សហព័ន្ធសេវាអប់រំនៅកម្ពុជា (CFE) ដោយគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាគ្រោងរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដើម្បីប្រមូលការគាំទ្រ និងធនធានសម្រាប់ជួយកុមារនៅតំបន់ព្រំដែនដែលកំពុងប្រឈមបញ្ហាក្នុងការទទួលបានការអប់រំ ដោយសារផលប៉ះពាល់ពីស្ថានភាពជម្លោះ និងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៥:៤៥ នាទីព្រឹក ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។
លោក ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងលើកកម្ពស់ឱកាសសិក្សា ផ្ដល់ការគាំទ្រផ្នែកអប់រំ និងជួយឱ្យកុមារនៅតំបន់ព្រំដែនអាចបន្តការសិក្សាបាន ទោះបីជាពួកគេកំពុងទទួលរងផលប៉ះពាល់ពីសង្គ្រាម និងវិបត្តិមនុស្សធម៌ក៏ដោយ។
លោកបានអំពាវនាវដល់សាធារណជន ស្ថាប័នរដ្ឋ ឯកជន និងអង្គការពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រកម្មវិធីមនុស្សធម៌នេះឱ្យបានផុសផុល ដើម្បីរួមចំណែកស្តារនិងពង្រឹងអនាគតការអប់រំរបស់កុមារនៅតំបន់ព្រំដែន។
លោកបានលើកឡើងថា «ការចូលរួមរបស់អ្នក មិនមែនគ្រាន់តែជាការរត់នោះទេ ប៉ុន្តែជាការចូលរួមចំណែកក្នុងការបង្កើតឱកាសសិក្សា និងជួយឱ្យកុមារព្រំដែនទទួលបានអនាគតដែលពួកគេសមនឹងទទួលបាន»។
ការរៀបចំព្រឹត្តិការណ៍នេះ ធ្វើឡើងស្របពេលដែលកុមារ និងគ្រួសារជាច្រើននៅតំបន់ព្រំដែននៅតែបន្តរងផលប៉ះពាល់ពីស្ថានការណ៍ក្រោយជម្លោះ។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតមកដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋភៀសសឹកចំនួន ២០៤៦៣នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្នុងនោះមានស្ត្រី ១០៥៨១នាក់ និងកុមារ ៦៩២៧នាក់។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ទោះបីបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែភាគីថៃពុំទាន់អនុវត្តបានពេញលេញតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួននៅតែបន្តរស់នៅក្រៅលំនៅឋាន និងប្រឈមនឹងបញ្ហាក្នុងការទទួលបានសេវាសង្គមជាមូលដ្ឋាន រួមទាំងការអប់រំផងដែរពិសេសលើកុមារ។
អ្នករៀបចំកម្មវិធីរំពឹងថា ព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» នឹងក្លាយជាវេទិកាប្រមូលផ្តុំកម្លាំងសាមគ្គីពីសាធារណជន ដើម្បីគាំទ្រកុមារងាយរងគ្រោះ និងធានាថា កុមារគ្រប់រូប ទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ នៅតែមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព៕






























