យុវសិស្ស អេង សុជាតិ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ខេត្តព្រៃវែង ត្បិតរស់នៅក្នុងគ្រួសារមានជីវភាពក្រីក្រលំបាក ឪពុកម្ដាយជាកសិករ ប៉ុន្តែរូបគេនៅតែតស៊ូ ខិតខំរៀនសូត្ររហូតទទួលបាននិទ្ទេស A ដូចក្ដីប្រាថ្នា។ នេះមិនត្រឹមតែជាមោទនភាពសម្រាប់រូបគេផ្ទាល់ទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់គ្រួសារ និងសាលារៀនផងដែរ។
សុជាតិ ប្រាប់ AMS ថា រូបគេពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង ដែលការខិតខំប្រឹងប្រែងរៀនសូត្ររយៈពេល ១២ឆ្នាំរបស់ខ្លួន ទីបំផុតទទួលបាននិទ្ទេស A ដូចក្ដីប្រាថ្នា។ សុជាតិ បន្តថា នៅពេលប្រឡងសាកល្បង រូបគេក៏ជាប់និទ្ទេស A ដែរ ដូចនេះ ទើបរូបគេកាន់តែមានក្ដីសង្ឃឹម មានទឹកចិត្តកាន់តែខិតខំប្រឹងប្រឡងយកនិទ្ទេស A ក្នុងការប្រឡងផ្លូវការឱ្យបាន។
ចំពោះបទពិសោធន៍ដើម្បីទទួលបាននិទ្ទេស A យុវសិស្ស អេង សុជាតិ បញ្ជាក់ថា រូបគេបានដាក់គោលដៅរៀនតាំងពីដើមឆ្នាំ ដោយមិនខ្ជិលច្រអូសឡើយ និងត្រូវប្ដេជ្ញាចិត្តយកនិទ្ទេស A ជូនខ្លួនឯង គ្រួសារ សាលារៀន និងធ្វើឱ្យលោកគ្រូ អ្នកគ្រូសប្បាយចិត្ត។ សុជាតិ បន្តថា ក្នុងម៉ោងសិក្សា រូបគេតែងតែយកចិត្តទុកដាក់ស្ដាប់លោកគ្រូ អ្នកគ្រូពន្យល់ មិនធ្វេសប្រហែស ទៅរៀនទៀងទាត់ ខិតខំស្វ័យសិក្សា រំលឹកមេរៀន ធ្វើលំហាត់ជាប្រចាំ និងស្រាវជ្រាវបន្ថែម។ លើសពីនេះ រយៈពេល ៣ខែមុនប្រឡងបាក់ឌុប សុជាតិ ក៏បានធ្វើវិញ្ញាសាឆ្នាំចាស់ៗឱ្យអស់ ស្រាវជ្រាវលំហាត់ និងវិញ្ញាសាថ្មីៗដែលអាចនឹងចេញនៅពេលប្រឡងផងដែរ។

បើទោះជាគ្រួសារជួបការលំបាក យុវសិស្ស អេង សុជាតិ លើកឡើងថា កត្តាដែលធ្វើឱ្យរូបគេខិតខំរៀនសូត្រ គឺដោយសារមានការលើកទឹកចិត្តពីឪពុកម្ដាយ ដែលខិតខំប្រឹងប្រែងរកថវិកាមកផ្គត់ផ្គង់ដល់ការសិក្សារបស់ខ្លួន។ ដូច្នេះ រូបគេមានតែខិតខំរៀន និងប្រឡងយកនិទ្ទេស A ឱ្យបាន ដើម្បីខ្លួនឯង គ្រួសារ និងសាលារៀន។
សម្រាប់ការជ្រើសរើសជំនាញសិក្សាបន្ត សុជាតិ នឹងជ្រើសរើសរៀនមុខជំនាញផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ហើយនៅថ្ងៃអនាគតរូបគេចង់ក្លាយជាគ្រូបង្រៀនគណិតវិទ្យា។
គួរជម្រាបជូនថា ឆ្នាំនេះ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ខេត្តព្រៃវែង មានសិស្សទទួលបាននិទ្ទេស A ចំនួន ៦នាក់ ស្រី៤នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦៕













































































