ្លួនត្រឹមត្រូវ យើងអាចគ្រប់គ្រងខ្លួនឯងបានល្អ។
២. រៀបចំ Check list
ពេលវេលា ៨ម៉ោង ឬ ២៤ម៉ោងមិនច្រើនទេ ប្រសិនបើយើងគ្មានការរៀបចំឱ្យបានល្អ។ អ្នកទាំងអស់គ្នាក៏ប្រហែលជាមានបទពិសោធន៍ដែរ ចំពោះថ្ងៃទំនេរមួយចំនួនដែលគ្រប់គ្រងខ្លួនឯងមិនបានល្អ គឺយើងគ្មានសម្រេចអ្វីទាំងអស់។ មិនថាការងារផ្លូវការ ការងារផ្ទាល់ខ្លួន ការកម្សាន្ត ឬការគិតណាមួយនោះទេ យើងអាចនឹងច្របូកច្របល់ដោយសារចំណាយពេលវេលាខ្ជះខ្ជាយ។ ពេលនោះ ថ្ងៃសម្រាកក៏រលាយ អារម្មណ៍រីករាយក៏បាត់បង់។
ហេតុនេះចំណុចល្អបំផុត គឺត្រូវរៀបចំ Check list ឱ្យបានល្អ ថាតើថ្ងៃនេះយើងធ្វើអ្វីខ្លះ? ធ្វើការងារស្ថាប័ននៅម៉ោងណា? ហើយធ្វើការងារផ្ទាល់ខ្លួននៅម៉ោងណាខ្លះ? ប្រសិនបើយើងអាចធ្វើបាន យើងនឹងអាចប្រមូលបាននូវអារម្មណ៍រីករាយ និងស្ងប់ចិត្តនៅពេលល្ងាច ព្រោះយើងបានរស់នៅពេញមួយថ្ងៃប្រកបដោយភាពហ្មត់ចត់ លំដាប់លំដោយ និងទទួលបានផលតាមការគ្រោងទុក។
៣. រៀបចំកន្លែងធ្វើការងារនៅផ្ទះឱ្យស្អាតដូចកន្លែងធ្វើការ
ពិតណាស់ធ្វើការនៅផ្ទះគ្មានរដ្ឋបាលមកគ្រប់គ្រងទេ តែចិត្តរបស់យើងនេះខ្លាំងជាងច្បាប់ស្ថាប័នរាប់រយដង។ កាលណាយើងរៀបចំមិនបានត្រឹមត្រូវ អារម្មណ៍របស់យើងនឹងអារាត់អារាយទៅតាមភាពស្មុគស្មាញដែលយើងបានឃើញ។ ហេតុនេះ បើអាចសូមចំណាយពេលវេលាប៉ុន្មាននាទីនៅពេលព្រឹក រៀបចំកន្លែងឱ្យស្អាត រៀបចំខ្លួនឱ្យល្អ ហើយអនុវត្តតាម Check List ដើម្បីសម្រេចការងារប្រកបដោយមោទកភាពរៀងៗខ្លួន។ ទោះធ្វើការនៅផ្ទះក៏យើងនៅតែអាចសម្រេចគោលដៅបានដែរ។
យើងគ្រប់គ្នាគ្មានសិទ្ធកែប្រែ Covid មិនឱ្យប៉ះពាល់នោះទេ តែយើងមានសិទ្ធកែប្រែខ្លួនឯងឱ្យបានល្អប្រសើរក្នុងកាលៈទេសៈនេះ (carry your own weather)៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។





























