នៅសល់តែប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងមកដល់។ ក្នុងដំណាក់កាលនេះ បេក្ខជនប្រឡងមួយចំនួន នៅតែមានអារម្មណ៍ភ័យ និងបារម្ភច្រើនអំពីការប្រឡង។ ដើម្បីជាជំនួយស្មារតីសម្រាប់បេក្ខជន អតីតសិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០ នឹងចែករំលែកគន្លឹះ ១សប្តាហ៍មុនប្រឡង ដើម្បីទទួលបានលទ្ធផលល្អដូចគាត់ដែរ។
កញ្ញា ឃុន ដាលីណា អតីតសិស្សនិទ្ទេស A ដែលទទួលបានលំដាប់ពិន្ទុ ១០០ កាលពីឆ្នាំ២០២៥ លើកឡើងថា ក្នុងរយៈពេល១សប្តាហ៍ទៅកាន់បាក់ឌុបនេះ បេក្ខជនទាំងអស់គួរគប្បីចំណាយពេលវេលានេះឱ្យមានតម្លៃ ព្រោះថា វេលានេះ ប្រៀបបាននឹងពួកយើងកំពុងតែស្ថិតក្នុងតំបន់ក្រហម “Red Zone”។ ត្បិតថា សញ្ញាបត្របាក់ឌុបត្រឹមតែជាក្រដាសមួយសន្លឹក មិនអាចកំណត់នូវជោគវាសនារបស់យើងបានក៏ពិតមែន ប៉ុន្តែជាភស្តុតាងមួយដែលសបញ្ជាក់ពីការតាំងចិត្តព្យាយាមសិក្សារៀនសូត្ររបស់បេក្ខជនក្នុងរយៈពេល១២ឆ្នាំនេះ។
បើតាមអតីតសិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០ រូបនេះ ក្នុងរយៈពេលនេះ គឺជាពេលដែលប្អូនៗជាបេក្ខជនអាចសម្រាកពីការអនុវត្តវិញ្ញាសាផ្សេងៗបានហើយ។ ហើយអ្វីដែលត្រូវធ្វើនោះ គឺការទន្ទេញមេរៀនជីវវិទ្យា និងប្រវត្តិវិទ្យា ព្យាយាមរំឭកឱ្យបានរាល់ថ្ងៃរហូតដល់ថ្ងៃប្រឡង។
សម្រាប់មុខវិជ្ជាជីវវិទ្យា ទទួលស្គាល់ថា មានសំណួរច្រើន ហើយមានពាក្យបច្ចេកទេស ដែលធ្វើឱ្យពិបាកក្នុងការចាំ ប៉ុន្តែកញ្ញា ឃុន ដាលីណា លើកទឹកចិត្តឱ្យប្អូនៗជាបេក្ខជន ព្យាយាមយល់ពីមេរៀនឱ្យច្បាស់សិន ចាំទន្ទេញ ដោយអាចចូលទៅស្ដាប់ការពន្យល់មេរៀននីមួយៗរបស់លោកគ្រូអ្នកគ្រូក្នុង YouTube ហើយព្យាយាមរកពាក្យគន្លឹះណាមួយនៅក្នុងសំណួរ-ចម្លើយ ដើម្បីងាយស្រួលចំណាំ។ សំណួរទាំងអស់មាននៅក្នុងសៀវភៅជីវវិទ្យា ហើយបើអាច ឬសល់ពេល សូមព្យាយាមទន្ទេញទាំងអស់កុំរំលងសំណួរណាមួយ ព្រោះយើងមិនអាចទាយដឹងថា វិញ្ញាសានឹងចេញសំណួរណាមួយឡើយ។

ដោយឡែក មុខវិជ្ជាប្រវត្តិវិទ្យា កញ្ញា ដាលីណា លើកទឹកចិត្តឱ្យប្អូនៗបេក្ខជនសង្ខេបព្រឹត្តិការណ៍គោលៗក្នុងសម័យកាលនីមួយៗ ហើយយកមកបំបែកជាមែកធាងសំណួរ ដើម្បីងាយស្រួលទន្ទេញ។ ដូច្នេះ មិនថាជីវវិទ្យា ប្រវត្តិវិទ្យា ឬមុខវិជ្ជាណាក៏ដោយ ទោះមិនចេះឆ្លើយ ក៏ត្រូវតែព្យាយាមសរសេរឱ្យបានច្រើន (បើសល់ពេល)។
និយាយពីមុខវិជ្ជាអក្សរសាស្ត្រខ្មែរវិញ កញ្ញាក៏មិនមែនជាសិស្សម្នាក់ដែលចូលចិត្តអានរឿងពេញនោះទេ ហើយជាបទពិសោធន៍ មុនប្រឡងកញ្ញាចូលទៅស្ដាប់ដំណើររឿងក្នុង Youtube ហើយកំឡុងពេលស្ដាប់ ត្រូវចេះលួចគិតក្នុងចិត្តថា «សាច់រឿងត្រង់នេះ អាចលើកដាក់ជាឧទាហរណ៍បាន…»។ មួយវិញទៀត ក៏អាចទៅស្ដាប់ការសិក្សាពីអក្សរសិល្ប៍នីមួយៗ ដោយមានបង្រៀនពីចំណុចដែលអាចលើកជាឧទាហរណ៍ក្នុងអក្សរសិល្ប៍។ ហើយកុំភ្លេចព្យាយាមយកសំណេររបស់គេមកអាន ចេះចាប់យកតិចនិចរបស់គេ យកទៅសរសេរក្នុងសំណេរ ដើម្បីអាចទទួលបានពិន្ទុច្រើន។ ជាពិសេស ត្រូវហ្វឹកហាត់សរសេរអក្សរឱ្យលឿន និងមានរបៀប។ ជាពិសេស កុំភ្លេចមើលអក្សរសិល្ប៍ពុទ្ធនិយមឱ្យបាន ៥ទៅ៧រឿងផងដែរ។
អតីតសិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០ រូបនេះ បញ្ជាក់ថា អំឡុងពេលប្រឡងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ គឺចាំបាច់ត្រូវសរសេរសេចក្ដីផ្តើម និងសេចក្ដីបញ្ចប់ឱ្យល្អ ព្រោះភាគច្រើនអ្នកកែ ផ្តោតត្រង់ចំណុចនេះ ច្រើនជាងការបកស្រាយ។ ត្រង់ចំណោទបញ្ហា ត្រូវចេះចោទសួរឱ្យបានត្រឹមត្រូវ។ លើកឧទាហរណ៍មកបញ្ជាក់យ៉ាងតិចបំផុត ៣ទៅ៤រឿង និងលើកសុភាសិត ទស្សនៈ ពាក្យស្លោក កំណាព្យ។ ប្រសិនបើអត់ច្បាស់អ្នកនិពន្ធ និងឆ្នាំ គួរកុំដាក់អី ព្រោះបើដាក់ខុស នោះគេនឹងដកពិន្ទុ។ ជាពិសេស ប្រើសំនួនអូសទាញ នៅចុងបញ្ចប់កន្លែងបកស្រាយផង។
ក្នុងការប្រឡងមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងរូបវិទ្យា កញ្ញា ឃុន ដាលីណា ប្រាប់ថា មកដល់ពេលនេះ យើងគ្រាន់តែរំឭករូបមន្ត និងវិធីដោះស្រាយរបស់លំហាត់មួយចំនួនដែលយើងភ្លេច។ ពេលប្រឡង ត្រូវអានប្រធានឱ្យបានយ៉ាងតិច ២ដង ហើយគណនាលេខមួយៗកុំឱ្យខុស ត្រូវចេះឧស្សាហ៍ផ្ទៀងផ្ទាត់។ មួយវិញទៀត ដើម្បីទទួលបាននិទ្ទេស A រូបវិទ្យា ត្រូវទន្ទេញសំណួរផង ព្រោះបើអត់ចេះសំណួរស្មើនឹងយើងបាត់អស់១០ពិន្ទុហើយ។
និយាយពីការត្រៀមខ្លួនប្រឡងវិញ ជាបទពិសោធន៍របស់ កញ្ញា ឃុន ដាលីណា សម្រាប់មួយយប់មុនថ្ងៃប្រឡងមកដល់ បេក្ខជនគួរកុំសម្រុករៀនខ្លាំងពេក ដោយសម្រាកខ្លះ រៀនខ្លះ កុំឱ្យឈឺ ព្រោះប្អូនៗខំរៀនរយៈពេល ១ឆ្នាំពេញហើយ។ សិស្សប្អូនដែលគេងម្នាក់ឯង កុំភ្លេចដាក់ម៉ោងរោទិ៍ ឬរកអ្នកណាឱ្យជួយដាស់ផង និងកុំភ្លេចសម្ភារៈប្រឡង និងកាតប្រឡង។ ពេលភ័យ ត្រូវបិទភ្នែកហើយដកដង្ហើមឱ្យវែងៗ ប្រាប់ខ្លួនឯងកុំឱ្យភ័យ ហើយសម្រួលអារម្មណ៍។

កំឡុងពេលប្រឡង ជាពិសេសមុខវិជ្ជាវិទ្យាសាស្ត្រទាំង៤មុខ កញ្ញា ឃុន ដាលីណា លើកទឹកចិត្តឱ្យបេក្ខជនផ្ទៀងផ្ទាត់ប្រធាន និងចម្លើយម្ដងទៀតពេលធ្វើរួចរាល់។ កុំអាងខ្លួនឯងធ្វើលឿនហើយ សុខចិត្តអង្គុយលេងអត់ផ្ទៀងផ្ទាត់ ព្រោះថា «ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច»។
កញ្ញា ឃុន ដាលីណា ផ្តាំផ្ញើថា នៅពេលចេញពីប្រឡងថ្ងៃទីមួយ បេក្ខជនហាមដាច់ខាតផ្ទៀងផ្ទាត់ចម្លើយ ទោះបីដឹងខ្លួនថាខុស ក៏កុំទាន់អស់សង្ឃឹម ព្រោះថា គណិតវិទ្យាកំពុងតែរង់ចាំយើងនៅថ្ងៃទីពីរ។ កញ្ញា ដាលីណា សង្ឃឹមថាប្អូនៗជាបេក្ខជននឹងអាចយកបាន ១២៥ ពិន្ទុពេញពីមុខវិជ្ជាមួយនេះ។
កញ្ញា ឃុន ដាលីណា ក៏បានលើកទឹកចិត្តប្អូនៗជាបេក្ខជនកុំរៀនភ្លេចបាយភ្លេចទឹក ប្រយ័ត្នឈឺមុនប្រឡង ពោលគឺត្រូវចេះមើលថែសុខភាពខ្លួនឯងឱ្យបានល្អ ពេលយប់គេងឱ្យបាន៨ម៉ោង ហើយបរិភោគអាហារណាដែលល្អៗ និងមិនប៉ះពាល់ដល់សុខភាពក្រពះរបស់យើង។ កញ្ញា ដាលីណា ក៏ជូនពរឱ្យថ្ងៃ១០-១១សីហា ខាងមុខនេះ ប្អូនៗបេក្ខជនបាក់ឌុបប្រឡងទទួលបានជោគជ័យទាំងអស់គ្នា និងទទួលបាននិទ្ទេសដែលខ្លួនបានប៉ង ព្រោះនិទ្ទេស A និងកាតលឿង កំពុងតែរង់ចាំប្អូនៗទាំងអស់គ្នា៕













































































