សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។
សម្រាប់មុខជំនាញទាំង ៧ ដែលឡាវនឹងផ្តល់ជូនរួមមាន ៖ បរិស្ថាន, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ព័ត៌មានវិទ្យា, ស្ថាបត្យកម្ម, គ្រប់គ្រងព្រៃឈើ, គ្រប់គ្រងធនធានទឹក និងឧតុនិយម, សណ្ឋាគារ និងទេសចរណ៍។
លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន ៖ មានសញ្ជាតិខ្មែរ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល, មានអាយុមិនលើសពី ៣៥ឆ្នាំ គិតដល់ខែតុលា ឆ្នាំ២០២៦, មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។
ការទទួលពាក្យសុំប្រឡងអាហារូបករណ៍ នឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី នៅការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ប្រហែល៥០ម៉ែត្រ)។
ដោយឡែកចំពោះការប្រឡង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លើវិញ្ញាសាសំខាន់ៗចំនួន ២ រួមមាន ៖ វប្បធម៌ទូទៅ និងគណិតវិទ្យា។

សំណុំឯកសារដែលបេក្ខជនត្រូវបំពេញ និងភ្ជាប់មកជាមួយមាន ៖
១-បង្កាន់ដៃដាក់ពាក្យសុំ
២-ពាក្យសុំអាហារូបករណ៍
៣-ជីវប្រវត្តិសង្ខេប
៤-កិច្ចសន្យា
៥-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ច្បាប់ថតចម្លង ចំនួន ១ច្បាប់ ដោយមានបញ្ជាក់ពីសាលារាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក (ភ្ជាប់ច្បាប់ដើមមកជាមួយ ដើម្បីពិនិត្យ
និងផ្ទៀងផ្ទាត់)
៦-សេចក្តីបញ្ជាក់ពីអង្គភាព “ចំពោះបេក្ខជនជាមន្ត្រីរាជការ”
៧-សេចក្តីបញ្ជាក់ពីគ្រឹះស្ថានសិក្សា “ចំពោះបេក្ខជនជានិស្សិតកំពុងសិក្សា”
៨-រូបថត ទំហំ ៤ គុណ ៦ (រូបថតថ្មី ថតចំពីមុខ ពុំមានពាក់វ៉ែនតា និងមានផ្ទៃពណ៌ស) ចំនួន ៤សន្លឹក
៩-វិញ្ញាបនបត្រពិនិត្យកាយសម្បទា “២ច្បាប់” បំពេញក្រោយពេលប្រឡងជាប់។
ព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចទាក់ទងជាមួយការិយាល័យសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន តាមអាសយដ្ឋានខាងលើ ឬ តាមរយៈទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩៕












































































