ការឈានជើងចូលក្នុងជីវិតជានិស្សិតសាកលវិទ្យាល័យ មិនមែនត្រឹមតែជាការផ្លាស់ប្តូរទីកន្លែងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាការសាកល្បងដ៏ធំមួយលើសមត្ថភាពគ្រប់គ្រងពេលវេលា និងការរៀបចំទុកដាក់ជីវិតផ្ទាល់ខ្លួន។ និស្សិតពូកែៗជាច្រើនជារឿយៗត្រូវប្រឈមមុខនឹងការអត់ងងុយ ភាពតានតឹង និងការភ័យស្លន់ស្លោដោយសារតែ «ភាពគ្មានសណ្តាប់ធ្នាប់»។
ថ្ងៃនេះ យើងនឹងមកស្វែងយល់ពីរបៀបរៀបចំប្រព័ន្ធជីវិតឱ្យមានរបៀបរៀបរយ ដើម្បីកាត់បន្ថយសម្ពាធផ្លូវចិត្ត និងជួយឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាព តាមរយៈចំណុចគន្លឹះចំនួន ៥ និងទម្លាប់ប្រចាំសប្តាហ៍។
១. ប្រតិទិន (Calendar)
ប្រតិទិនគឺជាឧបករណ៍សំខាន់បំផុតក្នុងការរំដោះខួរក្បាលរបស់អ្នកពីការចងចាំដ៏ស្មុគស្មាញ។ អ្នកអាចប្រើប្រាស់កម្មវិធីឌីជីថលដូចជា Google Calendar ឬសៀវភៅកត់ត្រាណែនាំ (Planner)។ អ្វីដែលអ្នកត្រូវដាក់ចូលក្នុងប្រតិទិនរួមមាន ៖
-ម៉ោងសិក្សាប្រចាំថ្ងៃ (គួរកំណត់ឱ្យវាលោតរំលឹកជារៀងរាល់សប្តាហ៍)
-កាលបរិច្ឆេទប្រឡង និងថ្ងៃប្រគល់កិច្ចការ (Syllabus due dates)
-ម៉ោងហាត់ប្រាណ និងការណាត់ជួបផ្សេងៗ

២. បញ្ជីកិច្ចការត្រូវធ្វើ (To-Do List)
ប្រតិទិនសម្រាប់កត់ត្រា «ព្រឹត្តិការណ៍ដែលមានម៉ោងច្បាស់លាស់» ចំណែកឯ To-Do List គឺសម្រាប់ «កិច្ចការដែលត្រូវបំពេញ»។ អ្នកអាចប្រើប្រាស់កម្មវិធី Todoist ឬប្រព័ន្ធ Bullet Journal ដើម្បីកត់ត្រារាល់កិច្ចការផ្ទះ ការសម្អាតបន្ទប់ ឬគម្រោងផ្សេងៗ។
៣. ការកត់ត្រាមេរៀន (Notes)
ដើម្បីងាយស្រួលរកមើលឡើងវិញពេលប្រឡងឆមាស និស្សិតគួរតែងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជា Evernote ដោយបង្កើតជាថតឯកសារ (Notebook) ដាច់ដោយឡែកសម្រាប់មុខវិជ្ជានីមួយៗ។ ប្រសិនបើអ្នកចូលចិត្តសរសេរដៃ គួរតែថតរូប ឬវាយបញ្ចូលកុំព្យូទ័រឡើងវិញភ្លាមៗបន្ទាប់ពីចប់ម៉ោងសិក្សានៅថ្ងៃនោះ។
៤. ឯកសារមេរៀន និងកិច្ចការសាលា (Files & Materials)
កុំទុកឱ្យឯកសារសិក្សា កិច្ចការដែលគ្រូដាក់ឱ្យ ឬកាលវិភាគមុខវិជ្ជា (Syllabus) នៅរាយប៉ាយ។ គប្បីបង្កើតថតឯកសារនៅលើ Google Drive, Dropbox ឬ OneDrive ទៅតាមមុខវិជ្ជានីមួយៗ ដើម្បីងាយស្រួលទាញយកមកប្រើប្រាស់ទោះបីជាស្ថិតក្នុងស្ថានភាពគ្មានអ៊ីនធឺណិតក៏ដោយ (Offline mode)។
៥. កាតាបសិក្សា (Backpack)
ការភ្លេចសៀវភៅ ឬកិច្ចការនៅផ្ទះអាចធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្រ និងអារម្មណ៍ពេញមួយថ្ងៃ។ គន្លឹះងាយៗគឺ៖ «រៀបចំកាតាបតាំងពីយប់»។ អ្នកក៏អាចបង្កើតបញ្ជីផ្ទៀងផ្ទាត់ (Checklist) ក្នុងទូរស័ព្ទ ដើម្បីកុំឱ្យភ្លេចសម្ភារៈសំខាន់ៗដូចជា កុំព្យូទ័រ ឆ្នាំងសាក ឬសៀវភៅមេរៀន។

ការរៀបចំផែនការប្រចាំសប្តាហ៍
ការបង្កើតប្រព័ន្ធខាងលើគឺជារឿងងាយស្រួល ប៉ុន្តែការរក្សាវាឱ្យបានជាប់លាប់ទើបជារឿងលំបាក។ ដូច្នេះ និស្សិតគួរចំណាយពេលត្រឹមតែ ៣០ នាទី រៀងរាល់ចុងសប្តាហ៍ ដើម្បីអនុវត្តកិច្ចការពីរនេះ៖
វាយតម្លៃសប្តាហ៍ចាស់ (Review) ៖ ពិនិត្យមើលថា តើកិច្ចការអ្វីខ្លះដែលអ្នកបានធ្វើ និងអ្វីខ្លះដែលធ្វើមិនទាន់បានសម្រេច? បន្ទាប់មកស្វែងរកមូលហេតុ (ឧទាហរណ៍៖ បើអ្នករៀនមិនចូលដោយសារតែអង្គុយនៅកន្លែងដែលមានមនុស្សអ៊ូអរ គួរផ្លាស់ប្តូរទៅរៀននៅបណ្ណាល័យវិញក្នុងសប្តាហ៍ថ្មី)។
រៀបចំផែនការសប្តាហ៍ថ្មី (Plan) ៖ សម្អាតប្រព័ន្ធ To-Do List និងប្រតិទិនដោយលុបចោលកិច្ចការដែលហួសពេល ហើយដាក់កាលវិភាគថ្មី។ មើលកាលវិភាគ Syllabus របស់សាស្ត្រាចារ្យ ដើម្បីដឹងថាសប្តាហ៍ក្រោយមានកិច្ចការ ឬការប្រឡងអ្វីខ្លះ រួចកត់ត្រាវាចូលក្នុងប្រព័ន្ធរបស់អ្នកជាមុន។
ការមានសណ្តាប់ធ្នាប់ មិនមែនជាការបង្កើតភាពស្មុគស្មាញដល់ជីវិតនោះទេ ប៉ុន្តែវាជាឧបករណ៍ជួយសម្រាលបន្ទុកផ្លូវចិត្ត ដើម្បីឱ្យអ្នកមានកម្លាំងកាយចិត្តពេញលេញក្នុងការបង្កើតស្នាដៃ និងលទ្ធផលសិក្សាដ៏ល្អយ។ ចូរចាប់ផ្តើមរៀបចំវាពីថ្ងៃនេះទៅ!៕






























